រូបថត​លោក ហ៊ុន សែន និង​ភរិយា​ ត្រូវ​បាន​កាត់​ត​ឱ្យ​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​របស់​ខ្មែរ​ក្រហម

Altered Political

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក​ ហ៊ុន សែន និង​ភរិយា​របស់​លោក​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។ រូបថត​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច​ហើយ យើង​បាន​រក​ឃើញ​ថា រូបថត​នោះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ថា នារី ​ឦសាន បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​រូបថត​នោះ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខ្មៅ​នា​សម័យ​ខ្មែរ​ក្រហម ហើយ​ភរិយា​របស់​លោក​ក៏​ស្ថិត​ក្នុង​ឈុត​ខ្មៅ​នា​សម័យ​នោះ​ផង​ដែរ ព្រម​ទាំង​ស្ពាយ​កាំភ្លើង​ AK-49 មួយ​ដើម​ផង​ដែរ។

រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​សរសេរ​រៀបរាប់​ថា «ក្រុម​ខ្មែរ​ក្រហម​ប៉ែក​បូរព៌ា គឺ​ជា​ក្រុម​ដែល​យួន​បង្កើត​ឡើង​ដើម្បី​ប្រល័យ​ពូជ​សាសន៍​ខ្មែរ ឈ្លាន​ពាន​ខ្មែរ បំផ្លាញ​ខ្មែរ បំបែក​បំបាក់​ខ្មែរ និង​ស៊ីរូង​ផ្ទៃ​ក្នុង​ខ្មែរ​គ្រប់​រូបភាព​គ្រប់​ជំនាន់​រហូត​មក ឥឡូវ​ក្រុម​អាយ៉ង់​យួន​នេះ កំពុង​បណ្ដុះ​កូន​ចៅ​វា​បន្ត​ទៀត ក្នុង​មហិច្ឆតា​លេប​ត្របាក់​កម្ពុជា​អោយ​បាន​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់ៗ​នេះ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Google Reverse Image ដែល​នាំ​ឱ្យ​យើងបាន​ជួប​រូបថត​ច្បាប់​ដើម​ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​​ទាំង​ពីរ​នេះ​ផង​ដែរ។

មុន​នឹង​ស្វែង​រក​រូបថត​ច្បាប់​ដើម យើង​បាន​បំបែក​រូបថត​ខាង​លើ​នេះ ជា​ពីរ​ផ្នែក ដែល​មួយ​ផ្នែក​មាន​តែ​រូបថត​លោក ហ៊ុន សែន ហើយ​មួយ​ផ្នែក​ទៀត​មាន​តែ​រូបថត​ភរិយា​របស់​លោក ដើម្បី​ស្វែង​រក​តាម Google Reverse Image។

​ជា​លទ្ធផល រូបថត​លោក​ ហ៊ុន សែន ស្ថិត​ក្នុង​ឈុត​ខ្មៅ​ ​បង់​ក​ក្រមា និង​ដៃ​កាន់​បារី​មួយ​ដើម​នោះ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​វេបសាយ Panos Pictures ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នូវ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «The Lost Executioner»។

The Lost Executioner | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​សៀវភៅ «The Lost Executioner» របស់​អ្នក​ថត​រូបថត​ និង​ជា​អ្នក​និពន្ធ​ជន​ជាតិ​អៀរឡង់ កាល​ពី​ឆ្នាំ​២០០៥។

ចំណែក​ឯ​រូបថត​ដែល​បង្ហាញ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​ ហ៊ុន សែន ស្ថិត​ក្នុង​ឈុត​ខ្មៅ​ស្ពាយ​កាំភ្លើង​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Getty Images ដែល​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​អំពី​រូបថត​មួយ​សន្លឹក​នេះ​ផង​ដែរ។

ព័ត៌មាន​រូបថត​នេះ រៀបរាប់​ថា នារី​ស្ពាយ​កាំភ្លើង AK-49 ស្ថិត​ក្នុង​ឈុត​ទាហាន​របស់​ខ្មែរ​ក្រហម ត្រូវ​បាន​ខ្មែរ​ក្រហម​ហៅ​ថា «មិត្ត​នារី»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ថត​នៅ​ក្នុង​ព្រៃ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​។ រូបថត​នេះ ថត​ដោយ​លោក Alex Bowie កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​១៩៨១។

GettyImages | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ Getty Images។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ត។ រូបថត​ច្បាប់​ដើម មិន​បាន​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ខ្មៅ​នា​សម័យ​ខ្មែរ​ក្រហម​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញបុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​​ទាហាន​ខ្មែរ​ក្រហម​ និង​ទាហាន​ខ្មែរ​ក្រហម​ជា​ស្ត្រី​កាន់​កាំភ្លើង AK-49 មួយ​ដើម​កាល​ពី​ឆ្នាំ​១៩៨៥។

Avatar

Title:រូបថត​លោក ហ៊ុន សែន និង​ភរិយា​ ត្រូវ​បាន​កាត់​ត​ឱ្យ​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​របស់​ខ្មែរ​ក្រហម

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *