
ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ បានបញ្ចប់ទៅហើយ ហើយលទ្ធផលបណ្ដោះអាសន្ន ក៏ត្រូវបានប្រកាសឱ្យដឹងផងដែរ។ ប៉ុន្តែ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា គណបក្សភ្លើងទៀនបានទទួលសន្លឹកឆ្នោតគាំទ្រដល់ទៅជាង ៤.៣៤លានសំឡេង ឬស្មើនឹង ៥៦ភាគរយ ដែលមានន័យថា គណបក្សប្រឆាំងមួយនេះឈ្នះការបោះឆ្នោតថ្នាក់ក្រោមជាតិមួយនេះ។ ទោះជាយ៉ាងណា បន្ទាប់ពីត្រួតពិនិត្យលើលទ្ធផលបណ្ដោះអាសន្នចេញដោយគ.ជ.ប. យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម និយាយថា គណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតគាំទ្រពីប្រជាពលរដ្ឋរហូតដល់ជាង ៤.៣៤លានសំឡេង ឬដល់ទៅ ៥៦ភាគរយនៃចំនួនពលរដ្ឋចេញទៅបោះឆ្នោតសរុប។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តរហូតដល់ ១៥២ដង ហើយមានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរទៅនឹងការអះអាងនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៧ ខែមិថុនា ដែលរៀបរាប់ថា «[…]ចុះសន្លឹកឆ្នោតបក្សភ្លើងទៀនមានចំនួន ៥៦%=៤,៣៤៧,៦០០សំឡេងនៅឯណា? សូមឯកឧត្ដមគណៈកម្មាធិការ គ.ជ.ប. លោក ប្រាជ្ញ ច័ន្ទ មេត្តាជួយយកសន្លឹកឆ្នោត ៥៦%នៃសំឡេងមេឃុំ ចៅសង្កាត់ បានចំនួន ៩០៤នាក់ យកមកសងប្រជាពលរដ្ឋផងទាន!»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយដោយស្ថាប័នរៀបចំការបោះឆ្នោត សម្រង់លទ្ធផលបឋមដែលធ្វើឡើងដោយគណបក្សកាន់អំណាច និងកិច្ចសម្ភាសជាមួយមន្ត្រីពាក់ព័ន្ធ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Fact Crescendo Cambodia បានរកឃើញរបាយការណ៍លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ដែលត្រូវបានធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា ១ថ្ងៃក្រោយការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទទួលស្គាល់របាយការណ៍នេះ បញ្ជាក់ថា របាយការណ៍នេះ ត្រូវបានធ្វើឡើងក្រៅផ្លូវការដោយមន្ត្រីគណបក្សកាន់អំណាច។
របាយការណ៍នេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសន្លឹកឆ្នោតគាំទ្រទូទាំងប្រទេសរហូតដល់ជាង ៥.៣៥លានសំឡេង ឬស្មើនឹង ៧៤.៤០ភាគរយ។
របាយការណ៍នេះ ក៏បង្ហាញឱ្យឃើញផងដែរថា គណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតគាំទ្រជិត ១.៦លានសំឡេងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ ឬស្មើនឹង ២២.២៣ភាគរយ។



អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានប្រាប់តាមតេឡេក្រាមថា របាយការណ៍នេះ គ្រាន់តែជាសម្រង់ធ្វើឡើងដោយគណបក្សកាន់អំណាច ហើយគណបក្សរបស់លោកក៏មានសម្រង់របាយការណ៍បែបនេះផងដែរ។
ប៉ុន្តែ លោក ថាច់ សេដ្ឋា មិនបានបង្ហាញរបាយការណ៍នោះឱ្យ Fact Crescendo Cambodia បានឃើញនោះឡើយ ដោយប្រាប់ថា ឱ្យរង់ចាំការប្រកាសលទ្ធផលផ្លូវការធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សម្រង់លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ខាងលើនេះ គ្រាន់តែជារបាយការណ៍ផ្ទាល់របស់គណបក្សមួយតែប៉ុណ្ណោះ ប៉ុន្តែ លទ្ធផលផ្លូវការនឹងត្រូវប្រកាសឱ្យដឹងដោយ គ.ជ.ប.នាពេលខាងមុខ។
គ.ជ.ប. គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ នៅថ្ងៃទី២៦ ខែមិថុនានេះ ឬត្រូវនឹងថ្ងៃអាទិត្យខាងមុខនេះ។
ប៉ុន្តែ គ.ជ.ប. បានប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតនេះតាំងពីល្ងាចថ្ងៃបោះឆ្នោតមកម៉្លេះ ហើយលទ្ធផលបឋមក៏ដូចជាលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនេះ ក៏ត្រូវបានដាក់បង្ហាញសាធារណជននៅលើគេហទំព័ររបស់ គ.ជ.ប.ផងដែរ។
សាធារណជនអាចចូលទៅមើលលទ្ធផលបឋម និងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នៅតាមឃុំសង្កាត់នានានៅទូទាំងប្រទេសតាមរយៈតំណភ្ជាប់នៅទីនេះ។
Fact Crescendo Cambodia បានបូកស្រង់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសង្កាត់ឆ្នាំ២០២២ដែលបង្ហាញដោយ គ.ជ.ប. ហើយរកឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្រ ៥,៣៥៥,០៣៥សំឡេង ខណៈដែលគណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតគាំទ្រ ១,៦០៤,៩៦២សំឡេង។
សូមពិនិត្យមើលសម្រង់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ដែលធ្វើឡើងដោយ Fact Crescendo Cambodia តាមរយៈតំណភ្ជាប់នៅទីនេះ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតអំពីលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សនយោបាយទាំងពីរនេះ បន្ទាប់ពី គ.ជ.ប. ប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យខាងមុខនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ លទ្ធផលបណ្ដោះអាសន្នចេញដោយ គ.ជ.ប. បង្ហាញថា គណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតគាំទ្រជាង ១.៦លានសំឡេង ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្រ ៥.៣៥លានសំឡេង នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ។

Title:គណបក្សភ្លើងទៀនទទួលបានសន្លឹកឆ្នោតជាង ១.៦លានសំឡេងប៉ុណ្ណោះក្នុងការបោះឆ្នោតឆ្នាំនេះ
Fact Check By: Jay UdomResult: False
