តើ​កីឡាករ​ថៃ​មួយ​រូប​ត្រូវ​បាន​ហាម​ឃាត់​ចូល​រួម​ប្រកួត​ស៊ីហ្គេម​មួយ​ជីវិត​ឬ?

False Social

បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្ដាច់​ព័ត្រ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ដែល​បញ្ចប់​ទៅ​ដោយ​ចម្រូង​ចម្រាស់​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​ស៊ីហ្គេម​សម្រេច​ហាម​ឃាត់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​អស់​មួយ​ជីវិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ និង​បញ្ចេញ​មិត​យោបល់​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

SOCIAL MEDIAL CLAIM

ការ​អះ​អាង​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee ត្រូវ​បាន​គណៈកម្មាធិការ​កីឡា​ស៊ីហ្គេម​​ហាម​ឃាត់​ចូល​រួម​ក្នុង​ការ​ប្រកួត​អស់​មួយ​ជីវិត។

ការ​អះអាង​នេះ បាន​កើត​ឡើង​​មួយ​​ថ្ងៃ​ក្រោយ​ពី​ការ​ប្រកួត​បាល់​ទាត់​ដ៏​ចម្រូង​ចម្រាស់​រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិថៃ និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​នៅ​ក្នុង​វគ្គ​ផ្ដាច់ព័ត្រ ដែល​ក្រុម​កីឡាករ​ឥណ្ឌូណេស៊ី​យក​ឈ្នះ​ក្រុម​កីឡាករ​ថៃ​ជាមួយ​លទ្ធផល ៥ ទល់​នឹង ២។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាងកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «គណៈកម្មាធិការ SEA Games សម្រេច​បណ្ដេញ​ចេញ​ពី​គ្រប់​ការ​ប្រកួត​អស់​មួយ​ជីវិត! ពូជ​លួច​ប្លន់​ជា​ចរឹត​របស់​វា»។

Facebook Post | Archived Link

ការ​អះ​អាង​​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក និង​ការ​បញ្ចេញ​ជាច្រើន​ថែមទៀត​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដោយ​ទំព័រ EL Piset ដែល​ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៤​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​រហូត​ដល់​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

Facebook Post | Archived Link

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក The Kun Khmer ដែល​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ។

Facebook Post | Archived Link

ដើម្បី​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះ​អាង​ដដែល​នេះ ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ពី​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នូវ​ការ​អះ​អាង​ខាង​លើ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

FACT CHECK

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈការ​សម្ភាស​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ និង​​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​នានា​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ និង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​គ្រប់គ្រង​កីឡា​ថ្នាក់​តំបន់ និង​ទ្វីប​អាស៊ី ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ដែល​ថា គណៈកម្មាធិការ​ស៊ីហ្គេម​បាន​ដាក់​វិន័យ​ទៅ​លើ​កីឡាករ​ខ្សែ​ការពារ​ថៃ​នោះ Fact Crescendo Cambodia បាន​សម្ភាស​ជាមួយ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២(CAMSOC)។

ក្នុង​កិច្ចសម្ភាស​នៅ​ថ្ងៃ​ចន្ទ​នេះ លោក វ៉ាត់ ចំរើន បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​ខាង​លើ ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​«មិន​ពិត» ហើយ​លោក​បញ្ជាក់​បន្ថែម​ថា CAMSOC មិន​បាន​ដាក់​វិន័យ​ណា​មួយ​ទៅ​លើ​កីឡាករ​ខ្សែ​ការពារ​ថៃ Jonathan Khemdee នោះ​ឡើយ។

មន្ត្រី CAMSOC រូបន​េះ បញ្ជាក់​បន្ថែម​ទៀត​ថា ការ​គ្រប់​គ្រង​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​កាល​ពី​សប្ដាហ៍​មុន ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង និង​ចាត់ចែង​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី (Asian Football Confederation – AFC)។

សូម​ស្ដាប់​ប្រសាសន៍​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ដែល​បាន​បញ្ជាក់​ប្រាប់ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣។

Archived Link

យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន Reuters ករណី​សកម្មភាព​ហិង្សា​រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ត្រូវ​បាន​បញ្ជូន​ទៅ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី(Asian Football Confederation – AFC) ​សម្រាប់​ដោះ​ស្រាយ​ផ្អែក​តាម​ក្រម និង​វិន័យ​របស់​សហព័ន្ធ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​តាម​សម្ដី​របស់​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា (Football Federation of Cambodia) លោក កែវ សារ៉េត បន្ទាប់​ពី​មាន​អំពើ​ហិង្សា​បាន​កើត​ឡើង​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព័ត្រ​រវាង​ក្រុម​បាល់ទាត់​ថៃ និង​ឥណ្ឌូណេស៊ី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​ឧសភា នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

Fact Crescendo Cambodia ក៏​បាន​ស្វែង​រក​ការ​បក​ស្រាយ​ពី​សហព័ន្ធ​បាល់ទាត់​ថៃ​ផង​ដែរ ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ​រហូត​មក​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​នេះ។ Fact Crescendo Cambodia នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត ប្រសិន​បើ​សហព័ន្ធ​បាល់ទាត់​ថៃ FA Thailand ឆ្លើយ​តប​។

បើទោះជា​ពុំ​ទាន់​មាន​វិធានការ​ផ្លូវការ​ណា​មួយ​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ក្ដី សហព័ន្ធ​បាល់​ទាត់​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា បានសម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​រឿង​ហេតុ​ដែល​បាន​កើត​ឡើង និង​​បញ្ជាក់​ថា នឹង​ស៊ើប​អង្កេត​ល្អិត​ល្អន់​ទៅ​លើ​បុគ្គល​ទាំង​អស់​ដែល​ផ្ដួច​ផ្ដើម ឬ​ពាក់​ព័ន្ធ​​នឹង​ហេតុការណ៍​នោះ។

Facebook Post | Archived Link

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ PPTVHD36 កីឡាករ​ខ្សែ​ការពារ Jonathan Khemdee បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ថៃ ហើយ​ងាក​ទៅ​ផ្ដោត​លើ​អាជីព​បាល់ទាត់​នៅ​ក្លឹប​វិញ។

PPTVHD36 | Archived Link

CONCLUSION

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ព័ត៌មាន​ក្លែង​ក្លាយ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ (CAMSOC) មិន​បាន​ដាក់​ពិន័យ​ណា​មួយ​ទៅ​លើ​កីឡាករ​ថៃ Jonathan Khemdee នោះ​ឡើយ។ ចំណែក​ឯ​ស្ថាប័ន​គ្រប់​គ្រង​កីឡា​បាល់​ទាត់​ថ្នាក់​តំបន់ និង​ទ្វីប​អាស៊ី ពុំ​ទាន់​សម្រេច​នូវ​វិន័យ​ណា​មួយ​ទៅ​លើ​កីឡាករ​ណា​ម្នាក់​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​នៅ​ឡើយ​ដែរ។

Avatar

Title:តើ​កីឡាករ​ថៃ​មួយ​រូប​ត្រូវ​បាន​ហាម​ឃាត់​ចូល​រួម​ប្រកួត​ស៊ីហ្គេម​មួយ​ជីវិត​ឬ?

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *