រូបថត​គំនរ​បាក់​បែក​នៅ​លីបង់​ត្រូវ​អះ​អាង​ថា​ជា​មហន្តរាយ​នៃ​សង្គ្រាម​​នៅ​អ៊ុយក្រែន

International Missing Context

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន វីដេអូ និង​រូបថត​នៃ​មហន្តរាយ​ដោយសារ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ស្ថិត​នៅ​ឯ​គំនរ​បាក់​បែក​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា វា​ជា​គំនរ​បាក់​បែក​នៃ​អគារ​មួយ​នៅ​ប្រទេស​អ៊ុយក្រែ​ន ក្រោយ​រង​ការ​វាយ​ប្រហារ​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​បង្ហាញ​​ក្រុម​មនុស្ស​ស្ថិត​ក្នុង​ប្រតិបត្តិការ​រុក​រក​នៅ​ឯ​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​មួយ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា អគារ​មួយ​នៅ​ក្នុង​ទីក្រុង Mariupol ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ដួល​រលំ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​ពី​គ្រាប់​បែក ដែល​បណ្ដាល​ឱ្យ​មនុស្ស​ដល់​ទៅ ២០០​នាក់​ជាប់​នៅ​ក្នុង​គំនរ​បាក​់​បែក​នោះ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។

រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​​ការ​អះ​អាង​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២។

FACEBOOK POST | ARCHIVED

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Reverse Image Search ដែល​នាំ​​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​រូបថត​នេះ​នៅ​ក្នុង​​អត្ថបទ​ព័ត៌មាន​មួយ​នៃ​សារព័ត៌មាន The National ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​មក។ ខ្លឹមសារ​នៃ​រូបថត​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​មាន​មូលដ្ឋាន​នៅ​ប្រទេស​អារ៉ាប់​រួម​មួយ​នេះ បាន​​រៀបរាប់​ថា ក្រុម​ជួយ​សង្គ្រោះ​​ព្យាយាម​គាស់​គំនរ​បាក់​បែក​ចេញ ដើម្បី​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​គំនរ​អគារ​​ដែល​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក។

សារព័ត៌មាន​ដដែល​នេះ បាន​និយាយ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​ប្រតិបត្តិការ​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​​​ជាប់​នៅ​ក្នុង​គំនរ​អគារ​បាក់​បែក​នោះ បន្ទាប់ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​លើ​អគារ​នោះ បាន​កើត​ឡើង។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ អគារ​មួយ​នៅ​ទីក្រុង​បៃរ៉ូត ប្រទេស​លីបង់ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២០ ដោយ​បាន​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ ១៩១​នាក់។

សារព័ត៌មាន The National បញ្ជាក់​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​យក​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អឺរ៉ុប ឬ European Pressphoto Agency ហៅ​កាត់​ថា EPA។

The National | Archived

រូបថត​នេះ ក៏​ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស The Telegraph ចុះ​ផ្សាយ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ ដោយ​និយាយ​ថា ក្រុម​ជួយ​សង្គ្រោះ​មក​ពី​ប្រទេស​ឈីលី បាន​ស្វែង​រក​អ្នក​ដែល​អាច​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​គំនរ​បាក់​បែក​នោះ បន្ទាប់​សត្វ​សុនក បាន​រក​ឃើញ​សញ្ញា​ជីវិត​នៅ​ក្រោម​គំនរ​បាក​់បែក​នោះ។

The Telegraph | Archived

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជាមហន្តរាយ​កើត​ឡើង​ដោយសារ​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​​ដែល​កំពុង​បន្ត​កើត​មាន​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ប្រតិបត្តិការ​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​អគារ​មួយ​នៅ​ទីក្រុង​បៃរ៉ូត ប្រទេស​លីបង់ ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

Avatar

Title:រូបថត​គំនរ​បាក់​បែក​នៅ​លីបង់​ត្រូវ​អះ​អាង​ថា​ជា​មហន្តរាយ​នៃ​សង្គ្រាម​​នៅ​អ៊ុយក្រែន

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published.