
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែទទួលរងនូវការរិះគន់ និងការវាយប្រហារជាពាក្យសម្តីត្រូវបានធ្វើឡើង និងបង្ហោះជារឿយៗពីសំណាក់អ្នកគាំទ្រ និងអតីតប្រធានគណបក្សប្រឆាំងដ៏ធំមួយ ដែលវាបានក្លាយជាប្រធានបទដេញដោល និងជជែកវែកញែកនៅលើបណ្តាញសង្គមនានាយ៉ាងផុសផុល។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកាន់បង្ហាញរូបថតលោក ហ៊ុន សែន ដោយភា្ជប់នឹងការសរសេរថាលោក ហ៊ុន សែន គឺជាមេផ្តាច់ការនោះ ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងកាន់រូបថតលោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ រូបថតដដែលនេះ ក៏បានភ្ជាប់ជាមួយនឹងការសរសេរផងថា «ទិសដៅយើងបន្ទាប់ទៀត គឺមេផ្តាច់ការ ហ៊ុន សែន»។ រូបថតមួយសន្លឹកនេះត្រូវបានចែករំលែកតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបានសរសេររៀបរាប់នៅក្នុងសំណេរថា «បើយើងជាខ្មែរត្រូវតែក្រោកឈរឡើងកម្ចាត់មេដឹកនាំផ្ដាច់ការចោល អង្គការសហប្រជាជាតិកំពុងតែចាំជួយពួកយើងហើយ ជនក្បត់ជាតិមិនកាន់អំណាចបានទេ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានចុះផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន China Daily កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧កន្លងទៅ។ សេចក្តីរាយការណ៍នេះ បានបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដើម្បីសម្រេចដកសហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ការិយាល័យរាងពងក្រពើរបស់លោកប្រធានាធិបតីដោយផ្ទាល់។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលមានចំណងជើងរៀបរាប់ជាភាសាអង់គ្លេសថា «Trump signs executive order to withdraw US from TPP» ឬប្រែជាភាសាខ្មែរថា «លោក ត្រាំ ចុះហត្ថលេខាលើការសម្រេចដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership)»។
China Daily’s Report | Archived Link
តាមរយៈគេហទំព័រសារព័ត៌មាន The Washington Post ក៏បានផ្សព្វផ្សាយអំពីរូបថតមួយសន្លឹក ដែលមានទម្រង់ដូចគ្នានៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនផងដែរ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ។ គេហទំព័រដដែលនេះ បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាដើម្បីបញ្ជាឲ្យប្រទេសខ្លួនដកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership)។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មាន The Washington Post ដែលពុំបានបង្ហាញរូបថតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានកាន់ដោយលោក ដូណាល់ ត្រាំ នោះឡើយ។
The Washington Post’s Report | Archived Link
រូបថតដែលបានបង្ហាញអំពីទិដ្ឋភាពលោក ដូណាល់ ត្រាំ ចុះហត្ថលេខាសម្រេចចាកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះ ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Alamy ផងដែរ ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧កន្លងទៅ។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Washington DC, USA. 23rd January, 2017. United States President Donald Trump shows the Executive Order withdrawing the US from the Trans-Pacific Partnership (TPP)» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញពីបទបញ្ជាប្រតិបត្តិដក សហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)»។
Alamy Stock Photo | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺលោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាសម្រេចដកសហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) កាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។

Title:រូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់ដោយលោកប្រធានាធិបតី ត្រាំ គឺជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
