រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

Misleading Social

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​អ៊ិនធឺណិត។ ក្នុង​ចំណោម​នោះ យើង​បាន​រក​ឃើញ​រូបថត​នេះ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​គេហទំព័រ​មួយ​ឈ្មោះ​ថា Clean Malaysia ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

បើ​តាម​គេហទំព័រ​មួយ​នេះ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​ការ​ឈូស​ឆាយ​ព្រៃឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋ​សារ៉ាវ៉ាក់ (Sarawak)​របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​កាន់​កាប់​ជា​កម្មសិទ្ធិ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​មួយ​របស់​គេហទំព័រ Clean Malaysia ជាមួយ​​រូបថត​មួយ​សន្លឹក​ដែល​គេហទំព័រ​មួយ​នេះ​បញ្ជាក់​ថា​ជា​រូបថត​យក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ NAT GEO ហើយ​ខ្លឹមសារ​រូបថត​រៀបរាប់​ថា «វិនាសកម្ម​ព្រៃឈើ​បាន​បន្សល់​ទុក​នូវ​លំហរ​ផ្ទៃ​ដី​យ៉ាង​ធំ​ធេង។ ព្រៃឈើ​នៅ​រដ្ឋ​សារ៉ាវ៉ាក់ កំពុង​បាត់​បង់​ក្នុង​អត្រា​មួយ​ដ៏​គួរ​ឱ្យ​បារម្ភ។ រូបថត៖ National Geographic Creative»។

Clean Malaysia | Archived Link

យើង​ក៏​ស្វែង​រក​រូបថត​មួយ​សន្លឹក​នេះ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន National Geographic ផង​ដែរ ហើយ​បាន​ក៏​ជួប​ប្រទះ​នឹង​រូបថត​ដូច​គ្នា​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​កាល​ពី​ដើម​ឆ្នាំ​២០១៥​កន្លង​មក។

សារព័ត៌មាន​ដដែល បាន​បញ្ជាក់​ថា រូបថត​នេះ​បង្ហាញ​ពី​ព្រៃឈើ​រង​ទឹក​ភ្លៀង ត្រូវ​បាន​គេ​ឈូស​ឆាយ​ដើម្បី​យក​ដី​ធ្វើ​ជា​ចម្ការ​ដូង​ប្រេង និង​ធ្វើ​ផ្លូវ​ឆ្លង​កាត់​រដ្ឋ​សារ៉ាវ៉ាក់ នៅ​លើ​ដែនដី​កោះ Borneo របស់​ប្រទេស​ម៉ាឡេស៊ី។

NAT GEO | Archived Link

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ព្រៃឈើ​សកល (Global Forest Watch) បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១០ រដ្ឋ​សារ៉ាវ៉ាក់​គ្រប់​ដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​ធម្មជាតិ​រហូត​ទៅ​ដល់ ៩.៥៧​លាន​ហិកតា ឬ​ស្មើ​នឹង ៩១​ភាគរយ​នៃ​ផ្ទៃ​របស់​រដ្ឋ​នេះ​ទាំង​មូល។ ប៉ុន្តែ មក​ដល់​ឆ្នាំ​២០២១​ គម្រប់​ព្រៃ​ឈើ​ធម្មជាតិ​នៅ​រដ្ឋ​មួយ​នេះ បាន​បាត់​បង់​អស់​រហូត​ដល់​ទៅ ៥៦.៧​គីឡូម៉ែត្រ​ការ៉េ​នៃ​គម្រប់​ព្រៃឈើ​ធម្មជាតិ​សរុប។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​​មិន​ត្រឹម​ត្រូវ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​វិនាសកម្ម​ព្រៃឈើ​កើត​ឡើង​នៅ​កម្ពុជានោះ​ឡើយ។ រូបថត​នេះ គឺ​ជា​វិនាសកម្ម​ព្រៃឈើ​នៅ​កាល​ពី​ជិត ១០​ឆ្នាំ​មុន នៅ​រដ្ឋ​សារ៉ាវ៉ាក់ ប្រទេស​ម៉ាឡេស៊ី។

Avatar

Title:រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *