
ខណៈវីដេអូជាច្រើនដែលបង្ហាញពីប្រជាជនឥណ្ឌាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះ វីដេអូឃ្លីបដែលបង្ហាញស្ត្រីមួយក្រុម រលាស់ខ្លួន បន្ទាប់ពីទទួលការប្រោះទឹកពីបុរសស្លៀកពាក់ដូចគ្រូគង្វាលម្នាក់នោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាពិធីស្រោចទឹកមន្តដើម្បីឱ្យនារីៗឆាប់បានប្ដីនៅក្នុងប្រទេសឥណ្ឌា។ ការអះអាងនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដង មានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងទៅលើវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយមានរយៈពេលជាងកន្លះនាទីដែលបង្ហាញស្ត្រីមួយក្រុម បានរលាស់ខ្លួន និងដេកដួលទៅលើកម្រាលលើដីនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីជាងមួយសប្ដាហ៍កន្លងមកនេះ។
វីដេអូឃ្លីបនេះ ត្រូវបានគេអះអាងថា ជាពិធីស្រោចទឹកមន្តជួយឱ្យនារីៗឆាប់បានដល់គូ ដែលត្រូវបានរៀបចំធ្វើឡើងដោយបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ដូចគ្រូគង្វាលម្នាក់នៅក្នុងប្រទេសឥណ្ឌា។
វីដេអូឃ្លីបដែលមានសំណេរខាងលើ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ពិធីស្រោចទឹកមន្តឱ្យ ឆាប់បានប្ដីនៅប្រទេសឥណ្ឌា»។
វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតផងដែរ។ សូមមើលវីដេអូនេះតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបមួយ ដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើបណ្ដាញសង្គម Instagram ដែលបានបង្ហោះនៅលើគណនីមួយឈ្មោះថា «Chamatkar Church TV» កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដោយមិនបានបញ្ជាក់ថា នោះគឺជាការប្រារព្ធពិធីស្រោចទឹកមន្ត សម្រាប់នារីដែលមានបំណងចង់បានប្ដីនោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ដែលបង្ហាញទិដ្ឋភាពពិធីសាសនាមួយ ដែលធ្វើ និងរៀបចំឡើងដោយព្រះវិហារគ្រឹស្ត Chamatkar នៅក្នុងប្រទេសឥណ្ឌា។
Instagram Post | Archived Link
ដូចគ្នានេះ វីដេអូឃ្លីបមួយផ្សេងទៀត ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយ Chamatkar Church TV នៅលើបណ្ដាញគេហទំព័រវីដេអូ YouTube កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។
វីដេអូខាងលើនេះ បានបង្ហាញទិដ្ឋភាពទាំងស្រុងនៃការរៀបចំពិធីសាសនានៅក្នុងក្រុមជំនុំរបស់ខ្លួន ដោយមានការប្រោះទឹកទៅលើអ្នកចូលរួម ដែលការធ្វើបែបនេះ តំណាងឱ្យអំណាចក្នុងការបន្សុទ្ធ ផ្ដល់ការរំដោះ និងបំផ្លាញអំពើអាក្រក់។
ព្រះវិហារ Chamatkar ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ ដោយលោក Amar Deep Singh និងមានចក្ខុវិស័យរបស់ខ្លួន ដើម្បីបំភ្លឺទៅដល់តំបន់ដែលមិនទាន់ជ្រួតជ្រាបពីការផ្សព្វផ្សាយធម៌របស់ព្រះយេស៊ូ។ ព្រះវិហារសាសនាគ្រិស្ដ Chamatkar បច្ចុប្បន្ន គឺជាព្រះវិហារដ៏ធំមួយ ដែលមានទីតាំងនៅក្នុងទីក្រុង Sriganganagar នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា។

Chamatkar Church Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ វីដេអូឃ្លីប ភ្ជាប់ដោយការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបនេះ គឺជាពិធីសាសនាមួយ ដែលត្រូវបានរៀបចំឡើងដោយព្រះវិហារសាសនាគ្រិស្ដ Chamatkar ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា ដែលមិនបានពាក់ព័ន្ធទៅនឹងការស្រោចទឹកមន្តឱ្យឆាប់បានប្ដីនោះទេ។

Title:តើនេះគឺជាពិធីស្រោចទឹកមន្តឱ្យឆាប់បានប្ដីដូចការអះអាងមែនឬទេ?
Written By: Kakada SimResult: Misleading
