ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​កម្ពុជា​ត្រូវ​បាន​កាត់​ត​ជាមួយ​សៀវភៅ​ក្លែង​ក្លាយ

Altered Political

​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី ​សោយ​រាជ្យ​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​ដោយ​មិន​មាន​មហេសី​។ ទន្ទឹម​នេះ រូបថត ៣​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​បង្ហាញ​នូវ​សៀវភៅ​មួយ​ក្បាល​អំពី​ទ្រង់។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ប្រតិកម្ម និង​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​ទាំង ៣​សន្លឹក​នេះ ដោយ​ពុំ​ដឹង​ថា ជា​រូបថត​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ឡើយ។ ទោះជាង​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Mammo Mammo Mammo បាន​បង្ហោះ​រូបថត ៣​សន្លឹក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «KING OF GAY» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ព្រះ​មហាក្សត្រ​ខ្ទើយ»។

​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​​តប​ទៅ​នឹង​ការ​បង្ហោះ និង​ចែក​រំលែក​រូបថត​ទាំង ៣​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ ២​ថ្ងៃ​មុន ដោយ​មាន​សំណេរ​ជា​ភាសា​ថៃ​រៀបរាប់​ថា «อย่าลืมไปอุดหนุนหนังสือเล่มนี้นะครับ “KING OF GΔY” นะครับ» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «កុំ​ភ្លេច​ទិញ​សៀវភៅ​មួយ​ក្បាល KING OF GAY​ ​នេះ​ណា​បាទ»។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ទាំង​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា សៀវភៅ​មួយ​ក្បាល​នេះ មិន​មាន​ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​លើ​គម្រប​នោះ​ឡើយ ហើយ​សៀវភៅ​មួយ​ក្បាល​នេះ ក៏​មិន​មាន​ចំណង​ជើង​បែប​នេះ​ដែរ។

រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «The Deep and Rich History of Temmie» ហើយ​មាន​រូប​គំនូរ​នៅ​លើ​គម្រប​សៀវភៅ​នេះ ដែល​រូបថត​នៃ​សៀវភៅ​មួយ​ក្បាល​នេះ មាន​នៅ​លើ​គេហទំព័រ​ Deviant Art

DIAVANT ART | ARCHIVED LINK

តាម​រយៈ Google Reverse Image Search យើង​ក៏​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម​មួយ​សន្លឹក​ទៀត ដែល​មិន​មាន​ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី នោះ​ឡើយ។ រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ផ្ទាល់​របស់​អ្នក​និពន្ធ​អង់គ្លេស Stella Berry ។ អ្នកស្រី Stella Berry គឺ​ជា​អ្នក​និពន្ធ​ដែល​ស្នាដៃ​ទាំង​អស់​របស់​គាត់ គឺ​ជា​រឿង​រ៉ាវ​​ឃាតកម្ម​ដ៏​អាថ៌​កំបាំង។

AMAZON | ARCHIVED LINK

តាម​រយៈ Google Reverse Image Search នេះ​ដែរ យើង​ក៏​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម ដែល​មិន​មាន​ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នៅ​ក្នុង​សៀវភៅ​នោះ​ដែរ។ រូបថត​ដើម​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម Unsplash បាន​បង្ហាញ​ឱ្យ​ឃើញ​ការ​អាន​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ត្រឹម​តែ​អក្សរ​ជា​កំណាព្យ។

UNSPLASH | ARCHIVED LINK

យើង​ក៏​បាន​ស្វែង​រក​សៀវភៅ​មាន​ចំណង​ជើង​ថា «KING OF GAY»ផង​ដែរ ប៉ុន្តែ យើង​ពុំ​អាច​រក​ឃើញ​សៀវភៅ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត​នោះ​ឡើយ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ទាំង​ ៣​សន្លឹក​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​សង្គម មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត​ពី​រូបថត​ច្បាប់​ដើម​ភ្ជាប់​ជាមួយ​រូបថត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី។ រូបថត​ច្បាប់​ដើម​ទាំង ៣​សន្លឹក សុទ្ធ​តែ​គ្មាន​​រូបថត​​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នោះ​ឡើយ។

Avatar

Title:ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​កម្ពុជា​ត្រូវ​បាន​កាត់​ត​ជាមួយ​សៀវភៅ​ក្លែង​ក្លាយ

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.