តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

False International

ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កង​ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទឹក​ដី​ពី​ការ​កាន់​កាប់​ដោយកង​ទ័ព​រុស្ស៊ី​មក​វិញ​នោះ វីដេអូ​ឃ្លីប​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទិដ្ឋភាព​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ ក្រោយ​កង​ទ័ព​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ហ៊ោ​កញ្ចៀវ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហោរ​អបអរ​សាទរ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ជាច្រើន ដែល​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ី។

វីដេអូ​មួយ​នេះ កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ទទួល​បាន​ការ​ចូល​ទស្សនា ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា «ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ហ៊ោ​កញ្ជ្រៀវ ដោយ​ដណ្តើម​បាន​ទឹក​ដី​មក​វិញ»។

Facebook Post | Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​ចែក​ចាយ​ទៅ​កាន់​មិត្ត​ភក្តិ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​​នៅ​ទីនេះ

វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ធំ​ស្រែក​ហ៊ោ​កញ្ច្រៀវ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​ YouTube ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ឆាណែល​មួយ​ឈ្មោះ Heart News West Country កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​មក។

ឆាណែល​ YouTube មួយ​នេះ បាន​​សរសេរ​ថា ក្រុម​អ្នក​គាំ​ទ្រ​បាល់​កីឡា​បាល់​ទាត់​ ទស្សនាការ​ប្រកួត​បាល់​ទាត់​នៅ​លើ​អេក្រង់​ធំ នៅ​ឯ​កីឡដ្ឋាន Ashton Gate ហើយ​ស្រែក​ហ៊ោ​កញ្ច្រៀវ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Daniel Sturridge ទាត់​បាល់​បញ្ចូល​ទី​នៅ​ចុង​តង់ ដែលនាំ​ឱ្យ​ក្រុម​អង់គ្លេស​ឈ្នះ​ក្រុម Wales នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Euro កាល​ពី​ឆ្នាំ​២០១៦។

YouTube | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ទិដ្ឋភាព​មួយ​ផ្នែក​ទៀត​នៃ​ក្រុម​អ្នក​គាំ​ទ្រ​បាល់​ទាត់ ដែល​បាន​ស្រែក​ហ៊ោ​កញ្ច្រៀវ​នៅ​ឯ​កីឡដ្ឋាន Ashton Gate បន្ទាប់​ពី​ក្រុម​អង់គ្លេស​ប្រកួត​ឈ្នះ​ក្រុម Wales ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត។

វីដេអូ​ក្រុម​អ្នក​គាំ​ទ្រ​អង់គ្លេស​ស្រែក​ហ៊ោ​កញ្ច្រៀវ​នៅ​ក្នុង​បារ​​នៅ​ក្នុង​កីឡដ្ឋាន Ashton Date នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

ទូរទស្សន៍​អាមេរិក CBS ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​នូវ​ទិដ្ឋភាព​ហ៊ោ​កញ្ច្រៀវ​នៃ​ក្រុម​អ្នក​គាំ​ទ្រ​បាល់​ទាត់​ បន្ទាប់​ពី​ពួកគេ​បាន​ទស្សនា​ការ​ប្រកួត​រវាង​ក្រុម​អង់គ្លេស និង​ក្រុម​វែលស៍ (Wales) នៅ​លើ​អេក្រង់​ធំ។

CBS | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​មួយ​នេះ មិន​មែន​ជាក្រុម​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​សាទរ ក្រោយ​ទាហាន​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី​នោះ​ឡើយ។ ផ្នែក​អេក្រង់​ធំ​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​កាត់​ត។ វីដេអូ​ដើម គឺ​​ក្រុម​អ្នក​គាំ​ទ្រ​បាល់​ទាត់​អង់គ្លេស​ស្រែក​ហ៊ោ​កញ្ច្រៀវ​នៅ​ឯ​កីឡដ្ឋាន Ashton Gate ក្រោយ​អង់គ្លេស​ឈ្នះ​ក្រុម​វែលស៍​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2016។

Avatar

Title:តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *