គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

False Political

​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​អ្នកស្រី​រាំ​កម្សាន្ត និង​និយាយ​ពាក្យ​«អរគុណ​សន្តិភាព» ជា​ឃ្លា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បង​ប្រុស​របស់​អ្នក​ស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​អ្នកស្រី​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា អ្នកស្រី​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បន្ទាប់​ពី​សប្បាយ​ហួស​កម្រិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​ដើម​សប្ដាហ៍​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា News Assembly បាន​អះ​អាង​ថា អ្នកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​បញ្ចប់​ទៅ។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ២០០​ដង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពីទំព័រហ្វេសប៊ុក News Assembly កាល​ថ្ងៃ​ទី​១៩ ខែ​មេសា ដែល​អះ​អាង​ថា «លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ក្រោយ​ពី​សប្បាយ​បុណ្យ​ចូល​ឆ្នាំ​ហួស​កម្រិត​ពេក»។

FACEBOOK POST | ARCHIVED LINK

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ​ថា News Fast បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​រហូត​ដល់​ជាង ១៥០​ដង។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀ​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​សាច់​ញាតិ​របស់​អ្នក​ស្រី ហ៊ុន ស៊ីណាត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​កិច្ច​សម្ភាស​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា លោក នឹម ច័ន្ទតារា ស្វាមី​របស់​អ្នកស្រី ហ៊ុន ស៊ីណាត និង​ជា​តំណាង​រាស្ត្រ​មួយ​រូប​ប្រចាំ​មណ្ឌល​ខេត្ត​កំពត បាន​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ ដោយ​លោក​បញ្ជាក់​ថា ភរិយា​របស់​លោក​មាន​សុខភាព​ល្អ​ធម្មតា និង​មិន​បាន​ទៅ​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ឡើយ បន្ទាប់​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នោះ។

ចំពោះ​រូបថត​ដែល​បង្ហាញ​អ្នកស្រី ហ៊ុន ស៊ីណាត សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ​នោះ លោក នីម ច័ន្ទតារា បញ្ជាក់​ថា វា​គឺ​ជា​រូបថត​ចាស់​កាល​ពី​ ២​ឆ្នាំ​មុន។

លោក នឹម ច័ន្ទតារា និយាយ​ថា​ «រូបថត​ហ្នឹង រូបចាស់​តើ! គ្រួសារ​ពូ​ ហ៊ុន ស៊ីណាត ហ្នឹង គាត់​សុខភាព​ល្អ​ជាង​ពូ​ទៅ​ទៀត។ ពូ​ទេ​ដែល​ថែ​រក្សា​មិន​បាន​ច្រើន ព្រោះ​ប្រើ​ខួរ​ក្បាល​យូរ​ឆ្នាំ​ហើយ ហើយ​មាន​ជំងឺ​ច្រើន​តាំងពី​ទឹក​នោម​ផ្អែម​ផង ប្រូស្តាត​ផង​ ដាក់​ស្ទែន​បេះដូង​ផង។ គាត់​មាន​អី គាត់​ដើរ​វឹបៗ គាត់​ហូប​បាយ ហូប​អី​ក៏​បាន អត់​មាន​តម​ដូច​ពូ។ ពូ​ត្រូវ​តម​ជាតិ​ផ្អែម។ ពូ​ត្រូវការ​ស្ងាត់​ស្ងៀម​ដើម្បី​គិត​ពិចារណា​សរសេរអី ហើយ​គាត់​ជាមួយ​គ្នា​គាត់​មីងៗ​យាយៗ​ទាំង​ហ្វូង។ គាត់​សប្បាយ​ចិត្ត​សឹង​ងាប់ មាន​តែ​អាយុ​គាត់​កើន»។

សូម​ស្ដាប់​នូវ​ការ​បក​ស្រាយ​របស់​​​​លោក នឹម ច័ន្ទតារា ស្វាមី​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ​ដែល​បាន​ផ្ដល់​កិច្ច​សម្ភាស​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២ តាមរយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ

Fact Crescendo Cambodia រក​មិន​ឃើញ​រូបថត​អ្នកស្រី ហ៊ុន ស៊ីណាត សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នា​ពេល​ថ្មីៗ​នេះ​នោះ​ឡើយ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​គាត់។

យើង​បាន​រក​ឃើញ​រូបថត​អ្នកស្រី ហ៊ុន ស៊ីណាត សម្រាក​ព្យាបាល​សុខភាព​នៅ​មន្ទីរ​ពេទ្យ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយ​ទំព័រ​ហ្វេសប៊ុក iDOL Medias កាលពី ២​ឆ្នាំ​មុន។

ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​បង្ហោះ​ទាំង​ស្រុង​របស់​សំណេរ​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ដែល​សរសេរ​រៀបរាប់​ថា អ្នកស្រី​បានចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២០។

FACEBOOK POST | ARCHIVED LINK

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អ្នកស្រី ហ៊ុន ស៊ីណាត មាន​សុខភាព​ល្អ​ធម្មតា ហើយ​មិន​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ឡើយ ក្រោយ​ពី​កម្សាន្ត​សប្បាយ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ រូបថត​ដែល​បង្ហាញ​អ្នកស្រី​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ គឺ​ជា​រូបថត​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.