សម័យ​អង្គរ​ ឬ​អាណាចក្រ​ខ្មែរ​ គឺ​ជា​អាណាចក្រ​មួយ​ដែល​ធ្លាប់​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​។ ភាព​រុង​រឿង​នេះ​ គេ​អាច​សម្គាល់​​តាម​រយៈ​ការ​លាត​សន្ធឹង​ផ្ទៃ​ដី​ធំ​ទូលំ​ទូលាយ​ ពោរ​ពេញ​ដោយ​ប្រាសាទ​សិលា​ និង​ផ្ទាំង​ចម្លាក់​រាប់​ពាន់​ ប្រកប​ដោយ​ក្បាច់​រចនា​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​។

ទន្ទឹម​នឹង​នេះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ជួង​បុរាណ​មួយ​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​អះ​អាង​ថា​នោះ​គឺ​ជា​ជួង​របស់​​អាណាចក្រ​អង្គរ។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ រឿង​ពិត​ក្នុង​សង្គម បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជួង​បុរាណ​ដ៏​ធំ​មួយ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ថា​ ជួង​នេះ​គឺ​ជា​ជួង​សម័យ​អាណាចក្រ​អង្គរ។​

រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​នេះ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ជួង​សម័យ​អាណាចក្រ​អង្គរ​ មិន​ដឹង​បាត់​ទៅ​ទីណា​ទេ​? បើ​ស្រលាញ់​វត្ថុ​បុរាណ​នេះ​ សូម​ share ទាំង​អស់​គ្នា​! យើង​ស្រលាញ់​ យើង​អភិរក្ស​ ទើប​ប្រទេស​ថ្កើង​ថ្កាន​ រុង​រឿង​ឡើង​វិញ»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដែល​បាន​បង្ហាញ​ពី​ទិដ្ឋភាពជួង​ដ៏​ធំ​មួយ​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅក្នុង​​គេហទំព័រ​ Alamy ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ​។ ​គេហទំព័រដដែល​នេះ បាន​បញ្ជាក់​អំពីទីតាំងលម្អិត​នៃ​ជួង​​មួយ​នេះ​ផង​ដែរ​ជា​ភាសា​អង់​គ្លេស​​ថា «The Great Bell at Mingun»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​​ «ជួង​ដ៏​ធំ​ស្ថិត​នៅ​​​មិងគួន»។ ​

​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជួង​បុរាណ​របស់​ភូមា​។​

Alamy Stock Photo | Archived Link

រូប​ភាព​ផ្តាម​ដែល​មាន​ទិដ្ឋ​ភាព​ជួង​បុរាណ​ដូច​គ្នាមួយ​ផ្សេង​ទៀត​​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​គេហទំព័រ​ Alamyផង​ដែរ​ ដោយ​បាន​រៀប​រាប់​​​ជា​ភាសា​បារាំង​​ថា​ «La cloche de Mingun, Myanmar»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate មាន​ន័យ​ថា​ «ជួង​នៅ​​​​មិងគួន ប្រទេស​ភូមា​»​។

Alamy Stock Photo | Archived Link

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ នៅ​ក្នុង​គេហទំព័រ​សារព័ត៌មាន​របស់​ប្រទេស​ភូមា The Irrawaddy ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ឆ្នាំ​២០២០កន្លង​ទៅ​នេះ​ដោយ​មាន​​អត្ថ​បទ​ចំណង​ជើង​ជា​ភាសា​អង់​គ្លេស​ថា​ «When Myanmar Made One of the Largest Bells in the World»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «គ្រា​មួយ​ដែល​ប្រទេស​ភូមា​បាន​កសាង​ និង​ធ្វើ​ជួង​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក​»។​​

ខាង​ក្រោម​នេះ​ គឺ​ជារូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារព័ត៌មាន​ដែលបាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «The bell was one of the “four great noble deeds” by King Bodawpaya, the sixth king of the Konbaung Dynasty, and was dedicated to the Mingun Pahtodawgyi, a stupa monument which was left incomplete after the king’s death.»​ ឬ​ប្រើ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ជួង​នេះ​គឺ​ជា​ “ កិត្យានុភាព​ដ៏​ឧត្តុង្គ​ឧត្តម​ទាំង​ ៤​ យ៉ាង​” របស់​ព្រះ​បាទ​ បូដាប៉ាយ៉ា​​ (King Bodawpaya) ដែល​ជា​ស្តេច​ទី​៦​ នៃ​រាជ​វង្ស​កន​​បោន​ (Konbaung Dynasty) ហើយ​ត្រូវ​បាន​ឧទ្ទិស​​ដល់​​វិមាន​ចេតិយ​ មិងគួន​​ប៉ាទូដាជី​ (Mingun Pahtodawgyi)​ ដែល​មិន​ត្រូវបាន​គេ​សាង​សង់​រួច​រាល់​ ក្រោយ​ពី​ទ្រង់​សោយ​ទិវង្គត​​»។​

The Irrawaddy’s Report | Archived Link

ជួង​បុរាណ​ដ៏​ធំមួយ​នេះ​​ គឺ​ត្រូវ​បាន​រក្សា​ទុកនៅ​ក្នុង​បរិវេណ​វត្ត​មិង​គួន​ ដែល​​មាន​ទីតាំង​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ទីប្រជុំ​ជន​មិង​គួន​​ (Mingun) និង​មាន​ចម្ងាយ​ប្រមាណ​ជាង​ ១១​គីឡូ​ម៉ែត្រ​ ពី​​​ទីក្រុង​ម៉ាន់ដាឡេ​ (Mandalay) ប្រទេស​ភូមា។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Alamy ក៏​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Weighing about 90 tons and reputed to be the largest uncracked bell in the world (a larger one in Moscow is cracked), the Mingun Bell was cast in 1808 by King Bodawpaya for the Mingun Pagoda, which was never completed.​ Location: Mingun Bell, Mingun, Mandalay Region, Myanmar» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ជួង​មួយ​នេះ​មានទម្ងន់​ប្រហែល​ ៩០​តោន​ និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជួង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។​ ជួង​នេះ​ត្រូវ​បាន​សង់​ក្នុង​ឆ្នាំ​១៨០៨​ ដោយ​ស្តេច​ បូដាប៉ាយ៉ា​ សម្រាប់​វត្ត​មិងគួន​។ ជួងបុរាណ​ដ៏​ធំ​នេះ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​មិងគួន​ ទីក្រុង​ម៉ាន់​ដាឡា​ ប្រទេស​ភូមា​»។

Alamy Stock Photo | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​មួយ​ផ្សេង​ទៀត​ចេញ​ពី​គេហទំព័រ​ Google Map ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ជួង​បុរាណ​នៅបរិវេណ​វត្ត​មិង​គួន​ ប្រទេស​ភូមា​។​

Google Map | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថាការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ ជួង​បុរាណ​​មួយ​នេះ​ មិន​មែន​ជា​ជួង​របស់​ចក្រ​ភព​អង្គរ​នោះ​ឡើយ។​ ការ​ពិត​ជួង​​ដ៏​ធំមួយ​នេះ​ គឺ​ជា​ជួង​បុរាណ​កសាង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ បូដាប៉ាយ៉ា​ (King Bodawpaya) និង​សព្វ​ថ្ងៃ​ត្រូវ​បាន​រក្សា​ទុកនៅ​ក្នុង​បរិវេណ​វត្ត​មិង​គួន​​ ប្រទេស​ភូមា​​។​

Avatar

Title:ជួង​បុរាណ​​មួយ​នេះ​ការ​ពិត​ស្ថិត​នៅ​ក្នុង​ប្រទេស​ភូមា​

Fact Check By: Kakada Sim

Result: False