តារា​កំប្លែង​អាមេរិក​ម្នាក់​ ត្រូវ​បាន​កាត់​ត​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​

Altered International

ការ​បើក​ការវាយប្រហារ និង​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នា​ពេល​នេះ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ ក្នុង​នោះ​​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​អ្នក​បើក​យន្តហោះ​ចម្បាំង​ម្នាក់​ ត្រូវ​បាន​ចែក​ចាយ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ អ្នក​បើក​យន្តហោះ​ម្នាក់​នេះ​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​ខ្មោច​នៃ​ទីក្រុង​គៀវ​ (Ghost of Kyiv) ដោយ​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​រហូត​ទៅដល់​៦​គ្រឿង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ SPK បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​អ្នក​បើក​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ លោក​គឺ​ជា​អ្នក​បើក​បរ​ ដែល​អាច​បាញ់​ទម្លាក់​យន្តហោះ​របស់​ប្រទេស​រុស្ស៊ី​​រហូត​ដល់​ទៅ ​៦​គ្រឿង​​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​។​

ការ​បង្ហោះ​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ ក៏​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​នឹង​រូប​ថត​នេះ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «គាត់​កំពុង​តែ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​សកល​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​គ្រូ​ៗ​ជំនាញ​បង្វឹក​ផ្នែក​ហោះ​ហើរ​ និង​បញ្ជា​យន្ត​ហោះ​ចម្បាំង​ជុំ​វិញ​ពិភពលោក​ ដោយ​សារ​គាត់​ម្នាក់​ឯង​សោះ​ អាច​ហោះ​ប្រយុទ្ធ​ ទម្លាក់​យន្ត​ហោះ​រុស្ស៊ី​រហូត​ដល់​ទៅ​៦​គ្រឿង​ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោង​។ យន្ត​ហោះ​គាត់​ គឺ​គាត់​បាន​សរសេរ​ឈ្មោះ​លើ​វា​ថា​ Ghost of Kyiv គឺ​គាត់​ចង់​សំដៅ​ថា​ គាត់​សុខ​ចិត្ត​ស្លាប់​ជា​ខ្មោច​ នៅ​ទីក្រុង​គៀវ​របស់​គាត់​។ Giant Hero មួយ​គ្រឿង​ស៊ី​៦​គ្រឿង​មួយ​ម៉ោង​ មិន​ធម្មតា​  រហ័ស​នាម​ស្រមោល​ខ្មោច​ក្រុង​គៀវ»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន​ Air Force Times ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។​

គេហ​ទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ព័ត៌មាន​ និង​បង្ហាញ​ទិដ្ឋភាព​រូប​ថត​របស់​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ម្នាក់​នោះ​ ដោយ​មាន​ឈ្មោះ​ថា​ សិត ណ៊ែរីង​ (Seth Nehring)។​ លោក​ សិត​ ណ៊ែរីង​ ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ គឺ​ជា​អ្នក​បើក​យន្ត​ហោះ​ប្រភេទ​ F-16 Fighting Falcon ជាមួយ​នឹង​ក្រុម​អ្នក​ប្រយុទ្ធ​ទី​១៩៤​ របស់​ឆ្មាំ​អាកាស​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Capt. Seth Nehring prepares himself for a mission in an F-16 Fighting Falcon during Operation Cooperative Cope Thunder at Eielson Air Force Base, Alaska, in this July 2004 photo. Nehring was killed this week along with a Ukrainian pilot when an Su-27 aircraft crashed during an exercise in Ukraine»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ប្រធាន​ក្រុម​លោក​ សិត​ ណ៊ែរីង​ (Seth Nehring) កំពុង​រៀប​ចំ​ខ្លួន​សម្រាប់​បេសកកម្ម​នៅ​ក្នុង​យន្តហោះ​ចម្បាំង​ F-16 Fighting Falcon អំឡុង​ពេល​ប្រតិបត្តិ​ការ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​អេលសុន​ (Eielson) ក្នុង​រដ្ឋអាឡាស្កា​​ (Alaska) ដែល​រូប​ថត​នេះ​ ត្រូវ​បាន​ថត​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០០៤​កន្លង​ទៅ​។ លោក​ ណ៊ែរីង​ បានបាត់​បង់​ជីវិត​រួម​ជាមួយ​នឹង​អ្នក​បើក​យន្តហោះ​ជន​ជាតិ​អ៊ុយក្រែន​ម្នាក់​ នៅ​ពេល​ដែល​យន្តហោះ​ចម្បាំង​ Su-27 បាន​ធ្លាក់​ ក្នុង​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នៅ​ប្រទេស​អ៊ុយក្រែន​»។​

Air Force Times Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ពិនិត្យ​ការ​ពិត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ផង​ដែរ​កាល​ពី​ថ្ងៃ​០៩​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ គេហ​ទំព័រ​នេះ​ បាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ថា​ «Internet hoaxers falsely identify US comic Sam Hyde as ‘Ghost of Kyiv’»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ អះ​អាង​មិន​ត្រឹម​ត្រូវ​ ភ្ជាប់​តារា​កំប្លែង​អាមេរិក​លោក​ ស៊ាម​ ហៃដ (Sam Hyde) ថា​ជា​ “ខ្មោច​នៃ​ទីក្រុង​គៀវ​”»។​ លោក​ ស៊ាម​ ហៃដ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​តារា​​កំប្លែង​ អ្នក​និពន្ធ​ សិល្បករ​​សម្ដែង​ និង​​ជា​​តារា​សម្ដែង​ ជនជាតិ​​អាមេរិក​មួយ​រូប​។

AFP Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។​ ការ​ពិតរូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​ដោយ​ភ្ជាប់​ទៅ​នឹង​ភិន​ភាគ​មុខ​របស់​តារា​កំប្លែង​អាមេរិក​លោក​ ស៊ាម​ ហៃដ​ (Sam Hyde) មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ចំណែក​​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​​លោក​ សិត​ ណ៊ែ​រីង​ (Seth Nehring) អំឡុង​ពេល​លោក​រៀប​ចំ​ក្នុង​បេសកកម្មនៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​អែល​សុន​ (Eielson) នៃ​រដ្ឋ​អាឡាស្កា​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០០៤​កន្លង​ទៅ​។​

Avatar

Title:តារា​កំប្លែង​អាមេរិក​ម្នាក់​ ត្រូវ​បាន​កាត់​ត​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.