Fact-Check: តើ​រូបថត​ទាំង​នេះ​គឺ​ជា​ការ​បោះតង់​ដោយ​ជន​ជាតិ​វៀតណាម​តាម​ព្រំដែន​កម្ពុជា​មែន​ឬទេ?

False Political

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​មក វៀតណាម​បាន​បោះ​តង់ និង​ដាក់​ពង្រាយ​កង​ទ័ព​របស់​ខ្លួន​ចូល​មក​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ថា តើ​វៀតណាម​ធ្វើ​បែប​នេះ​ក្នុង​បំណង់​អ្វី។

ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ បង្ហាញ​នូវ​ការ​បោះ​តង់​របស់​ជន​ជាតិ​វៀតណាម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២១ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ជាមួយ​ការ​អះ​អាង​​​ថា រូបថត​ទាំង​ពីរ​នេះ គឺ​ទិដ្ឋភាព​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​បោះ​តង់​នៅ​តាម​​បន្ទាត់​ព្រំដែន​កម្ពុជា។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដល់​ទៅ​ជិត ១,០០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើនផង​ដែរ។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​គ្រុប​​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មានគណនី​ហ្វេសប៊ុក​រាប់​សិប​ពាន់​ជា​សមាជិក។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​បាន​រៀបរាប់​ថា «គ្រោះ​មហន្តរាយ​ជាតិ​បាន​មក​ដល់​ហើយ ខ្មែរអើយ​ៗ​ក្រោក​ឡើងៗ ពេល​នេះ​មេដឹកនាំ​យួន​បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចេញ​មក​បោះ​តង់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខេត្ត​ស្វាយរៀង។ តាម​ការ​អះ​អាង​របស់​អាជ្ញាធរ​យួន បាន​បញ្ជាក់​ថា ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​ Covid-19។ បើ​តាម​ការ​អះ​អាង​របស់​ពលរដ្ឋ​ខ្មែរ​យើង​ថា យួន​បាន​បោះតង់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ហួស​បន្ទាត់​ព្រំដែន​រាប់​រយ​គីឡូម៉ែត្រ តែ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ហ៊ាន​ក្អក​ឡើយ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបថត​ទាំង​ពីរ​សន្លឹក​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​រូបថត និង​ព័ត៌មាន​អំពី​រូបថត​ទាំង​ពីរ​សន្លឹក​នេះ។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញនៅ​ក្នុង​បណ្ណាសារ​នៃ​អង្គការ​កាក​បាទ​ក្រហម​អន្តរជាតិ (ICRC) ដែល​ផ្ដល់​ព័ត៌មាន​លម្អិត​ថា រូបថត​ទាំង​ពីរ​នេះ បង្ហាញ​ជន​ភៀស​ខ្លួន​ជា​ពលរដ្ឋ​​កម្ពុជា​ បោះ​តង់​នៅ​ឯ​ជំរុំ​​ជន​ភៀស​ខ្លួន​ណងចាន់ ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​វាយ​ប្រហារ​បស់​វៀតណាម​នៅ​ក្នុង​ឆ្នាំ​១៩៨០។

ICRC’s Archives | Archived Link

រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​រូបថតជាច្រើន​ទៀត​បង្ហាញ​ទិដ្ឋភាព​នៃ​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរុំ​ជន​ភៀស​ខ្លួន​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន បន្ទាប់​ពី​វៀតណាម​លើក​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា និង​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺស្ថិត​ក្នុង​ចំណោម​រូបថត​ជាច្រើន​ទៀត​ ដែល​ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​លោក JEAN-JACQUES KURZ ហើយ​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បណ្ណាសារ​របស់​កាក​បាទ​ក្រហម​អន្តរជាតិ។

ICRC’s Archives | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​ពីរ​សន្លឹក​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែន​ជា​ទិដ្ឋភាព​នៃ​ជន​ជាតិ​វៀតណាម​បោះ​តង់​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា​នោះ​ឡើយ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ឯ​ជំរុំ​ណងចាន់ ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ថត​ដោយ​អ្នក​ថតរូប លោក JEAN-JACQUES KURZ កាល​ពី​ឆ្នាំ​១៩៨០។

Avatar

Title:តើ​រូបថត​ទាំង​នេះ​គឺ​ជា​ការ​បោះតង់​ដោយ​ជន​ជាតិ​វៀតណាម​តាម​ព្រំដែន​កម្ពុជា​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.