Fact Check: តើ​ពិត​ទេ​ដែល​នាវា​ចំណាស់​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

Misleading Social

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​ 

ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​ដែលមាន​​ទម្រង់​ជា​នាវា​ចំណាស់​លិច​មួយ​គ្រឿង​ និង​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​លិច​សំពៅ​ នៅ​ពាម​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នាវា​មួយ​ដែល​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​ នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ថា​ជា​កោះ​លិច​សំពៅ​ មាន​ទីតាំង​ស្ថិត​នៅ​ពាម​។​ 

រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បាន​សរសេរ​រៀប​រាប់​ថា​ «កោះ​លិច​សំពៅ​ 🥰 នៅ​ពាម​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅក្នុង​​គេហទំព័រ​ Alamy ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ​។ ​គេហទំព័រដដែល​នេះ បាន​បញ្ជាក់​ទីតាំងលម្អិតជា​ភាសា​អង់​គ្លេស​ថា​ «Aerial shot of the SS City of Adelaide shipwreck at the coast of Magnetic Island»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ការ​ថត​ពី​លើ​អាកាស​របស់​នាវា​លិច​អាដេឡាដ​ កោះ​ម៉ាញេទិច​»។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នាវា​អាដេឡាដ​ (Adelaide) ដែល​បាន​លិច​ និង​មាន​ដើម​ឈើ​ដុះ​ពី​លើ​ ស្ថិត​នៅ​ក្នុង​ប្រទេស​​អូស្ត្រាលី​។​ 

Alamy Stock Photo Link | Archived Link

តាម​រយៈ​គេហទំព័រ​វីដេអូ​ Youtube ​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ ក៏​បាន​បង្ហាញ​នូវ​​ទម្រង់​ដូច​គ្នា​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​កម្ពុជា​ បាន​អះ​អាង​ថា​ជា​កោះ​លិច​សំពៅ​ នៅ​ពាម​ក្នុង​ប្រទេស​កម្ពុជា​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ Youtube បាន​សរសេរ​ចំណង​ជើង​វីដេអូ​ឃ្លីប​ជា​ភាសា​អង់​គ្លេស​ថា​ «S.S. “City of Adelaide” Shipwreck – Magnetic Island – Townsville QLD» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទីក្រុង​នាវា​លិច​អាដេឡាដ​ កោះ​ម៉ាញេទិច​ ថោន​ស៍​វីល​»។​

Youtube Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Google Earth ​បាន​បង្ហាញ​ទីតាំង​របស់​នាវា​​អាដេឡាដ​ (Adelaide) ដែលត្រូវ​បាន​​លិច​ និង​មាន​ព្រៃ​ដុះ​ជុំ​វិញ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​​​អូស្ត្រាលី​។​ 

Google Earth | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ រូប​ថត​មួយ​សន្លឹក​ដែល​​បង្ហាញ​ទម្រង់​ដូច​ជា​កូន​កោះ​តូចមួយ​ ​មាន​ដើម​ឈើ​ជុំ​វិញ​នេះ​ ពុំ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ការ​ពិត​ទី​កន្លែង​នៅ​ក្នុង​រូប​ថត​នេះ​ ត្រូវ​បាន​គេស្គាល់​ជា​ភាសា​អង់​គ្លេស​ថា​ «S.S. “City of Adelaide” Shipwreck» ​ឬ​នាវា​លិច​អាដេឡាដជា​ភាសា​ខ្មែរ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។​​

Avatar

Title:តើ​ពិត​ទេ​ដែល​នាវា​ចំណាស់​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.