
រហូតមកដល់ពេលនេះ មានមនុស្សជាច្រើននាក់ បានរស់នៅលើផែនដីលើសពី ១០០ឆ្នាំ ដោយក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោកយាយចំណាស់ម្នាក់ ត្រូវបានអះអាងដោយទំព័រហ្វេសប៊ុកថា គឺជាជនជាតិជប៉ុនដែលមានអាយុ ២៥៧ឆ្នាំហើយ។ ការបង្ហោះអះអាងនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបង្ហោះ និងអះអាងនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយមានឈ្មោះថា ក្រចេះខេត្តខ្ញុំ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញលោកយាយចំណាស់ម្នាក់ ដោយអះអាងថា លោកយាយមានអាយុ ២៥៧ឆ្នាំ និងជាជនជាតិជប៉ុន។
ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិត និងឈ្មោះពិតរបស់លោកយាយនោះឡើយ។ ការអះអាងមួយនេះ ត្រូវបានបញ្ចេញមតិប្រតិកម្មចម្រុះ និងចែករំលែកតៗគ្នាយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ដែលសរសេរថា «ដាច់ឆ្នាំនេះលោកយាយ ជនជាតិជប៉ុនម្នាក់នេះ គាត់មានព្រះជន្មាយុ ២៥៧ឆ្នាំហើយ។ តើមានជនជាតិណាខ្លះក្នុងលោកនេះ មានអាយុវែងដូចលោកយាយ? បើឃើញរូបគាត់ហើយ សូមផ្សង like & share និងមានអាយុវែងគ្រប់ៗគ្នា»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដូចគ្នាមួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន Daily Mail ផ្សព្វផ្សាយកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា លោកយាយត្រូវបានស្គាល់ឈ្មោះថា Luo Meizhen កើតនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៨៨៥ នៅក្វាងស៊ី ប្រទេសចិន។ គេហទំព័រនេះ ពុំបានបញ្ជាក់ថា លោកយាយ គឺជាជនជាតិជប៉ុន ដែលមានអាយុ ២៥៧ឆ្នាំដូចទំព័រហ្វេសប៊ុកខាងលើបានអះអាងនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាម ដែលបង្ហាញទិដ្ឋភាពលោកយាយ Luo Meizhen និងកូនប្រុសរបស់គាត់។

ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មាន China Daily ក៏បានផ្សព្វផ្សាយនូវទិដ្ឋភាពរបស់លោកយាយនៅក្នុងអត្ថបទរបស់ខ្លួនផងដែរ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០កន្លងទៅ ដោយបញ្ជាក់ថា លោកយាយមានឈ្មោះថា Luo Meizhen និងបានកើតនៅក្នុងឆ្នាំ១៨៨៥ ដែលនេះបានធ្វើឲ្យលោកយាយជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងចំណោមមនុស្សដែលមានអាយុវែងជាងគេក្នុងប្រទេសចិន។

ក្រុមការងាររបស់ Fact Crescendo Cambodia ក៏បានរកឃើញផងដែរថា លោកយាយ Luo Meizhen បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣កន្លងទៅនេះ ក្នុងអាយុ ១២៧ឆ្នាំ។ ការមរណភាពរបស់យាយ ត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មានជាច្រើនផងដែរ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលើនេះ គឺមិនត្រឹមត្រូវទេ។ រូបថតមួយសន្លឹកនេះ មិនមែនជាស្ត្រីជនជាតិជប៉ុនដែលមានអាយុ ២៥៧ឆ្នាំនោះឡើយ។ ការពិត លោកយាយចំណាស់ម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះថា Luo Meizhen ជាជនជាតិចិន និងបានទទួលមរណភាពកាលពីឆ្នាំ២០១៣កន្លងទៅ ក្នុងអាយុ ១២៧ឆ្នាំ។

Title:តើលោកយាយម្នាក់នេះ មានអាយុ២៥៧ឆ្នាំមែនដែរឬទេ?
Fact Check By: Kakada SimResult: False
