លោក ហ៊ុន​ សែន ទៅ​ជប៉ុន​ដើម្បី​ប្ដូរ​កែវ​ភ្នែក​សិប្ប​និម្មិត មិន​មែន​ទៅ​លាង​ឈាម​ដូច​ការអះអាង​ទេ

False Political

ខណៈ​ដែល​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​កូនៗ​របស់​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ដើម​សប្ដាហ៍​នេះ​នោះ ការ​អះអាង​មួយ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ថា មេ​បក្ស​កាន់​អំណាច​រូប​នេះ​នាំ​កូនៗ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​លាង​ឈាម​នៅ​ទីនោះ ដោយសារ​តែ​សុខភាព​លោក​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា សុខភាព​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​ប្រមូល​កូនៗ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​លាង​ឈាម ដោយសារ​តែ​គាត់​កំពុង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​​រហូត​ក្ដោប​ដៃ​លែង​កើត​ហើយ។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ប្រតិកម្ម​ចម្រុះ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ផង​ដែរពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា «តើ​មូល​ហេតុអ្វី​បាន​ជា ហ៊ុន សែន ប្រមូល​កូនៗ​ទៅ​ប្រទេស​ជប៉ុន​ទាំង​អស់? គឺ​ដើម្បី​ឱ្យ​កូនៗ​ប្ដូរ​ឈាម​ឱ្យ ហ៊ុន សែន ព្រោះ ហ៊ុន សែន ជំងឺ​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ហើយ សូម្បី​តែ​ដៃ​របស់​គាត់​ក៏​ក្ដោប​លែង​កើត​ហើយ។ ហ៊ុន សែន មិន​ដឹង​ថា​មាន​ជីវិត​ទៅ​ស្រុក​ខ្មែរ​វិញ​ដែរ​ឬទេ?»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដំណើរ​របស់​អតីត​នាយក​រដ្ឋ​កម្ត្រី​កម្ពុជា​រូប​នេះ​ទៅ​កាន់​ប្រទេស​ជប៉ុន ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

លោក ហ៊ុន សែន ដែល​សព្វថ្ងៃ​នេះ​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​នោះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ដើម្បី​ផលិត​កែវ​ភ្នែក​សិប្ប​និម្មិត។

អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពីថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០២៤ ដោយ​លោក​បាន​បង្ហោះ​ជាមួយ​រូបថត ៤​សន្លឹក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រថយន្ត និង​រូប​លោក​ជាមួយ​កូនៗ និង​ចៅៗ​របស់​លោក ស្ថិត​នៅ​ក្នុង​យន្តហោះ​មួយ​គ្រឿង។

ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “កំពុង​ធ្វើ​ដំណើរ​ទៅ​តូក្យូ​ប្រទេស​ជប៉ុន ដើម្បី​ផលិត​កែវ​ភ្នែក​សិប្ប​និម្មិត​ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​អស់​រយៈ​ពេល ៣៤​ឆ្នាំ​មក​ហើយ(១៩៩០-២០២៤)។ ៣៤​ឆ្នាំ​នៃ​ការ​ប្រើ​កែវ​ភ្នែក​ផលិត​នៅ​ជប៉ុន ខ្ញុំ​មិន​ដែល​ឈឺ​ក្បាល​ឬ​ឈឺ​ភ្នែក​នោះ​ឡើយ ខុស​ពី​កែវ​ភ្នែក​ដែល​ខ្ញុំ​ប្រើ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៩០ ដែល​តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ភ្នែក និង​ឈឺ​ក្បាល។ កាល​ពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ជប៉ុន​ជួយ​ផលិត​ជា​ជំនួយ​ចំនួន​៥គ្រាប់ លើក​នេះ​ភាគី​ជប៉ុន​នឹង​ជួយ​ផលិត​ចំនួន​៥​គ្រាប់​ទៀត​ដែល​អាច​ប្រើ​បាន​រយៈ​ពេល​១០​ឆ្នាំ​ទៀត គឺ​១​ឆ្នាំ​ប្រើ​មួយ​គ្រាប់។ នេះ​ជា​លទ្ធផល​នៃ​ប្រទេស​ដែល​មាន​សង្គ្រាម​ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​ដឹកនាំ​ស្វែង​រក​សន្តិភាព និង​រក្សា​សន្តិភាព។ សូម​អរគុណ​រដ្ឋាភិបាល​ជប៉ុន និង​គ្រូ​ពេទ្យ​ជប៉ុន​ដែល​ជួយ​មើល​ថែ​ទាំ​ភ្នែក​ខ្ញុំ​រយៈ​ពេល៣៤​ឆ្នាំ​កន្លង​មក”។

Facebook Post | Archived Link

រូបថត ៣​សន្លឹកនៅ​ក្នុង​រូបថត​៤​សន្លឹក​ដែល​បង្ហោះ​ជាមួយ​សារ​ខាង​លើ​នេះ បង្ហាញ​ដៃ​ទាំង​ពីរ​របស់​លោក ហ៊ុន សែន ធ្វើ​ចលនា​ផ្សេងៗ​ដូច​ជា​ចលនា​ដៃ​ពេល​ចាក​ចេញ​ពី​រថយន្ត ចលនា​ដៃ​ក្រសោប​ចៅ​ស្រី និង​ចលនា​ដៃ​ធ្វើ​ជា​សញ្ញា​អក្សរ V និង​ខាង​ឆ្វេង​កាន់​ទូរស័ព្ទ។

ពីរ​​ថ្ងៃ​បន្ទាប់​មក​ទៀត ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​បង្ហោះ​ព័ត៌មាន​និយាយ​ថា លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជាមួយ​លោក អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន-កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មករា។

រូបថត ៣​សន្លឹក​ដែល​បង្ហោះ​ជាមួយ​ព័ត៌មាន​នោះ បង្ហាញ​ដៃ​ទាំង​ពីរ​របស់​លោក ហ៊ុន សែន ធ្វើ​ចលនា​ផ្សេងៗ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ ដូចជា ម្រាម​ដៃ​ខាង​ស្ដាំ​ចង្អុល​ទៅ​កាន់​នរណា​ម្នាក់ ឬ​អ្វី​មួយ ដៃ​ខាង​ឆ្វេង​លើក​ឡើង​លើ​ស្មើ​នឹង​មុខ និង​ដៃ​ទាំង​ពីរ​កាន់​ទូរស័ព្ទ​បង្ហាញ​ទៅ​ដៃ​គូ​សន្ទនា​របស់​លោក។

ខាង​ក្រោម​នេះ គឺ​ជា​សារ​ទាំង​ស្រុង​ និង​រូបថត ៣​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤។

Facebook Post | Archived Link

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ក៏​បាន​បង្ហោះ​រូបថត​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា​រូប​នេះ​ជួប​ពិភាក្សា​ជាមួយ​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko)​កាល​ពី​ថ្ងៃ​ពុធ ដោយ​បង្ហាញ​លោក ហ៊ុន សែន ធ្វើ​ចលនា​ដៃ​របស់​លោក​ផ្សេងៗ​ដូចជា ចាប់​ដៃ​រលាក​ជា​កិច្ច​ស្វាគមន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​ដៃ​គូ​សន្ទនា។

ខាង​ក្រោម​នេះ គឺ​ជា​សារ​ទាំង​ស្រុង និង​រូបថត​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤។

Facebook Post | Archived Link

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​ព័ត៌មាន និង​រូបថត​របស់​លោក​ជួប​ពិភាក្សា​ជាមួយ​លោក អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីត​ប្រមុខ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ឬ​នៅ​ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC)។

រូបថត​ ៧​សន្លឹក​ដែល​បង្ហោះ​ភ្ជាប់​នឹង​ព័ត៌មាន​នេះ បង្ហាញ​លោក ហ៊ុន សែន ធ្វើ​សកម្មភាព​នានា​ទៅ​កាន់​ដៃ​គូ​សន្ទនា​របស់​លោក ដូចជា ចាប់​ដៃ​រលាក់​ជា​កិច្ច​ស្វាគមន៍ ដៃ​ទាំង​ពីរ​ឱប​ក្រសោប​លោក អាកាស៊ី យ៉ាស៊ូស៊ី និង​ដៃ​ឆ្វេង​កាន់​សៀវភៅ​មួយ​ក្បាល​បង្ហាញ​ទៅ​កាន់​ដៃ​គូ​សន្ទនា​ផង​ដែរ។

Facebook Post | Archived Link

​ជាពិសេស​ទៅ​ទៀត​នោះ ទំព័រ​ហ្វេសប៊ុកលោក ហ៊ុន សែន ក៏​បាន​បង្ហោះ​ព័ត៌មាន និង​រូបថត​និយាយ​ពី​ជំនួប​ពិភាក្សា​រវាង​លោក​ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក គីស៊ីដា ហ៊្វុមីអូ (Kishida Fumio)​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ជប៉ុន នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។

រូបថត​ដែល​បង្ហោះ​ភ្ជាប់​ជាមួយ​ព័ត៌មាន​នេះ បង្ហាញ​លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក គីស៊ីដា ជា​កិច្ច​ស្វាគមន៍​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក។

នៅ​ក្នុង​សំណេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា “សុខភាព ហ៊ុន សែន បន្ត​រស់​រហូត​កម្ចាត់​ចោល​ពួក​ជ្រុល​និយម​អស់​ពី​កម្ពុជា​ទើប ហ៊ុន សែន លា​ចាក​លោក​នេះ​ទៅ។ យើង​សូម​ផ្ដល់​យោបល់​ឱ្យ​ពួក​អ្នក​ការពារ​សុខភាព​ខ្លួន​ប្រសើរ​ជាង​គិត​ពី​សុខភាព ហ៊ុន សែន។ ក្រោយ​ម៉ោង ២​ល្ងាច​ថ្ងៃ​ស្អែកទី​១២ មករា ២០២៤ ខ្ញុំ​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​វិញ សូម​ពួក​ជ្រុល​និយម​កុំ​បារម្ភ​ពី​ខ្ញុំ​ធ្វើ​អី​គិត​ខ្លួន​ឯង​ទៅ​ល្អ​ជាង”។

សូម​មើល​ព័ត៌មានទាំង​ស្រុង និង​រូបថត​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៤។

Facebook Post | Archived Link

នៅ​រសៀល​ថ្ងៃ​នេះ​ លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ហើយ​វីដេអូ​មួយ​មាន​រយៈ​ពេល ២៧​វិនាទី បាន​បង្ហាញ​មេ​បក្ស​កាន់​អំណាចរូប​នេះ​ធ្វើ​ដំណើរ​ដូច​ធម្មតា​ទៅ​កាន់​រថយន្ត ក្រោយ​ពី​ចាក​ចេញ​ពី​យន្ត​ហោះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​របស់​លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៤ ដែល​វីដេអូ​នេះ​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម​របស់​លោក។

https://t.me/spmhunsen/51196

Archived Link

ទោះជាយ៉ាងណា Fact Crescendo Cambodia ពុំ​មាន​លទ្ធភាព​​ស្វែង​រក​ការ​បញ្ជាក់​តាម​លក្ខណៈ​​វេជ្ជសាស្ត្រ​​អំពី​ស្ថានភាព​សុខភាព​របស់​លោក ហ៊ុន សែន នា​ពេល​សព្វថ្ងៃ​នេះ​ទេ។

សន្និដ្ឋានFact Crescendo Cambodia

បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អតីត​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា មេ​បក្ស​កាន់​អំណាច​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ដើម្បី​ផ្លាស់​ប្ដូរ​កែវ​ភ្នែក​សិប្ប​និម្មិត មិន​មែន​ទៅ​ប្ដូរ​ឈាម​ដូច​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ទេ។

Avatar

Title:លោក ហ៊ុន​ សែន ទៅ​ជប៉ុន​ដើម្បី​ប្ដូរ​កែវ​ភ្នែក​សិប្ប​និម្មិត មិន​មែន​ទៅ​លាង​ឈាម​ដូច​ការអះអាង​ទេ

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *