វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​មរណភាព តើ​ជា​ការ​ពិត​ឬទេ?

False Political

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ តែង​តែ​ក្លាយ​ជា​កម្មវត្ថុ​នៃ​ពាក្យ​ចចាម​អារ៉ាម និង​ព័ត៌មាន​ក្លែង​ក្លាយ​ផ្សេងៗ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​នូវ​សេចក្ដី​រាយការណ៍​មួយ​ដែល​ផ្សាយ​ថា លោក ហ៊ុន សែន ទទួល​មរណភាព។ សេចក្ដី​រាយការណ៍​ដែល​ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា​វិទ្យុ​បារាំង​អន្តរជាតិ (RFI)​ផង​នោះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​លើក​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា សេចក្ដី​រាយការណ៍​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ ដែល​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព។ សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ ក៏​ភ្ជាប់​មក​ជាមួយ​រូបថត​លោក ហ៊ុន សែន ស្ថិត​ក្នុង​កម្រង​ផ្កា និង​មាន​បដា​អក្សរ​សរសេរ​ថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា» ដែល​ជា​សំណេរ​មរណទុក្ខ។

សេចក្ដី​រាយការណ៍​ព័ត៌មាន​នោះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​ពាណិជ្ជ​សញ្ញា​របស់​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ហើយ​រាយការណ៍​ដោយ​អ្នក​សារព័ត៌មាន​ឈ្មោះ សឿង ភារៈ។

សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ផ្សេង និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ ដែលបង្ហោះ​នូវ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មាន​ចំណង​ជើង​ថា «ពត៌មាន​ច្បាស់​ផ្លូវការ លោក​នាយក​រដ្ឋ ហ៊ុន សែន នៅ​មុន​នេះ​បន្តិច​បាន​លា​ចាកយ៍​លោក​យើង​នេះ​ហើយ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ Google Reverse Image និង​ការ​សម្ភាស​ជាមួយ​អ្នក​គ្រប់​គ្រង​វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​សំឡេង​ជា​ភាសា​ខ្មែរ ដែល​នាំ​ឱ្យ​យើង​បាន​ដឹង​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈការ​ដំណើរការ​កម្មវិធី Google Reverse Image យើង​បាន​រក​ឃើញ​​រូបថត​កម្រង​ផ្កា​នោះ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា «ក្រុម​ព្រះ​សុរិយា» កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​កន្លង​មក​នេះ។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ដែល​មាន​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា «យុវជន ខ្មែរ» និង​រូបថត​កម្រង​ផ្កា​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​«ក្រុម​ព្រះ​សុរិយា»។

ឆ្លើយ​តប​នឹង Fact Crescendo Cambodia នៅថ្ងៃ​ទី០៤ ខែ​កុម្ភៈ អ្នក​គ្រប់​គ្រង​វិទ្យុ​បារាំង​អន្តរជាតិ លោក សង់ហ្វ្រង់ស័រ តាន់ (Jean-Francoise Tain) បាន​ប្រាប់ថា សារព័ត៌មាន​របស់​លោក មិន​មាន​មាតិកា​មួយ​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​នោះ​ឡើយ។

RFI Archive | Archived Link

លោក ហ៊ុន សែន គឺ​ជា​នាយករដ្ឋ​មន្ត្រី​កំពុង​កាន់​អំណាច​អស់​រយៈ​ពេលជិត ៤០​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​មក។ លោក​ក៏​ជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​ដែរ។

ប្រសិន​បើ​មេដឹកនាំ​កម្ពុជា​រូប​នេះ​ទទួល​មរណភាព​ ដំណឹង​មរណភាព​គួរ​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​នានា​របស់​ប្រទេស​កម្ពុជា ដូចជា ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក)ជាដើម ប៉ុន្តែ គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​ណា​មួយ ផ្សាយ​ដំណឹង​នេះ​ឡើយ​កាល​ពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​មករា​កន្លង​មក​នេះ។

ផ្ទុយ​ទៅ​វិញ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​របស់​លោក​ជា​សាធារណៈ​នៅ​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ថ្មី​មួយ​នៅ​ម្ដុំ​ឫស្សីកែវ ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា។ វត្តមាន​របស់​លោក ហ៊ុន សែន នៅ​ក្នុង​កម្មវិធី​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Facebook Page | Archived Link

នៅ​អំឡុង​សប្ដាហ៍​ទី​១​នៃ​ខែ​កុម្ភៈ​នេះ​ផង​ដែរ លោក ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​អន្តរជាតិ ចូលរួម​ជូន​ព្រះ​រាជ​ដំណើរ​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី យាង​ទៅ​កាន់​ប្រទេស​ចិន និង​ដឹកនាំ​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈ​រដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ វិទ្យុ​បារាំង​អន្តរជាតិ មិន​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ដែល​និយាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​មរណភាព​នោះ​ឡើយ។ ចំណែក​លោក ហ៊ុន សែន ផ្ទាល់ បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជា​បន្ត​បន្ទាប់​នៅ​អំឡុង​សប្ដាហ៍​ដំបូង​នៃ​ខែ​កុម្ភៈ​នេះ។

Avatar

Title:វិទ្យុ​បារាំង​អន្តរជាតិ​ផ្សាយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​មរណភាព តើ​ជា​ការ​ពិត​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.