តើនេះក្រុមមនុស្សទាំងនេះរង់ចាំទិញទឹកអប់ Dior នៅក្នុងផ្សារទំនើបនៅកម្ពុជាមែនឬទេ?
រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញមនុស្សកកកុញនៅខាងមុខហាងទឹកអប់ ក្នុងផ្សារទំនើបមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា នេះគឺជាហេតុការណ៍នៃការកកកុញរយៈពេលជាង៥ម៉ោង នៅក្នុងផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល (Chipmong Noromall) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ៣សន្លឹក ដែលក្នុងនោះ មួយសន្លឹកបង្ហាញឱ្យឃើញមនុស្សកកកុញជាច្រើន។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងការអះអាងថា នោះគឺជាហេតុការណ៍ដែលបានកើតឡើងនៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល ក្នុងរាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់មូលហេតុថា បណ្ដាលមកពីមនុស្សជាច្រើនបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញទឹកអប់ម៉ាក Dior។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមដែលបានរៀបរាប់ថា «បទពិសោធន៍ដ៏គួរឱ្យរន្ធត់ជាលើកដំបូង ដែលបានចូលជួររយៈពេល ៥ម៉ោង នៅផ្សារទំនើបជីបម៉ុងណូរ៉ូ ដើម្បីទិញទឹកអប់ Dior នេះ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនោះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រសារព័ត៌មាន Global Times កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១កន្លងទៅ ដែលនេះមិនបានជាប់ពាក់ព័ន្ធទៅនឹងការឈរទិញទឹកអប់ Dior នោះឡើយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេរបញ្ជាក់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ផ្សារទំនើបរបស់ចិន បានកំពុងក្លាយជាផ្សារធំជាងគេនៅលើពិភពលោក»។
Global Times News Report | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ទិដ្ឋភាពដូចគ្នានេះ ក៏ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រខាងលើនេះ ពុំបានបញ្ជាក់ និងបង្ហាញថា នោះគឺជាទិដ្ឋភាពនៃហាងទឹកអប់ Dior នៅក្នុងផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះឡើយ។ ផ្ទុយទៅវិញ នោះគឺជាទិដ្ឋភាពនៃហាង Louis Vuitton នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ថរជាតិ (IFC) នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលត្រូវបានថតឡើងនៅក្នុងអំឡុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
Getty Images Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមនុស្សកកកុញនេះ គឺជាទិដ្ឋភាពនៃការតម្រង់ជួរដ៏វែងនៅខាងមុខហាង Louis Vuitton នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ថរជាតិ (IFC) នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែមករា ឆ្នាំ២០២១កន្លងទៅ។
Title: តើនេះក្រុមមនុស្សទាំងនេះរង់ចាំទិញទឹកអប់ Dior នៅក្នុងផ្សារទំនើបនៅកម្ពុជាមែនឬទេ?
Written By: Kakada SimResult: Misleading