
ស្របពេលដែលសកម្មជនគាំទ្របក្សប្រឆាំងមួយរូបឈ្មោះអាសង្ហា ដែលកំពុងរស់នៅកូរ៉េខាងត្បូង ត្រូវបានសមត្ថកិច្ចប្រទេសនេះចាប់ខ្លួននោះ រូបថតមួយសន្លឹកបង្ហាញអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឈរលើកមេដៃកៀកនឹងសកម្មជនរូបនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម ហើយមានការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតនេះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែកនូវរូបថតមួយសន្លឹកដែលបង្ហាញលោក សម រង្ស៊ី ពាក់អាវធំពណ៌ខៀវ ក្រវ៉ាត់កឆ្នូត និងស្ពាយកាបូបពីក្រោយខ្នង។ រូបថតដដែលនេះ ក៏បង្ហាញឱ្យឃើញលោក សម រង្ស៊ី បង្ហាញសញ្ញាមេដៃ និងឈរថតកៀកជាមួយនឹងសកម្មជនគាំទ្របក្សប្រឆាំងម្នាក់នៅកូរ៉េខាងត្បូង ដែលគេហៅថា អាសង្ហា។
រូបថតនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត បានបញ្ចេញមតិ និងប្រតិកម្មចម្រុះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេរថា «ចប់បាត់! សម រង្ស៊ី រវល់ដើរលេងស្របពេលដែលកូនធម៌ខ្លួនឈ្មោះ អាសង្ហា ស្ថិតនៅក្នុងគុកកូរ៉េ។ ជុន ចាន់បុត្រ កំពុងតាមរកមុខ រង្ស៊ី សួររឿងនេះដែរ បុន្តែ រង្ស៊ី ដឹងមុនគេចបាត់ប្ដោយ (រងចាំភាគបន្ដ)»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អាសង្ហា ដែលបានបង្ហោះកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ អ្នកប្រើប្រាស់ដដែលខាងលើ ពុំបានបង្ហាញទិដ្ឋភាពលោក សម រង្ស៊ី បានឈរលើកមេដៃនោះឡើយ ដោយផ្ទុយទៅវិញ រូបថតនោះគឺជាទិដ្ឋភាពអាសង្ហា ក្នុងឈុតអាវពណ៌ខៀវ ឈរលើកមេដៃក្បែរនឹងអតីតមេដឹកគណបក្សសង្គ្រោះជាតិលោកប្រធាន សម រង្ស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុករបស់អាសង្ហា ដែលបានសរសេររៀបរាប់ថា «មិនបាច់ចលាចលភ័យស្លន់ស្លោពេកទេ វាដល់ពេលវេលាដែលគាត់ត្រូវទៅហើយ ទោះបីគ្រាប់បរមាណូរបស់ ហ៊ុន សែន រាប់លានតោនក៏ដោយក៏ត្រូវតែទៅដែរ សូមពុកម៉ែបងប្អូនជូនរួមជាតិទាំងអស់ ទូទាំងប្រទេសទទួលស្វាគមន៍វីរៈបុរសក្នុងដួងចិត្តយើងអោយបានច្រើនរាប់លាននាក់ផងថ្ងៃទី០៩ ខែវិច្ឆិកា ២០១៩ គាត់ទៅដល់កម្ពុជាហើយ»។

សូមពិនិត្យមើលការប្រៀបធៀបរវាងរូបថតច្បាប់ដើម និងរូបថតកាត់ត ដែលត្រូវបានប្រើប្រាស់នៅក្នុងការអះអាងមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតភ្ជាប់នឹងការអះអាងដូចដែលរៀបរាប់ខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញលោក សម រង្ស៊ី ពាក់អាវធំពណ៌ខ្មៅ ហើយឈរកៀកស្មាជាមួយសកម្មជនគាំទ្របក្សប្រឆាំងម្នាក់ហៅខ្លួនឯងថា អាសង្ហា កាលពីឆ្នាំ២០១៩កន្លងមក។

Title:តើលោក សម រង្ស៊ី បានឈរលើកមេដៃក្បែរអាសង្ហាមែនដែរឬទេ?
Fact Check By: Kakada SimResult: Altered
