
ស្ថិតនៅតាមដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម កោះប៉ែន ជាកន្លែងសម្រាកលម្ហែកាយយ៉ាងស្រស់ស្អាតក្រៃលែង និងជាតំបន់កម្សាន្តមួយដែលសម្បូណ៍ទៅដោយបរិយាកាសបរិសុទ្ធ ឆ្នេរខ្សាច់ពណ៌ស ជាមួយនឹងស្ពានធ្វើអំពីឈើឫស្សីដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
ទន្ទឹមនឹងនោះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតទឹកធ្លាក់ដ៏ស្រស់ស្អាតចំនួន៣សន្លឹកនៅលើបណ្តាញសង្គម និងបានអះអាងថាទឹកធ្លាក់នោះ គឺមានទីតាំងស្ថិតនៅលើកោះប៉ែន ខេត្តកំពង់ចាម។ ការអះអាងមួយនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងភ្ជាប់ជាមួយនឹងរូបថតខាងលើនោះ គឺមិនត្រឹមត្រូវឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Troll_NTS បានបង្ហោះរូបថតចំនួន៣សន្លឹក បង្ហាញអំពីទិដ្ឋភាពទឹកធ្លាក់មួយកន្លែង។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់ទីតាំងទឹកធ្លាក់នៅក្នុងសំណេររបស់ខ្លួនផងដែរ ដោយអះអាងមានទីតាំងស្ថិតក្នុងខេត្តកំពង់ចាម។
រូបថតដែលភ្ជាប់នឹងសំណេរអះអាងខាងលើនេះ ត្រូវបានប្រតិកម្ម និងចែកចាយតៗគ្នាជាច្រើនពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកបានសរសេររៀបរាប់ថា «កំពង់ចាម កោះប៉ែន កនយើងស្គាល់ទេប្រាប់ Admin ផង?»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពទីតាំងនៃទឹកធ្លាក់មួយនេះ។
រូបថតដែលបានបង្ហាញនូវទិដ្ឋភាពនៃទឹកធ្លាក់មួយនេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ បានបញ្ជាក់អំពីទីតាំងបន្ថែមផងដែរថា គឺស្ថិតនៅលើកោះជេជូ (Jeju island) ប្រទេសកូរ៉េខាងត្បូង។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រដែលបានបង្ហាញអំពីទិដ្ឋភាពទឹកធ្លាក់ជុងបាង (Jeongbang Waterfall) នៅលើកោះជេជូ។
Getty Images Link | Archived Link
គេហទំព័រ Getty Images មួយផ្សេងទៀត ក៏បានបង្ហាញនូវទេសភាពទឹកធ្លាក់ដែលមានសណ្ឋានដូចគ្នាផងដែរ។ គេហទំព័រដដែលនេះ មិនបានបញ្ជាក់ទីតាំងនៃទឹកធ្លាក់នេះថា ស្ថិតនៅលើកោះប៉ែន ខេត្តកំពង់ចាម ដូចទៅនឹងទំព័រហ្វេសប៊ុកខាងលើបានអះអាងនោះឡើយ។
រូបភាពផ្តាមចេញពីគេហទំព័រសោតទស្សន៍ Getty Images ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Jeongbang waterfall. Landscape of beautiful waterfall during clear sky in Jeju Island at Seogwipo, South Korea» ឬប្រែជាភាសាខ្មែរមានន័យថា «ទឹកធ្លាក់ជុងបាង ទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាតពេលមេឃស្រឡះនៅលើកោះជេជូ ប្រទេសកូរ៉េខាងត្បូង»។
Getty Images Link | Archived Link
តើទឹកធ្លាក់មួយនេះមានទីតាំងស្ថិតនៅឯណា?
ទឹកធ្លាក់ជុងបាង (Jeongbang Waterfall) ត្រូវបានគេស្គាល់ថាគឺជាទឹកធ្លាក់ដ៏ល្បីល្បាញមួយនៅលើកោះជេជូ ប្រទេសកូរ៉េខាងត្បូង។ ទឹកធ្លាក់មួយនេះ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ដោយបានធ្វើដំណើរមកលេងកម្សាន្តក្បែរនឹងមាត់សមុទ្រ ដែលទឹកធ្លាក់នេះមានកម្ពស់ប្រមាណជាង ២៣ម៉ែត្រ។
រូបភាពផ្តាមចេញពីគេហទំព័រ Alamy ដែលបានថតរូបកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏បានរៀបរាប់ជាភាសាអង់គ្លេសផងដែរថា «Aerial View of The High Waterfall Jeongbang, Lagoon and Seoqwipo on Jeju Island, South Korea» ឬប្រែសម្រួលជាភាសាខ្មែរថា «ទិដ្ឋភាពថតពីលើអាកាសនៃទឹកធ្លាក់ជុងបាង និងទិដ្ឋភាពពីលើអាកាសនៃកោះជេជូ ប្រទេសកូរ៉េខាងត្បូង»។
Alamy Stock Photo | Archived Link
ខាងក្រោមនេះ គឺជារូបភាពផ្តាមមួយផ្សេងទៀតចេញពីគេហទំព័រ Google Map ដែលបានបង្ហាញអំពីទិដ្ឋភាពទឹកធ្លាក់ នៅលើកោះជេជូ (Jeju island) ប្រទេសកូរ៉េខាងត្បូង។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ ទឹកធ្លាក់មួយនេះ មិនមែនស្ថិតនៅលើកោះប៉ែន ខេត្តកំពង់ចាម នោះឡើយ។ ការពិតទិដ្ឋភាពនៃទឹកធ្លាក់មួយនេះ គឺត្រូវបានគេស្គាល់ឈ្មោះជាភាសាខ្មែរថា «ទឹកធ្លាក់ជុងបាង» (Jeongbang Waterfall) ដែលមានទីតាំងស្ថិតនៅលើកោះជេជូ (Jeju island) ប្រទេសកូរ៉េខាងត្បូង។
