តើ​លោក ហ៊ុន សែន ស្ពាយ​កាំភ្លើង​ទៅ​ចូលរួម​ពិធី​ទទួល​រង្វាន់​សន្តិភាព​នៅ​កូរ៉េ​ខាង​ត្បូង​មែន​ទេ?

False Political

កាល​ពី​សប្ដា៍​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់ (Sunhak Peace Prize) ដែល​ត្រូវ​បាន​រៀបចំ​ប្រគល់​ជូន​លោក​នៅ​ទីក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ពាក់​កាំភ្លើង​នៅ​នឹង​ខ្លួន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ជាមួយ​ការ​អះ​អាង​​ថា លោក ហ៊ុន សែន បាន​ស្ពាយ​កាំភ្លើង​ទៅ​ចូលរួម​ពិធី​ប្រគល់​ពាន​រង្វាន់​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក រួមជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ពាយ​កាំភ្លើង​ទៅ​ទទួល​ពាន់​រង្វាន់​សន្តិភាព ដែល​ត្រូវ​បាន​ប្រគល់​ជូន​លោក​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​សរសេរ​រៀបរាប់​ថា «ស្ពាយ​កាំភ្លើង​ទៅ​ទទួល​ពាន​រង្វាន់​សន្តិភាព! […]»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត និង​ពិនិត្យ​ទៅ​លើ​របៀប​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្លៀក​ពាក់​នៅ​ក្នុង​ពិធី​ទទួល​ពាន់​រង្វាន់​សន្តិភាព​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន។

រូបថត​ដែល​បង្ហាញ​លោក​ ហ៊ុន សែន ស្ពាយ​កាំភ្លើង​ខ្លី​នៅ​ជាប់​នឹង​ចង្កេះ​របស់​លោក ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ទំព័រ​ហ្វេសប៊ុក​របស់​តារា​សម្ដែង​កម្ពុជា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែល​បាន​បង្ហោះ​រូបថត​នេះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​សប្ដាហ៍​មុន។

លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ពាក់​កាំភ្លើង​នៅ​នឹង​ខ្លួន​លោក​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​ការងារ​ផលិត​ខ្សែ​ភាពយន្ត​ភាគ​រឿង​«កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌មី» ជា​ខ្សែ​ភាព​យន្ត​ភាគ​ដែល​រៀប​រាប់​ពី​ជីវ​ប្រវត្តិ​របស់​លោក​​។

ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​ការងារ​ផលិត​ខ្សែ​ភាពយន្ត​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ហ៊ុន សែន ផង​ដែរ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។

Facebook Post | Archived Link

តើ​លោក ហ៊ុន សែន ស្ពាយ​កាំភ្លើង​ទៅ​ចូលរួម​ពិធី​ទទួល​ពាន​រង្វាន់​មែន​ឬទេ?

លោក ហ៊ុន សែន ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ទទួល​ពាន​រង្វាន់​សន្តិភាព Sunhak កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​កន្លង​មក​នេះ ហើយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ពាន​រង្វាន់​នេះ​ដោយ​ផ្ទាល់​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

នៅ​ក្នុង​ពិធី​នោះ លោក ហ៊ុន សែន ស្លៀក​ពាក់​អាវ​ធំ​ និង​ទទួល​ពាន​រង្វាន់​ពី​អ្នកស្រី ហាក់ ចែហាន មូន ដែល​ជា​ស្ថាបនិក​នៃ​ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់ (Sunhak Peace Prize) នៅទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នានា​នៅ​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​កុម្ភៈ។

Hun Sen’s Facebook Page | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពាក់​កាំភ្លើង​ខ្លី​នៅ​នឹង​ខ្លួន​របស់​លោក​អំឡុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​ការងារ​ផលិត​ខ្សែ​ភាពយន្ត​ភាគ​រឿង​«កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូរណ៌មី»​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ។ នៅ​ឯ​ពិធី​ទទួល​ពាន​រង្វាន់​សន្តិភាព​ស៊ុនហាក់​នៅ​កូរ៉េ​ខាង​ត្បូង លោក ហ៊ុន សែន មិន​បាន​ពាក់​កាំភ្លើង​ខ្លី​ទៅ​ចូលរួម​ពិធី​នោះ​ឡើយ។

Avatar

Title:តើ​លោក ហ៊ុន សែន ស្ពាយ​កាំភ្លើង​ទៅ​ចូលរួម​ពិធី​ទទួល​រង្វាន់​សន្តិភាព​នៅ​កូរ៉េ​ខាង​ត្បូង​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.