តើនេះជាទិដ្ឋភាពយន្តហោះមួយគ្រឿងធ្លាក់នៅម៉ាឡេស៊ីមែនឬទេ?
បន្ទាប់ពីមានយន្តហោះមួយគ្រឿង បានធ្លាក់នៅប្រទេសម៉ាឡេស៊ីកាលពីខែមុនរួចមក វីដេអូឃ្លីបមួយ បង្ហាញយន្តហោះមួយគ្រឿងមានផ្សែង និងរងភ្លើងឆាបឆេះពេលចុះចតនឹងដីនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងការអះអាងថា នោះជាទិដ្ឋភាពយន្តហោះម៉ាឡេស៊ីដែលបានធ្លាក់កន្លងទៅ។ ការអះអាងលើវីដេអូឃ្លីបនេះ ទទួលបានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនយ៉ាងផុសផុល។
ទោះជាយ៉ាងណា Fact Crescendo Cambodia ការត្រួតពិនិត្យការពិតរបស់ បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Reuben Gray» បានបង្ហោះវីដេអូឃ្លីប ដែលបង្ហាញទិដុ្ឋភាពហេតុការណ៍យន្តហោះមួយគ្រឿង បានរងភ្លើងឆាបឆេះ នៅពេលចុះចតនៅនឹងដី។ ទំព័រហ្វេសប៊ុកខាងលើនេះ បានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនដោយភ្ជាប់ថា នោះគឺជាទិដ្ឋភាពវីដេអូស្ដែងៗ នៃការធ្លាក់យន្តហោះនៅក្នុងប្រទេសម៉ាឡេស៊ី។
ការបង្ហោះដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «សំដីចុងក្រោយរបស់អ្នកបើកបរយន្តហោះនៅម៉ាឡេស៊ី»។
វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
ទិដ្ឋភាពដូចគ្នានៃយន្តហោះមួយគ្រឿង ដែលមានផ្សែងហុចចេញពីកាប៊ីន ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Global News កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។ គេហទំព័រខាងលើ បានបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា នោះគឺជាទិដ្ឋភាពជើងហោះហើរ Southwest Airlines ចេញពីប្រទេសគុយបាទៅកាន់រដ្ឋ Florida នៃសហរដ្ឋអាមេរិក ដែលត្រូវបានបង្ខំចិត្តត្រឡប់ទៅទីក្រុង Havana ប្រទេសគុយបាវិញ ក្រោយពីយន្តហោះរបស់ខ្លួនបានបុកសត្វស្លាប និងមានបញ្ហាម៉ាស៊ីន ដោយកាប៊ីននៅក្នុងយន្តហោះមានពោរពេញដោយផ្សែង។
ខាងក្រោមនេះ គឺជាទិដ្ឋភាពទាំងស្រុងនៃកាប៊ីនយន្តហោះមួយគ្រឿងរបស់ Southwest Airlines ដែលមានផ្សែងចេញពីកាប៊ីនយន្តហោះរបស់ខ្លួន។
Global News Report | Archived Link
ដូចគ្នានេះ វីដេអូរាយការណ៍មួយពីសារព័ត៌មាន The Telegraph ក៏បានបង្ហាញទិដ្ឋភាពវីដេអូឃ្លីបដូចគ្នា ដែលបានបញ្ជាក់ថា នោះគឺជាទិដ្ឋភាពនៃការឆាបឆេះយន្តហោះមួយគ្រឿងរបស់ប្រទេសរុស្ស៊ី កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ។ យន្តហោះដឹកអ្នកដំណើរមួយនេះ បានបង្ខំចុះចតជាបន្ទាន់ ហើយក៏បណ្ដាលឱ្យមានការឆាបឆេះតែម្ដង នៅអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុង Moscow ប្រទេសរុស្ស៊ី ដែលមានអ្នកស្លាប់បាត់បង់ជីវិតរហូតដល់ទៅ៤១នាក់។
ករណីឧបទ្ទវហេតុយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅលើផ្លូវហាយវេមួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ក៏បានផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន The New York Times ដោយបានបញ្ជាក់ថា មនុស្សប្រមាណ ១០នាក់ បានបាត់បង់ជីវិត ដោយក្នុងនោះមានអ្នកធ្វើដំណើរតាមផ្លូវហាយវេ ចំនួន២នាក់ផងដែរ។
The New York Times Report | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុងនៃការធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅលើផ្លូវមួយ ក្នុងប្រទេសម៉ាឡេស៊ី។
The New York Times Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូខាងលើ គឺធ្វើឱ្យមានការយល់ច្រឡំ។ ផ្នែកមួយនៃវីដេអូឃ្លីបនេះ បង្ហាញអំពីបញ្ហាម៉ាស៊ីនរបស់ជើងហោះហើរ Southwest Airlines ដែលកាប៊ីនមានពេញដោយផ្សែងក្រោយពីបានបុកសត្វស្លាបកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ខណៈពេលដែលទិដ្ឋភាពឆាបឆេះយន្តហោះមួយគ្រឿងអំឡុងពេលចុះចត គឺបានកើតឡើងតាំងពីឆ្នាំ២០១៩ នៅក្នុងប្រទេសរុស្ស៊ី។
Title:តើនេះជាទិដ្ឋភាពយន្តហោះមួយគ្រឿងធ្លាក់នៅម៉ាឡេស៊ីមែនឬទេ?
Written By: Kakada SimResult: Misleading