
បន្ទាប់ពីប្រទេសកម្ពុជា និងថៃមានគំនិតមិនស្របគ្នាជុំវិញកីឡាករគុនខ្មែរ ឬមួយថៃនោះមក រូបថតមួយសន្លឹកដែលបង្ហាញនាវាមុជទឹកមួយគ្រឿងនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា វាគឺជានាវាមុជទឹកដែលប្រទេសថៃទើបតែទិញមកបង្អួតខ្មែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា រូបថតភ្ជាប់នឹងការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតសន្លឹកដែលបង្ហាញនាវាមុជទឹកមួយគ្រឿង និងបានលើកឡើងថា នោះគឺជានាវាមុជទឹក ដែលប្រទេសថៃ ទើបតែទិញមក ក្រោយពីខឹងប្រទេសកម្ពុជាអំពីរឿងកីឡាគុនខ្មែរ។
ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេកប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាខ្មែរថា «តាំងពីខឹងខ្មែររឿងគុនខ្មែរមក សុទ្ធតែទិញនាវាមុជទឹក មកបង្អួត»។

ខាងក្រោមនេះ គឺជារូបភាពផ្ដាម ដែលបង្ហាញទិដ្ឋភាពនាវាមុជទឹកមួយគ្រឿង ដោយមានទង់ជាតិប្រទេសថៃភ្ជាប់ជាមួយ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង គឺត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Diplomat កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
នៅក្នុងអត្ថបទសារព័ត៌មានខាងលើនេះ បានបញ្ជាក់ថា កងទ័ពជើងទឹកកូរ៉េខាងត្បូង ទទួលបាននាវាមុជទឹក Chang Bogo-class ពីក្រុមហ៊ុនសាង់សង់នាវាក្នុងស្រុកមួយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលពុំបានបញ្ជាក់ថា នាវាមុជទឹកនេះ គឺជានាវាមុជទឹក ដែលប្រទេសថៃ ទើបតែទិញនោះឡើយ។

The Diplomat Link | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រ Bemil Chosun ចុះផ្សព្វផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅផងដែរ ដោយបានសរសេរជាភាសាកូរ៉េ ឬប្រែសម្រួលជាភាសាខ្មែរតាមរយៈកម្មវិធីបកប្រែ Google Translate ថា «ទិដ្ឋភាពនាវាមុជទឹក Chang Bogo-class ដែលត្រូវបានប្រគល់ដោយ ក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង Daewoo Shipbuilding & Marine ទៅកាន់កងទ័ពជើងទឹកកូរ៉េខាងត្បូង»។

Bemil Chosun Link | Archived Link
ទិដ្ឋភាពរូបថតនាវាមុជទឹកខាងលើ ក៏ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូងផងដែរ ដោយបានបញ្ជាក់ថា ទិដ្ឋភាពនោះ គឺជានាវាមុជទឹក Chang Bogo-class ដែលក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង Daewoo Shipbuilding & Marine បានប្រគល់ជូនកងទ័ពជើងទឹកកូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។
Ministry of National Defense Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះភ្ជាប់ជាមួយនឹងការអះអាងខាងលើ គឺមិនត្រឹមត្រូវទេ។ ការពិត រូបថតនេះ គឺជានាវាមុជទឹកមួយគ្រឿង ដែលក្រុមហ៊ុនសាងសង់នាវាកូរ៉េខាងត្បូង Daewoo Shipbuilding & Marine បានប្រគល់ជូនកងទ័ពជើងទឹកកូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។

Title:តើនេះគឺជានាវាមុជទឹកដែលប្រទេសថៃទើបទិញមែនឬ?
Fact Check By: Kakada SimResult: False
