ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

False International

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ទាហាន​ម្នាក់​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​​អះ​អាង​ថា ជា​ទាហាន​អ៊ុយក្រែន​ដែល​ថើប​លា​កូន មុន​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​​ពី​ដើម​ខែ​មីនា​កន្លងម​ក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន​មួយ​រូប​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សញ្ញា​ទង់​ជាតិ​អ៊ុយក្រែន។ រូបថត​នេះ ត្រូវ​បាន​អះ​អាង​ក្នុង​ន័យ​ថា ទាហាន​រូប​នោះ គឺ​ជា​សមាជិក​កង​ទ័ព​អ៊ុយក្រែន​ ដែល​ថើប​លា​កូន​តូច​របស់​គាត់ មុន​ចាក​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជាង ១០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​រៀបរាប់​ថា «បើ​បុណ្យ​កុសល​ប៉ា​ហើយ​នឹង​កូន​នៅ​មាន សូម​ឱ្យ​វត្ថុ​សាក​សិទ្ធ​ទាំង​ប្រាំ​បី​ទិស នឹង​ព្រះ​ធរណី​ជួយ​តាម​ថែ​រក្សា​ពួក​យើង​ផង​ចុះ បើ​រស់​ប៉ា​និង​ត្រឡប់​មក​ជួប​កូន​ស្ងួន​មាស​ឪពុក❤️ 🇺🇦 ពួ ពួក​យើង​សូម​ជូន​ពរ សូម​អោយ​ពួកគាត់​បាន​ជួប​ជុំ​គ្រួសារ​ពួក​គាត់​វិញ​ផង»។

FACEBOOK POST | ARCHIVED LINK

រូបថត​ជាមួយ​សំណេរ​ដដែល​នេះ ក៏​ត្រូវ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ផ្សេង​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន​នូវ​រូបថត និង​សំណេរ​ដដែល​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត និង​ខ្លឹមសារ​របស់​វា​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Welcome Home Blog ដែល​បង្ហោះ​រូបថត​​នេះ​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២​កន្លង​មក។ រូបថត​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បង្ហាញ​ឱ្យ​ឃើញ​ទាហាន​រូប​នេះ​ពាក់​ឯក​សណ្ឋាន​យោធា​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ស្លាក​ទង់​ជាតិ​អាមេរិក និង​មាន​ឈ្មោះ​នៅ​ជាប់​នឹង​អាវ​ផង​ដែរ។

តាម​រយៈ​ការ​ប្រៀប​ធៀប​គ្នា យើង​ឃើញ​ថា រូបថត​ទាំង​ពីរ​នេះ គឺ​ជា​រូបថត​តែ​មួយ ប៉ុន្តែ រូបថត​ដែល​ត្រូវ​បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ បាន​កាត់​ផ្ដាច់​មួយ​ផ្នែក​ដោយ​មិន​បង្ហាញ​ស្លាក​ទង់​ជាតិ​អាមេរិក​នោះ​ឡើយ។

សំណេរ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ បាន​ឱ្យ​ដឹង​ថា ទាហាន​មួយ​រូប​នេះ គឺ​ជា​សមាជិក​កង​ទ័ព​អាមេរិក ដែល​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ទៅ​ឈរ​ជើង​នៅ​ប្រទេស​អាល្លឺម៉ង់។ ទាហាន​អាមេរិក​រូប​នេះ បាន​រត់​នៅ​ថើប​កូន​ប្រុស​តូច​របស់​គាត់ បន្ទាប់​ពី​គាត់​​ចាក​ចេញ​ពីយន្ត​ហោះ​។

FACEBOOK POST | ARCHIVED LINK

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​តំណ​ភ្ជាប់​នៃ​អត្ថបទរបស់​ខ្លួន​មាន​ចំណង​ជើង​ថា «រូបថត៖ PFC Bednarik ជួប​កូន​ប្រុស​តូច​របស់​គាត់​ជា​លើក​ដំបូង» ដែល​តំណ​ភ្ជាប់​នេះ​ត្រូវ​បាន​ចែក​រំលែក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១​កន្លង​មក ប៉ុន្តែ តំណ​ភ្ជាប់​នេះ​មិន​ដំណើរការ​ទៀត​នោះ​ឡើយ។

FACEBOOK POST | ARCHIVED LINK

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​ដោយ​ភ្ជាប់​នឹង​ហេតុការណ៍​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ទាហាន​នៅ​ក្នុង​រូបនេះ មិន​មែន​ជា​សមាជិក​នៃ​កង​ទ័ព​អ៊ុយក្រែន​នោះ​ឡើយ។ ទាហាន​នៅ​ក្នុង​រូបថត​នេះ គឺ​ជា​សមាជិក​កង​ទ័ព​អាមេរិក ដែល​បាន​រត់​ទៅ​ឱប​កូន​តូច​របស់​ខ្លួន​កាល​ពី​ជាង ១០​ឆ្នាំ​មុន ក្រោយ​វិល​ត្រឡប់​ពី​បំពេញ​បេសកកម្ម​ឈរ​ជើង​នៅ​ប្រទេស​អាល្លឺម៉ង់។

Avatar

Title:ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.