Fact-Check: រូបថត​មួយ​សន្លឹក​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​កង​ទ័ព​អាមេរិក​១៣​នៅ​អាហ្វហ្កានីស្ថាន​ទេ

International Misleading

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​មក​នេះ ក្រុម​​ប្រដាប់​អាវុធ​តាលីបង់ (Taliban) បាន​វាយ​ដណ្ដើម​កាន់​កាប់​ប្រទេស​អាហ្វហ្កនីស្ថាន​ទាំង​មូល។ ខណៈ​កង​ទ័ព​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត កំពុង​ជម្លៀស​បុគ្គលិក​របស់​ពួកគេ​ចេញ​ពី​ប្រទេស​នេះ​​នោះ ការ​វាយ​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​បណ្ដាល​ឱ្យ​បុគ្គលិក​យោធា​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់​ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។

ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក ដោយ​រៀបរាប់​ភ្ជាប់​ទៅ​នឹង​ទាហាន​អាមេរិក​ដែល​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​ជាច្រើន​រយ​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដោយ​អះ​អាង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​មឈូស​ដែល​គ្រប​ដោយ​ទង់​ជាតិ​អាមេរិក​នោះ បាន​ផ្ទុក​សព​​ទាហាន​អាមេរិក ១៣​រូប ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​អត្ត​ឃាត​មួយ​នៅ​ព្រលាន​យន្ត​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានី​ស្ថាន កាល​ពី​ថ្ងៃ​ទាំី​២៦ ខែ​សីហា​កន្លង​មក​នេះ។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​​ដល់​ទៅ​ជាង ៧០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ការ​បញ្ចេញ​មតិ​ដ៏​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «សូម​ចូលរួម​មរណ​ទុក្ខ​ជាមួយ​ពលរដ្ឋ​អាមេរិកាំង ដែល​បាន​បាត់​បង់​ជីវិត​យោធា ១៣​រូប ដោយ​គ្រាប់​បែក​អត្ត​ឃាត​កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០២១ នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​កាប៊ុល Afghanistan RIP»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ប៉ុស្តិ៍​ដដែល​នេះ​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ឈ្មោះ​ថា«ជំរំព្រះ​អាទិត្យ»​ផង​ដែរ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ជាច្រើន​បាន​ចែក​រំលែក​បន្ត និង​បញ្ចេញ​មតិ​ចម្រុះ​បែប។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​​ប្រទះ​រូបថត​ដូច​គ្នា​នេះ និង​ខ្លឹមសារ​នៃ​រូបថត​នេះ​ផង​ដែរ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហ​ទំព័រ​បណ្ណាសារ​ដ្ឋាន​ជាតិ​អាមេរិក (U.S. National Archive & DVIDS)​ ដែល​ព័ត៌មាន​នៃ​រូបថត​នេះ រៀបរាប់​ថា មឈូស​គ្រប​ដោយ​ទង់​ជាតិ​អាមេរិក​ចំនួន ១៩​ ដែល​ផ្ទុក​នូវ​សាក​សព​សមាជិក​យោធា​អាមេរិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង Dhahran ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ឆ្នាំ​១៩៩៦។

ធាតុ​នៃ​សមាជិក​យោធា​អាមេរិក ដែល​ត្រូវ​បាន​រៀបចំ​ដាក់​តាម​មឈូស ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ជើង​ហោះ​ហើរ​ទៅ​ដល់​មូលដ្ឋាន​កង​ទ័ព​អាកាស​អាមេរិក Dover ស្ថិត​នៅ​ក្នុង​រដ្ឋ​ Delaware ហើយ​រង់ចាំ​ការ​បញ្ជូន​ទៅ​រៀបចំ​ពិធី​ចង​ចាំ​មួយនៅ​​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៩៦។

រូបថត​នេះ ត្រូវ​បាន​ថត​ដោយ​មន្ត្រីនៃ​ទីភ្នាក់ងារ​ព័ត៌មាន​កង​ទ័ព​អាមេរិក ស្ថិត​នៅ​ក្រោម​ចំណុះ​​ក្រសួង​ការពារ​ជាតិ​អាមេរិក។

សមាជិក​បម្រើក​ារ​ក្នុង​ជួរ​កង​ទ័ព​អាមេរិក​ទាំង ១៩​នាក់​នោះ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​វាយ​​ប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​​ទៅ​លើ​អគារ Khobar នៅ​ជិត​ទីក្រុង Dhahran ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​១៩៩៦។

ក្រៅ​ពី​សមាជិក​ទាហាន ១៩​នាក់​ដែល​បាន​ស្លាប់ ​មនុស្ស​ប្រហែល ៥០០​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​ភេរវកម្ម​នោះ។

អគារ Dhahran គឺ​ជា​ទីស្នាក់នៅ​នៃ​បុគ្គលិក​កង​ទ័ព​អាកាស​អាមេរិក​ចំនួន ២,០០០​នាក់ ដែល​ត្រូវ​ចាត់​តាំង​ឱ្យ​​ឈរ​ជើង​នៅ​មូលដ្ឋាន​កង​ទ័ព​អាកាស King Abdulaziz ​​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

បុគ្គលិក​កង​ទ័ព​អាកាស​អាមេរិក ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ឈរ​ជើង​នៅ​ទីនោះ ដើម្បី​ត្រួត​ពិនិត្យ​មើល​តំបន់​«ហាម​ឃាត់​ការ​ហោះ​ហើរ»​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីរ៉ាក់ ក្រោយ​សង្គ្រាម​ឈូង​សមុទ្រ​ពែក្យ​ឆ្នាំ​១៩៩០-១៩៩១។

National Archive | Archived Link

ចំណែក​ឯ​ការ​វាយ​ប្រហារ​​នៅ​ព្រលាន​យន្ត​ហោះ​ទីក្រុង​កាលប៊ុល​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២១​ បាន​សម្លាប់​ទាហាន​អាមេរិកចំនួន ១៣​នាក់ ហើយ​សាក​សព​របស់​ទាហាន​អាមេរិក​ទាំង​នោះ ក៏​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​មឈូស​គ្រប​ដោយ​ទង់​ជាតិ​អាមេរិក​ដូច​គ្នា​ និង​ដឹក​ជញ្ជូន​តាម​ជើង​ហោះ​ហើរ​ពិសេស​របស់​កង​ទ័ព​អាមេរិក។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Los Angeles Times សាក​សព​នៃ​សមាជិក​កង​ទ័ព​អាមេរិក​ទាំង ១៣​នាក់​នោះ ត្រូវ​បាន​ដឹក​ជញ្ជូន​​តាម​ក្បួន​កង​ទ័ព​អាមេរិក​ ហើយ​ទៅដល់​មូលដ្ឋាន​កង​ទ័ព​អាកាស Dover កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២១។

Los Angeles Times | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដូច​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ហេតុការណ៍​នោះឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​សាក​សព​នៃ​សមាជិក​កង​ទ័ព​អាមេរិក​ចំនួន ១៣​នាក់ ដែល​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​វាយ​ប្រហារ​អត្ត​ឃាត​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​មឈូ​សព​នៃ​សមាជិក​ទាហាន​អាមេរិក​ចំនួន ១៩​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​អាមេរិក​មួយ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ឆ្នាំ​១៩៩៦៕

Avatar

Title: រូបថត​មួយ​សន្លឹក​នេះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​សម្លាប់​កង​ទ័ព​អាមេរិក​១៣​នៅ​អាហ្វហ្កានីស្ថាន​ទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.