Fact-Check: តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

False Political

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ បន្ទាប់​ពី​លោក​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​សប្ដាហ៍ ដោយសារ​តែ​ការ​រឹត​បន្តឹង​វិធានការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឯ​ក្រៅ​ប្រទេស។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ News Fast បាន​​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ជិត ១​នាទី​ផង​ដែរ។

វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត​គ្នា ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ចុច​«ចូល​ចិត្ត»​ផង​ដែរ។ ជាង​នេះ​ទៀត អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខ្លះ ក៏​បាន​បញ្ចេញ​មតិ​ថា «R.I.P.» ជា​អក្សរ​កាត់​នៃ​ពាក្យ​អង់គ្លេស «Rest in Peace» ឬ​មាន​ន័យ​ថា «សូម​ទៅ​កាន់​សុខ​គតិ​ភព» ដែល​ជា​ពាក្យ​សម្រាប់​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​នរណា​ម្នាក់។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ចម្លង​​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ News Fast ដែល​សរសេរ​រៀបរាប់​ថា «ក្ដៅៗ !!! លោក ហ៊ុន សែន កំពុងតែឈឺធ្ងន់ ចូលបន្ទប់សង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីពេទ្យសិង្ហបូរីព្យាបាល»។

Facebook Post | Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ News Assembly នៅ​វេលា​តែ​មួយ​ និង​ថ្ងៃ​ទី​០៥ ខែ​សីហា​កន្លង​មក​ផង​ដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​វីដេអូ និង​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​វីដេអូ​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ និង​បច្ចុប្បន្នភាព​នៃ​ការ​បង្ហាញ​ខ្លួន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

នៅ​ពេល​ពិនិត្យ​មើល​លើ​វីដេអូ​នេះ យើង​បាន​រក​ឃើញ​ថា វា​ជាប់​មក​ជាមួយ​នូវ​ឈ្មោះ​ oukrithysak ដែល​ជា​គណនី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម TikTok។

នៅ​លើ​បណ្ដាញ​សង្កម TikTok យើង​ក៏​បាន​រក​ឃើញ​គណនី​ឈ្មោះ oukrithysak ផង​ដែរ ដែល​បាន​បង្ហោះ​វីដេអូ​ខាង​លើ និង​វីដេអូ​មួយ​ទៀត។ ក្នុង​គណនី​បណ្ដាញ​សង្គម TikTok របស់​ខ្លួន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ៤៧​វិនាទី កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ជាមួយ​សំណេរ​ថា «ជូន​ពរ​លោក​ពុក​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ»។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ចម្លង​ពី​គណនី​ TikTok ឈ្មោះ oukrithysak ឬ​អាច​មើល​វីដេអូ​ទាំងស្រុង​តាម​តំណ​ភ្ជាប់​មាន​នៅ​ខាង​ក្រោម​នេះ។

TikTok | Archived Link

តើ​បុរស​អង្គុយ​លើ​រទេះ​រុញ​នោះ​ជា​នរណា?

យើង​បាន​ស្វែង​រក​​ព័ត៌មាន​បន្ថែម​តាម​រយៈ​ការ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ស្វែង​រក​ឈ្មោះ Ouk Rithysak ហើយ​យើង​បាន​ជួប​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ouk Rithysak នេះ​ផង​ដែរ។ ក្នុង​ប៉ុស្តិ៍​មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ Ouk Rithysak បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​សំណេរ​ថា «ពុក​ម៉ែ​មក​លេង​ល្មម»។

Facebook Post | Archived Link

តាម​រយៈ​​ប៉ុស្តិ៍​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​០១ ខែ​សីហា​កន្លង​មក យើង​បាន​រក​ឃើញ​ថា បុរស​ដែល​ជា​ឪពុក​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Ouk Rithysak គឺ​លោក អ៊ុក ប៊ុនឈឿន ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ចន្លោះ​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩៣។

Facebook Post | Archived Link

លោក អ៊ុក ប៊ុនឈឿន សព្វ​ថ្ងៃ​នេះ គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​ប្រទេស​កម្ពុជា។

លោក អ៊ុក រិទ្ធីស័ក្តិ ជា​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កែប និង​ជា​កូន​ប្រុស​របស់​លោក អ៊ុក ប៊ុនឈឿន បាន​បញ្ជាក់​ថា បុរស​ក្នុង​វីដេអូ​​នោះ គឺ​ជា​ឪពុក​របស់​លោក ហើយ​លោក​ច្រាន​ចោល​នូវ​ការ​អះ​អាង​ណា​ភ្ជាប់​វីដេអូ​នោះ​ទៅ​នឹង​រឿង​រ៉ាវ​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក អ៊ុក រិទ្ធីស័ក្តិ ដែល​អះ​អាង​ថា​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម TikTok នោះ បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១។

តើ​​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ស្ថានភាព​សុខភាព​ដូចម្ដេច?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​របស់​លោក​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​កម្មវិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់​ពី ៦​ឆ្នាំ ទៅ ១២​ឆ្នាំ ហើយ​លោក​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ថ្លែង​សារ​ជា​សាធារណៈ និង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន។

វីដេអូ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក បង្ហាញ​លោក ហ៊ុន សែន ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ធម្មតា ដែល​អនុញ្ញាត​ឱ្យ​លោក​អង្គុយ​ថ្លែង​សារជាច្រើន​ម៉ោង។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ថា លោក​នឹង​ទៅ​វាយ​កីឡា​កូន​ហ្គោល​ផង​ដែរ​នៅ​ថ្ងៃ​សៅរ៍ ដោយ​ថា លោក​ខក​ខាន​លេង​កីឡា​មួយ​នេះ​អស់​រយៈ​ពេល​យ៉ាង​តិច ៣​ខែ​មក​ហើយ ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា។

Facebook Post | Archived Link

ស្ថានភាព​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​អះ​អាង​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ហើយ​​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត Fact Crescendo Cambodia ក៏​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ទាំង​នោះ​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​របស់​​លោក ហ៊ុន សែន ហើយ​មាន​ការ​អះ​អាង​ថា លោកត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។ ប៉ុន្តែ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Fact Crescendo Cambodia

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ មិន​មែន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ។ បុរស​នៅ​ក្នុង​វីដេអូ​នេះ គឺ​ជា​លោក អ៊ុក ប៊ុនឈឿន សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​កម្ពុជា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​សុខភាព​នៅ​ឯ​ក្រៅ​ប្រទេស​នៅ​ដើម​ខែ​កញ្ញា​នេះ។

Avatar

Title:តើ​វីដេអូ​ឃ្លីប​នេះ​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.