បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​

ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

ទិដ្ឋភាពដូច​គ្នា​នៃ​​យន្តហោះ​មួយ​គ្រឿង​ ដែល​មាន​ផ្សែង​ហុច​ចេញ​ពី​កាប៊ីន​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Global News កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​។​ គេហទំព័រ​ខាង​លើ​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ថា​ នោះ​គឺជា​ទិដ្ឋភាព​ជើង​ហោះ​ហើរ​ Southwest Airlines ចេញ​ពី​ប្រទេស​គុយបា​ទៅ​កាន់​រដ្ឋ​ Florida នៃ​សហរដ្ឋអាមេរិក​ ដែល​ត្រូវ​បាន​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​ទីក្រុង​ Havana ប្រទេស​គុយ​បា​វិញ​ ក្រោយ​ពី​យន្តហោះ​របស់​ខ្លួន​បាន​បុក​សត្វស្លាប​ និង​មាន​បញ្ហា​ម៉ាស៊ីន​ ដោយ​កាប៊ីន​នៅ​ក្នុង​យន្ត​ហោះ​មាន​ពោរពេញ​ដោយ​ផ្សែង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​កាប៊ីន​យន្តហោះ​មួយ​គ្រឿង​របស់​ Southwest Airlines ដែលមាន​ផ្សែង​ចេញ​ពី​កាប៊ីន​យន្តហោះ​របស់​ខ្លួន​។​

Global News Report | Archived Link

ដូច​គ្នា​នេះ​ ​វីដេអូ​រាយការណ៍​មួយ​ពី​សារព័ត៌មាន​ The Telegraph ក៏​បាន​បង្ហាញ​ទិដ្ឋភាព​វីដេអូ​ឃ្លីប​ដូច​គ្នា​ ដែល​បាន​បញ្ជាក់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឆាប​ឆេះ​យន្ត​ហោះ​មួយ​គ្រឿង​របស់​ប្រទេស​រុស្ស៊ី​ កាល​ពីខែ​ឧសភា​ ​ឆ្នាំ​២០១៩​កន្លង​ទៅ​។​ យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​នេះ​ បាន​បង្ខំ​ចុះ​ចត​ជា​បន្ទាន់​ ហើយ​ក៏​បណ្ដាល​​ឱ្យ​មាន​ការ​ឆាបឆេះ​តែ​ម្ដង​ នៅ​អាកាសយានដ្ឋាន​ Sheremetyevo នៃ​ទីក្រុង​ Moscow​ ប្រទេស​រុស្ស៊ី​ ដែល​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត​រហូត​ដល់​ទៅ​៤១​នាក់​។​

YouTube Link | Archived Link

ករណី​ឧបទ្ទវហេតុ​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​លើ​ផ្លូវ​ហាយ​វេ​មួយ​កន្លែង​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ កាល​ពីខែ​សីហា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ក៏​បាន​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​ The New York Times ដោយ​បាន​បញ្ជាក់​ថា​ មនុស្ស​ប្រមាណ​ ១០នាក់​ បាន​បាត់​បង់​ជីវិត​ ដោយ​ក្នុង​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាយ​វេ​ ចំនួន​២​នាក់​ផង​ដែរ​។​

The New York Times Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​នៃ​ការ​ធ្លាក់​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​នៅ​លើ​ផ្លូវ​មួយ​ ក្នុង​ប្រទេស​ម៉ាឡេស៊ី។​

The New York Times Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​​វីដេអូ​ខាង​លើ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។ ផ្នែក​មួយ​​នៃ​វីដេអូ​ឃ្លីប​នេះ​ បង្ហាញ​អំពី​បញ្ហា​ម៉ាស៊ីន​របស់​​ជើង​ហោះ​ហើរ​ Southwest Airlines ដែល​កាប៊ីន​មាន​ពេញ​ដោយ​ផ្សែង​ក្រោយ​ពី​បាន​បុក​សត្វ​ស្លាប​កាល​ពី​ខែ​មីនា ​ឆ្នាំ២០២៣​កន្លង​ទៅ​ ខណៈ​ពេល​ដែល​ទិដ្ឋភាព​​ឆាប​ឆេះ​យន្ត​ហោះ​មួយ​គ្រឿង​អំឡុង​ពេល​ចុះ​ចត​ គឺ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រទេស​រុស្ស៊ី​​។​

Avatar

Title:តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

Written By: Kakada Sim

Result: Misleading