Fact Check: ទឹក​ធ្លាក់​មួយ​នេះ​មិន​មែន​ស្ថិត​នៅ​កោះ​ប៉ែន​ឡើយ​

False Social

ស្ថិត​នៅតាម​​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់​ចាម​ កោះ​ប៉ែន​ ជា​កន្លែង​សម្រាក​លម្ហែ​កាយ​យ៉ាង​ស្រស់​ស្អាត​ក្រៃ​លែង​ និង​ជា​តំបន់​កម្សាន្ត​មួយ​ដែល​សម្បូណ៍​ទៅ​ដោយ​បរិយាកាស​បរិសុទ្ធ​ ឆ្នេរ​ខ្សាច់​ពណ៌​ស​ ​ជាមួយ​នឹង​ស្ពាន​ធ្វើ​អំពី​ឈើ​ឫស្សី​ដ៏​ស្រស់​ត្រកាល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​។

ទន្ទឹម​នឹង​នោះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​ទឹក​ធ្លាក់ដ៏​ស្រស់​ស្អាត​​ចំនួន​៣​​សន្លឹកនៅ​លើ​បណ្តាញ​សង្គម​​ និង​បាន​អះ​អាង​ថា​ទឹក​ធ្លាក់​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺមិន​ត្រឹម​ត្រូវ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Troll_NTS បាន​បង្ហោះ​រូប​ថត​ចំនួន​៣​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទឹក​ធ្លាក់​មួយ​កន្លែង​។ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទីតាំង​ទឹក​ធ្លាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ដែរ​ ដោយ​អះ​អាង​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​កំពង់​ចាម​។​

រូប​ថត​ដែល​ភ្ជាប់​នឹង​សំណេរ​អះ​អាង​ខាង​លើ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​បាន​សរសេរ​រៀប​រាប់​ថា​ «កំពង់​ចាម​ កោះ​ប៉ែន​ កន​យើង​ស្គាល់​ទេ​ប្រាប់​ Admin ផង​?»។​ 

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភពទីតាំង​នៃ​ទឹក​ធ្លាក់​មួយ​នេះ​។

រូប​ថត​​ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​​​នៃ​ទឹក​ធ្លាក់​មួយ​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ ​គេហទំព័រដដែល​នេះ ​​​បាន​បញ្ជាក់​អំពីទីតាំងបន្ថែម​​ផង​ដែរ​​ថា គឺ​ស្ថិត​នៅ​លើកោះ​ជេជូ​ (Jeju island) ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទឹក​ធ្លាក់​ជុងបាង​ (Jeongbang Waterfall) នៅ​លើ​កោះ​ជេជូ​​។​

Getty Images Link | Archived Link

គេហទំព័រ​ Getty Images មួយ​ផ្សេង​ទៀត​ ក៏បាន​បង្ហាញ​នូវ​ទេសភាព​ទឹក​ធ្លាក់​ដែល​មាន​សណ្ឋាន​ដូច​គ្នា​ផង​ដែរ​។ គេហទំព័រដដែល​​នេះ​ មិន​បាន​បញ្ជាក់​ទីតាំង​នៃ​ទឹក​ធ្លាក់​នេះ​ថា​ ស្ថិត​នៅ​លើ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម​  ដូច​ទៅ​នឹង​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​បាន​អះ​អាង​នោះ​ឡើយ​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សោត​ទស្សន៍ Getty Images ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Jeongbang waterfall. Landscape of beautiful waterfall during clear sky in Jeju Island at Seogwipo, South Korea» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទឹក​ធ្លាក់​ជុង​បាង​ ទេសភាព​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​ពេល​មេឃ​ស្រឡះ​នៅ​លើ​កោះ​ជេជូ​ ប្រទេស​កូរ៉េ​ខាងត្បូង​»។ 

Getty Images Link | Archived Link

តើ​ទឹក​ធ្លាក់​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឯ​ណា​?​

ទឹក​ធ្លាក់​ជុង​បាង​ (Jeongbang Waterfall) ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​ជា​ទឹក​ធ្លាក់​ដ៏​ល្បី​ល្បាញ​មួយ​នៅ​លើ​កោះ​ជេ​ជូ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ទឹក​ធ្លាក់​មួ​យ​នេះ​ គឺ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​ ដោយ​បាន​ធ្វើ​ដំណើរ​​មក​លេង​កម្សាន្ត​ក្បែរ​​នឹង​មាត់​សមុទ្រ ដែលទឹក​ធ្លាក់​នេះ​​មាន​​កម្ពស់​ប្រមាណ​ជាង​ ២៣​ម៉ែត្រ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Alamy ដែល​បាន​ថត​រូប​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ក៏​​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ថា​ «Aerial View of The High Waterfall Jeongbang, Lagoon and Seoqwipo on Jeju Island, South Korea» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «​ទិដ្ឋភាព​ថត​ពី​លើ​អាកាស​នៃ​ទឹក​ធ្លាក់​ជុង​បាង​ និងទិដ្ឋ​ភាព​ពី​លើ​អាកាស​នៃ​​កោះ​ជេជូ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​»។ 

Alamy Stock Photo | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​មួយ​ផ្សេង​ទៀត​ចេញ​ពី​គេហទំព័រ​ Google Map ​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទឹក​ធ្លាក់​ ​នៅ​លើ​កោះ​ជេជូ​ (Jeju island) ប្រទេស​កូរ៉េ​ខាង​ត្បូង​។​ 

Google Map | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ ទឹក​ធ្លាក់​មួយ​នេះ​ មិន​មែន​ស្ថិត​នៅ​លើ​កោះ​ប៉ែន​ ខេត្ត​កំពង់​ចាម​ នោះ​ឡើយ​។​ ការ​ពិត​ទិដ្ឋ​ភាព​នៃ​ទឹក​ធ្លាក់​មួយ​នេះ​ គឺ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា​ «ទឹក​ធ្លាក់​ជុង​បាង​» (Jeongbang Waterfall) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​លើកោះ​ជេ​ជូ​ (Jeju island) ប្រទេស​កូរ៉េ​ខាង​ត្បូង។

Avatar

Title:ទឹក​ធ្លាក់​មួយ​នេះ​មិន​មែន​ស្ថិត​នៅ​កោះ​ប៉ែន​ឡើយ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.