តើ​លោក ហ៊ុន សែន និង​ភរិយា រាំ​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​អ្វី​ពិត​ប្រាកដ?

Altered Political

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នោះ វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​ ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្តតាម​ចង្វាក់​ភ្លេងនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ វីដេអូ​នេះ បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា លោក ហ៊ុន សែន និង​ភរិយា រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ»។ វីដេអូនេះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ​ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​​មាន​រយៈ​ពេល​ប្រហែល ៣​នាទី ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក រាំ​កម្សាន្ត​ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។​ វីដេអូ​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត រាំ​លេង​កម្សាន្ត​តាម​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «យួន​ចូល​ស្រុក​ហើយ» ជា​ទំនុក​ចម្រៀង​ដែល​ប្រឆាំង​នឹង​ប្រទេស​វៀតណាម។

វីដេអូ​នេះ ត្រូវ​បានអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជាវីដេអូ​ដែល​បង្ហាញ​លោក ហ៊ុន សែន និង​ភរិយា រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត រាំ​លេង​កម្សាន្ត​នៅ​លើ​វេទិកា​មួយ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​ដែល​បង្ហាញ​លោក​ ហ៊ុន សែន និង​ភរិយា រាំ​កម្សាន្ត​នេះ ត្រូវ​បាន​រក​ឃើញ​​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ វីដេអូ​ដូច​គ្នា​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅលើ​​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ «កម្ពុជា​បច្ចុប្បន្ន»​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​សីហា​នេះ ជាមួយ​សំណេរ​រៀបរាប់​ថា «រាំ​សារ៉ាវ៉ាន់​ចូល​ឆ្នាំ​ខ្មែរ»។

Facebook Post | Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ​ថា «យើង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា» កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ជាមួយ​សំណេរ​រៀបរាប់​ថា «មិន​ងាយ​ឃើញ​ទេ​លោក​ពុក​អ្នក​ម្តាយ​យើង​រាំ​បទសារ៉ាវ៉ាន់។ ស៊ែរ​ជូន​កូន​ខ្មែរ​យើង​ឱ្យ​បាន​ឃើញ​ផង»។

វីដេអូ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត រាំ​លេង​កម្សាន្ត​ជាមួយ​ចង្វាក់​សារ៉ាវ៉ាន់​នៃ​បទ​ចម្រៀង​ច្រៀង​ផ្ទាល់​មាន​ចំណង​ជើង​ថា «ស្វាយ​មួយ​មែក»។

យើង​បាន​រក​ឃើញ​វីដេអូ​មួយ​នេះ​នៅ​លើ​បណ្ដាញ​​កម្សាន្ត​របស់​ទូរទស្សន៍ CNC TV ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ YouTube កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦​កន្លង​មក។

សំណេរ​របស់​បណ្ដាញ​ទូរទស្សន៍ CNC TV នៅ​លើ​បណ្ដាញ YouTube បាន​ឱ្យ​ដឹង​ថា វីដេអូ​នេះ គឺ​ជា​សកម្មភាព​រាំ​លេង​កម្សាន្ត​របស់​លោក ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ចង្វាក់​ភ្លេង​ដែល​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​រាំ​លេង​កម្សាន្ត​នា​ពេល​នោះ គឺ​ជា​ចង្វាក់​សារ៉ាវ៉ាន់​ ហើយ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា «ស្វាយ​មួយ​មែក» ពោល​មិន​មែន​ជា​«យួន​ចូល​ស្រុក​ហើយ»​នោះទេ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ត។ វីដេអូ​ច្បាប់​ដើម មិន​មែន​បង្ហាញ​ឱ្យ​ឃើញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក ​រាំ​លេង​កម្សាន្ត​ជាមួយ​ចម្រៀង ​«យួន​ចូល​ស្រុកហើយ​»​នោះ​ឡើយ។ វីដេអូ​ពិត​ប្រាកដ គឺ​ជា​សកម្មភាព​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​រាំ​លេង​កម្សាន្ត​ជាមួយ​ចង្វាក់​សារ៉ាវ៉ាន់ក្នុង​បទ​ម្រៀង «ស្វាយ​មួយ​មែក»​​ច្រៀង​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​អង្គរ​សង្ក្រាន​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦​កន្លង​មក។

Avatar

Title:តើ​លោក ហ៊ុន សែន និង​ភរិយា រាំ​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​អ្វី​ពិត​ប្រាកដ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.