បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា កម្ពុជាបាន​បញ្ជា​ទិញ​ទូរ​រថ​ភ្លើង​ចាស់ៗ​ពី​ប្រទេស​ជប៉ុននោះ​ ស្រាប់​តែ​​មាន​រូប​ថត​មួយ​សន្លឹក​​ ត្រូវ​បាន​គេ​​អះអាង​ថា​ ជា​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០២៤។​ ការ​បង្ហោះ​នេះ​ ទទួល​បាន​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​ ដោយ​បង្ហាញ​ទិដ្ឋភាព​សំណង់​អគារ​មួយ​ ថត​ពី​លើ​ផ្ទៃ​អាកាស​។​ ទិដ្ឋភាព​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ជា​ភាសា​អង់គ្លេសផង​ដែរ​ថា​ នោះ​​គឺ​ជា​ទិដ្ឋភាព​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នាឆ្នាំ​២០២៤​នេះ​។​

ការ​អះអាង​​ខាង​លើ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​ការ​ពិត​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្តគ្នា​ជា​ច្រើន​ដង​ ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ខាង​លើ​​ ដែល​បាន​សរសេរ​ថា​ «ស្ថានីយ៍​រថភ្លើង​ភ្នំពេញ​»។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នាមួយ​នេះ ត្រូវ​បាន​រក​ឃើញ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​ The Nation កាល​ពី​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដែល​ពុំ​បាន​បញ្ជាក់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ទិដ្ឋភាព​សំណង់​អគារ​ដ៏​ធំ​មួយ​នោះ​ គឺជា​ស្ថានីយ​រថភ្លើង​បាងស៊ឺ​ (Bang Sue Grand Station) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ខាង​លើ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ស្ថានីយ​រថភ្លើង​ទាំង​ស្រុង​ពី​លើ​ផ្ទៃ​អាកាស​។​

The Nation News Report | Archived Link

រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​ Shutterstock ផង​ដែរ​។​ គេហទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ នោះ​គឺ​ជា​ស្ថានីយ​រថភ្លើង​បាងស៊ឺ​ ស្ថិត​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដែល​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​។​

Shutterstock Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​ទាំង​ស្រុង ​នៅ​ក្នុង​បរិវេណ​ស្ថានីយ​រថភ្លើង​បាង​ស៊ឺ​ ទីក្រុង​បាងកក​។​ ប្រទេស​ថៃ​បាន​បើក​ជា​ផ្លូវ​ការ​នូវ​ស្ថានីយ​រថភ្លើង​បាង​ស៊ឺ​ថ្មី ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​បាង​កក​ ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ គឺ​ជា​ស្ថានីយ​រថភ្លើង​ដ៏​ធំ​បំផុត​របស់​អាស៊ី​អាគ្នេយ៍​ ដោយ​ជំនួស​ស្ថានីយ​រថភ្លើង​ចាស់​ Hua Lamphong។​

YouTube Link | Archived Link

លោក​អ្នក​ ក៏​អាច​ស្វែង​រក​ទីតាំង​នៃ​សា្ថនីយ​រថភ្លើង​បាង​ស៊ឺ​ តាម​រយៈ​ Google Map ដែល​មាន​នៅ​ទីនេះ​ផង​ដែរ​។​

Google Map | Archived Link

តើ​ស្ថានីយ​រថភ្លើង​ភ្នំពេញ​បច្ចុប្បន្ន​មាន​ទី​តាំង​ស្ថិត​នៅ​ឯណា​?

ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ​ (Phnom Penh Royal Railway Station) គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា​ ដែល​បច្ចុប្បន្ន​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ជាប់​នឹង​សកលវិទ្យាល័យ​សុខាភិបាល​ និង​ទល់​មុខ​សួន​ច្បារ​ព្រះ​សក្យមុនីចេតិយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ស្ថានីយ​រថភ្លើង​នៅ​ក្រុង​ភ្នំ​ពេញ​នា​ពេល​បច្ចុប្បន្ន​។​

Google Map | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ស្ថានីយ​រថភ្លើង​បាងស៊ឺ​ (Bang Sue Grand Station) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​

Avatar

Title:តើ​នេះ​គឺជា​ទិដ្ឋភាព​ស្ថានីយ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២៤​មែន​ឬ​?

Fact Check By: Kakada Sim

Result: Misleading