Fact Check: ​រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

Altered Political

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​

ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​កាន់​បង្ហាញ​រូប​ថត​លោក​ ហ៊ុន​ សែន​ ដោយ​ភា្ជប់​នឹង​ការ​សរសេរ​ថា​លោក​ ហ៊ុន សែន​ គឺ​ជា​មេ​ផ្តាច់​ការ​នោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​មក​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ដូណាល់​ ត្រាំ​ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​​កាន់​រូប​ថត​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ លោក​ ហ៊ុន​ សែន​។​ រូប​ថត​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ផង​ថា​ «ទិស​ដៅ​យើង​បន្ទាប់​ទៀត​ គឺ​មេ​ផ្តាច់​ការ​ ហ៊ុន​ សែន​»​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយនឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដែល​បានសរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​ថា​ «បើ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​កម្ចាត់​មេដឹកនាំ​ផ្ដាច់​ការ​ចោល​ អង្គការ​​សហ​ប្រជាជាតិ​កំពុង​តែ​ចាំ​ជួយ​ពួក​យើង​ហើយ​ ជន​ក្បត់​ជាតិ​មិន​កាន់​អំណាច​បាន​ទេ​»។​​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារ​ព័ត៌​មាន​ China Daily កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៧​កន្លង​ទៅ។​ សេច​ក្តី​រាយ​ការណ៍​នេះ​ បាន​បញ្ជាក់​​ថា​លោក​ ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថ​លេខា​ដើម្បី​សម្រេច​​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ា​ស៊ី​ហ្វិក។ ការ​ចុះ​ហត្ថ​លេខា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ការិយា​ល័យ​រាង​ពង​ក្រពើ​​របស់​លោក​ប្រធានាធិបតីដោយ​ផ្ទាល់​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ដែល​មាន​ចំណង​ជើង​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Trump signs executive order to withdraw US from TPP»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «លោក​ ត្រាំ​ ចុះ​ហត្ថ​លេខា​លើ​ការ​សម្រេច​ដកខ្លួន​​ចេញ​ពី​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ា​ស៊ី​ហ្វិក (Trans-Pacific Partnership)​»​។​

China Daily’s Report | Archived Link

តាម​រយៈ​គេហទំព័រ​សារ​ព័ត៌មាន​ The Washington Post ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ដូច​គ្នា​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​របស់​ខ្លួន​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់បន្ថែម​ថា​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​សម្រេច​ចុះ​ហត្ថលេខា​ដើម្បី​បញ្ជា​ឲ្យ​ប្រទេស​ខ្លួន​ដកចេញ​ពី​​​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership)។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ The Washington Post ដែល​ពុំ​បាន​បង្ហាញ​រូប​ថត​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាន់​ដោយ​លោក​ ដូណាល់​ ត្រាំ​ នោះ​ឡើយ​។​

The Washington Post’s Report | Archived Link

រូប​ថត​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ដូណាល់​ ត្រាំ ចុះ​ហត្ថ​លេខា​សម្រេច​ចាក​ចេញ​ពី​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិកនេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Alamy ផង​ដែរ​ ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៧​កន្លង​ទៅ។​​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Washington DC, USA. 23rd January, 2017. United States President Donald Trump shows the Executive Order withdrawing the US from the Trans-Pacific Partnership (TPP)»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទីក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី​ សហរដ្ឋ​អាមេរិក​ ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៧​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បង្ហាញ​ពី​បទ​បញ្ជា​ប្រតិបត្តិ​ដក​ សហរដ្ឋ​អាមេរិក​ចេញ​ពី​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (TPP)»។​ 

Alamy Stock Photo | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​ចុះ​ហត្ថ​លេខា​សម្រេច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​ភាព​ជា​ដៃ​គូ​អន្តរ​ប៉ា​ស៊ី​ហ្វិក (Trans-Pacific Partnership) កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៧កន្លង​ទៅ​។​

Avatar

Title:រូប​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាន់​ដោយ​លោក​ប្រធានាធិបតី​ ត្រាំ​ គឺ​ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.