
ខណៈដែលការបោះឆ្នោតថ្នាក់ក្រោមជាតិកាន់តែខិតជិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំមកហើយនោះ តែងតែក្លាយជាកម្មវត្ថុនៃពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយផ្សេងៗ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះនូវសេចក្ដីរាយការណ៍មួយដែលផ្សាយថា លោក ហ៊ុន សែន ទទួលមរណភាព។ សេចក្ដីរាយការណ៍ដែលភ្ជាប់ជាមួយស្លាកសញ្ញាវិទ្យុបារាំងអន្តរជាតិ (RFI)ផងនោះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនលើក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា សេចក្ដីរាយការណ៍នោះ មិនមែនជាការពិតនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃអង្គារកន្លងមកនេះ គណនីហ្វេសប៊ុកមួយ បានបង្ហោះសេចក្ដីរាយការណ៍ព័ត៌មាន ដែលផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព។ សេចក្ដីរាយការណ៍ព័ត៌មាននោះ ក៏ភ្ជាប់មកជាមួយរូបថតលោក ហ៊ុន សែន ស្ថិតក្នុងកម្រងផ្កា និងមានបដាអក្សរសរសេរថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា» ដែលជាសំណេរមរណទុក្ខ។
សេចក្ដីរាយការណ៍ព័ត៌មាននោះ មានភ្ជាប់មកជាមួយនូវពាណិជ្ជសញ្ញារបស់វិទ្យុបារាំងអន្តរជាតិ (RFI) ហើយរាយការណ៍ដោយអ្នកសារព័ត៌មានឈ្មោះ សឿង ភារៈ។
សេចក្ដីរាយការណ៍ព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកតគ្នាជាច្រើនដង រួមទាំងមានការបញ្ចេញមតិផ្សេង និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ ដែលបង្ហោះនូវសេចក្ដីរាយការណ៍ព័ត៌មានមានចំណងជើងថា «ពត៌មានច្បាស់ផ្លូវការ លោកនាយករដ្ឋ ហ៊ុន សែន នៅមុននេះបន្តិចបានលាចាកយ៍លោកយើងនេះហើយ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងនេះតាមរយៈ Google Reverse Image និងការសម្ភាសជាមួយអ្នកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិផ្សាយសំឡេងជាភាសាខ្មែរ ដែលនាំឱ្យយើងបានដឹងការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការកម្មវិធី Google Reverse Image យើងបានរកឃើញរូបថតកម្រងផ្កានោះ នៅក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះថា «ក្រុមព្រះសុរិយា» កាលពីថ្ងៃទី២៦ ខែមករាកន្លងមកនេះ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានបង្ហោះចូលក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកដោយគណនីហ្វេសប៊ុកមួយឈ្មោះថា «យុវជន ខ្មែរ» និងរូបថតកម្រងផ្កាដែលបង្ហោះដោយទំព័រហ្វេសប៊ុក«ក្រុមព្រះសុរិយា»។

ឆ្លើយតបនឹង Fact Crescendo Cambodia នៅថ្ងៃទី០៤ ខែកុម្ភៈ អ្នកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ លោក សង់ហ្វ្រង់ស័រ តាន់ (Jean-Francoise Tain) បានប្រាប់ថា សារព័ត៌មានរបស់លោក មិនមានមាតិកាមួយនេះនៅក្នុងកម្មវិធីផ្សាយរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមករានោះឡើយ។

លោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីកំពុងកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំហើយចាប់តាំងពីឆ្នាំ១៩៨៥មក។ លោកក៏ជាប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរ។
ប្រសិនបើមេដឹកនាំកម្ពុជារូបនេះទទួលមរណភាព ដំណឹងមរណភាពគួរតែត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយផ្លូវការនានារបស់ប្រទេសកម្ពុជា ដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក)ជាដើម ប៉ុន្តែ គ្មានប្រព័ន្ធផ្សព្វផ្សាយផ្លូវការណាមួយ ផ្សាយដំណឹងនេះឡើយកាលពីសប្ដាហ៍ចុងក្រោយនៃខែមករាកន្លងមកនេះ។
ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញវត្តមានរបស់លោកជាសាធារណៈនៅក្នុងកម្មវិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយនៅម្ដុំឫស្សីកែវ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែមករា។ វត្តមានរបស់លោក ហ៊ុន សែន នៅក្នុងកម្មវិធីនោះ ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៅក្នុងប្រទេសកម្ពុជា។
នៅអំឡុងសប្ដាហ៍ទី១នៃខែកុម្ភៈនេះផងដែរ លោក ហ៊ុន សែន បានបង្ហាញវត្តមាននៅក្នុងជំនួបជាមួយគណៈប្រតិភូអន្តរជាតិ ចូលរួមជូនព្រះរាជដំណើរព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះ នរោត្ដម សីហមុនី យាងទៅកាន់ប្រទេសចិន និងដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ គឺជាព័ត៌មានក្លែងក្លាយ។ វិទ្យុបារាំងអន្តរជាតិ មិនបានចេញផ្សាយព័ត៌មានដែលនិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាពនោះឡើយ។ ចំណែកលោក ហ៊ុន សែន ផ្ទាល់ បានបង្ហាញវត្តមានជាសាធារណៈជាបន្តបន្ទាប់នៅអំឡុងសប្ដាហ៍ដំបូងនៃខែកុម្ភៈនេះ។

Title:វិទ្យុបារាំងអន្តរជាតិផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាព តើជាការពិតឬទេ?
Fact Check By: Jay UdomResult: Misleading
