​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ ពាក់​គ្រឿង​ឥស្សរិយយស​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី១៩​​​​ ខែ​កក្កដា​​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក បង្ហាញ​ទិដ្ឋភាព​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​លោក​ មីង​ អ៊ុង​ឡាំង​ ក្នុង​ឈុត​សម្លៀក​បំពាក់​យោធា​ ដោយ​មាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​ថា​ ចង់​ពាក់​ផ្កាយ​មួយ​រយ​ក៏​បាន​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​ពាក់​ផ្កាយ​១រយ​ក៏​បាន​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​មេដឹកនាំ​យោធា​ភូមា លោក មីន អ៊ុងឡាំង ស្ថិត​ក្នុង​លក្ខណៈ​ធ្វើ​ដំណើរ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន Myanmar Times កាល​ពី​ជាង ៣​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​រដ្ឋ​ប្រហារ​រូប​នេះ ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ដោយ​មិន​មាន​ភ្ជាប់​ជាមួយ​គ្រឿង​ឥស្សរិយយស​ដ៏​ច្រើន​នោះ​ឡើយ។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ រូបថត​មួយ​សន្លឹក​នេះ​បង្ហាញ​លោក មិន អ៊ុងឡាំង ចុះ​ពិនិត្យ​មើល​ការ​ខូច​ខាត​នៅ​តាម​បណ្ដោយ​ផ្លូវ Yangon-Mandalay កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩​កន្លង​មក។

Myanmar Times News Report | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ​រូប​ថត​​ច្បាប់​ដើម បង្ហាញ​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​​ដែល​មិន​មាន​តែ​គ្រឿង​ឥស្សរិយ​យស​​ច្រើន​នោះ​ឡើយ។

Avatar

Title:រូប​ថត​លោក​ មីង​ អ៊ុងឡាំង​ ពាក់​គ្រឿង​ឥស្សរិយយស​យ៉ាង​​ច្រើន ​ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim

Result: Altered