
ខណៈដែលរូបថតទេសភាពប្រទេសកម្ពុជា ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ រូបថតមួយសន្លឹកដែលបង្ហាញសំណង់នៅលើជម្រាលភ្នំមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកម្ពុជានាពេលថ្មីៗនេះ ជាមួយនឹងសំណេររៀបរាប់ថា វាជាទិដ្ឋភាពនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។ ការបង្ហោះខាងលើ ត្រូវបានអ្នកប្រើប្រាស់ចែកចាយ និងប្រតិកម្មចម្រុះជាច្រើនពាន់ដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា សំណេរខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា សំណង់អចលនទ្រព្យ ២៥ ខេត្តក្រុង បានបង្ហោះរូបថតមួយសន្លឹក ដែលបានបង្ហាញហាងកាហ្វេនៅលើជម្រាលភ្នំមួយកន្លែង។ រូបថតខាងលើ ត្រូវបានភ្ជាប់នឹងការអះអាងថា វាមានទីតាំងស្ថិតនៅតំបន់គិរីរម្យ ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ស្ពឺ។
ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនម៉ឺនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «គិរីរម្យ កំពង់ស្ពឺយើងហ្នឹង មិនឆ្ងាយទេ»។

រូបថតដែលភ្ជាប់នឹងការលើកឡើងបែបនេះ ក៏ទទួលបានការចែករំលែកជាច្រើនដង ខណៈដែលមានការបញ្ចេញមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផងដែរ។

រូបថតជាមួយសំណេរបែបនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារកន្លងមកនេះ។ សូមមើលរូបថត និងខ្លឹមសារសំណេរទាំងស្រុងតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះដោយទំព័រហ្វេសប៊ុកវៀតណាមមួយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
ការបង្ហោះរូបថតហាងកាហ្វេដ៏ស្រស់ស្អាតមួយនេះ ត្រូវបានទំព័រហ្វេសប៊ុកខាងលើ បញ្ជាក់ថា គឺជាហាងកាហ្វេត្រូពិចថ្មីមួយ ដែលទើបតែបង្កើតឡើងនៅតាំដាវ (Tam Dao) ខេត្តវិញភុក (Vinh Phuc) ប្រទេសវៀតណាម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលបានសរសេរបញ្ជាក់ថា ហាងកាហ្វេដ៏ស្រស់ស្អាតនេះមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំតាំដាវ (Tam Dao)។

ទិដ្ឋភាពព័ទ្ធជុំវិញដោយភ្នំនេះ បានទាក់ទាញ និងធ្វើឱ្យភ្ញៀវនានាជាច្រើន មានអារម្មណ៍ស្រស់ស្រាយក្នុងការអង្គុយ និងពិសាកាហ្វេក្នុងអាកាសធាតុដ៏ត្រជាក់មួយ។

ដូចគ្នានេះ Fact Crescendo Cambodia ក៏បានរកឃើញវីដេអូឃ្លីបដែលបង្ហាញទិដ្ឋភាពហាងកាហ្វេត្រូពិចតាំដាវ ដែលត្រូវបានថត និងបង្ហោះនៅលើ YouTube នាពេលថ្មីៗនេះផងដែរ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងរូបថតដូចដែលបានរៀបរាប់ខាងលើ គឺមិនត្រឹមត្រូវនោះទេ។ រូបថតខាងលើនេះ មិនមែនជាទិដ្ឋភាពនៅតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺនោះឡើយ។ ការពិត រូបថតនេះ គឺជា ហាងកាហ្វេត្រូពិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំតាំដាវ (Tam Dao) ខេត្តវិញភុក (Vinh Phuc) ប្រទេសវៀតណាម។

Title:ហាងកាហ្វេជម្រាលភ្នំមួយនៅវៀតណាម ត្រូវបានអះអាងថាជាហាងកាហ្វេនៅគិរីរម្យ
Written By: Kakada SimResult: False
