ព័ត៌មានមិនត្រឹមត្រូវភ្ជាប់វីដេអូកូនសិស្សច្រៀងកម្សាន្ត​ទៅនឹងករណី​ភ្លើងឆេះឡានក្រុងនៅថៃ

By :  Jay Udom
Update: 2024-10-03 14:26 GMT

បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ដឹក​កូន​សិស្ស​សាលា​ថៃ​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ស្រាប់​តែ​មាន​វីដេអូ​ឃ្លីប​មួយ ដែល​បង្ហាញ​កូន​សិស្ស​ច្រៀង​លេង​នៅ​លើ​រថយន្ត​ក្រុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ​វា​ទិដ្ឋភាព​នៅ​មុន​ពេល​កើត​ហេតុការណ៍​ដ៏​រន្ធត់​នោះ។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។


ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​​ជាង ១​នាទី​ដែល​បង្ហាញ​កុមារី​តូចៗ​ជា​សិស្ស​សាលា​ថៃ​ច្រៀង​លេង​នៅ​ក្នុង​ឡាន​ក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ដោយ​គេ​អះអាង​ថា វា​ជា​វីដេអូ​សិស្សា​ថៃ​នៅ​មុន​ពេល​ត្រូវ​ភ្លើង​ឆាប​ឆេះ។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បាន​បញ្ចេញ​​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ជាច្រើន​ ដោយ​ជឿ​ថា វីដេអូ​នេះ​ពិត​ជា​ក្មេងៗ​សិស្សសាលា​ថៃ​ដែល​រង​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​រថយន្ត​ក្រុង​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២៤។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នាពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ក្រុង​ដឹក​សិស្ស​តូចៗ​នៅ​ទីក្រុង​បាងកក។

Full View

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ចាប់​តាំង​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ទិដ្ឋភាព​សិស្ស​សាលា​មត្តេយ្យ​ថៃ​មុន​មាន​ព្រឹត្តិការណ៍​ភ្លើង​ឆេះ​រថយន្ត!”។

Full View

Facebook Post | Archived Link

ខាង​​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

Full View

Facebook Post | Archived Link


Full View

Facebook Post | Archived Link


ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការរក​មើល​ប្រភព​ដើម​នៃ​វីដេអូ​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរ​ការ​ផ្ទៀង​ផ្ទាត់​នេះ យើង​ពិនិត្យ​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​នេះ ត្រូវ​បាន​យក​ចេញ​ពី​គណនី​បណ្ដាញ​សង្គម TikTok មួយ​ឈ្មោះ Lukmhe2540 ដែល​ជា​គណនី​របស់​អ្នកនាង Jirawan Mesan ដែល​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​មួយ​រូប​នៅសាលា​រៀន​មួយ​នៅ​ខេត្ត​ណាខនស៊ីធម្មរ៉ាត់ ​ប្រទេស​ថៃ។

​អ្នក​គ្រូ Jirawan Mesan បាន​បង្ហោះ​វីដេអូ​នេះ​ជាមួយ​សំណេរ​បញ្ជាក់​ថា ឃ្លីប​វីដេអូ​នេះគឺ​ជា​កូន​សិស្ស​មក​ពី​ខេត្ត​ណាខនស៊ីធម្មរ៉ាត់ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ថ្ងៃ​មក​ហើយ ហើយ​អ្នក​គ្រូ​បាន​ស្នើ​ទៅ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ពិនិត្យ​វិនិច្ឆ័យ​សិន​មុន​នឹង​បញ្ចេញ​មតិ​ភ្ជាប់​វីដេអូ​នេះ​ទៅ​នឹង​ហេតុការណ៍​ដ៏​រន្ធត់​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។

បើ​តាម​សេចក្ដី​រាយការណ៍របស់​សារព័ត៌មាន​ថៃ បាន​ឱ្យ​ដឹង​ថា កូន​សិស្ស​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ភ្លើង​ឆេះ​រថយន្ត​ក្រុង​នោះ ភាគច្រើន​ជា​សិស្ស​ថ្នាក់​បឋម ដោយ​មាន​សិស្ស​ថ្នាក់​មត្តេយ​តែ ៦​នាក់​ប៉ុណ្ណោះ។

យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ឯក​សណ្ឋាន​កូន​សិស្ស​នៅ​ក្នុង​វីដេអូ​ឃ្លីប​កំពុង​ផ្ទុះ​នេះ មិន​ដូច​ទៅ​នឹង​ឯកសណ្ឋាន​ដែល​ស្លៀក​ពាក់​ដោយ​កូន​សិស្ស​ជាប់​ពាក់​ព័ន្ធ​ហេតុការណ៍​ដ៏​រន្ធត់​នោះ​ដែរ។



សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាន​ឱ្យ​ដឹង​ថា មនុស្ស ២៣​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ក្រុង​មួយ​នៅ​ជាយ​រាជ​ធានី​បាងកក កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ​២០២៤។

រថយន្ត​ក្រុង​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ បាន​ដឹក​មនុស្សកូន​សិស្ស និង​គ្រូ​ជាង ៤០​នាក់​មក​ពី​សាលា​បឋម​សិក្សា​មួយ​នៅ​ខេត្ត​ឧថៃថានី ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា។

Full View

 


សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​ដែល​បង្ហាញ​កូន​សិស្ស​ថៃ​ច្រៀង​លេង​នៅ​ក្នុង​រថយន្ត​ក្រុង​មួយ មិន​មែន​ជា​កូន​សិស្ស​ដែល​ជួប​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​រថយន្ត​ក្រុង​ដ៏​រន្ធត់​នៅ​ទីក្រុង​បាងកក​នៅ​ដើម​សប្ដាហ៍​នេះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ គឺ​ជា​កូន​សិស្ស​ថ្នាក់​មត្តេយ​មក​ពី​សាលា​រៀន​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​ណាខនស៊ីធម្មរ៉ាត់។វីដេអូកូនសិស្សសាលាថៃ មុនហេតុការណ៍ភ្លើងឆាបឆេះរថយន្តដឹកពួកគេ។



Claim :  វីដេអូកូនសិស្សសាលាថៃ មុនហេតុការណ៍ភ្លើងឆាបឆេះរថយន្តដឹកពួកគេ។
Claimed By :  Social Media Users
Fact Check :  MISLEADING
Tags:    

Similar News