តើ​លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​២៥៧​ឆ្នាំ​មែន​ដែរ​ឬ​ទេ​?

False Social

រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ជា​ច្រើន​នាក់​ ​បាន​រស់​នៅ​លើ​ផែន​ដី​លើស​ពី ​១០០​ឆ្នាំ​ ដោយ​ក្នុង​ចំណោម​នោះ​​​ រូប​ថត​មួយ​សន្លឹក បង្ហាញ​អំពី​ទិដ្ឋ​ភាពលោក​យាយ​ចំណាស់​ម្នាក់​ ត្រូវ​បាន​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ថា​ គឺ​​ជា​ជន​ជាតិ​ជប៉ុន​ដែល​មាន​អាយុ​ ២៥៧​ឆ្នាំ​ហើយ​។​ ការ​បង្ហោះ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​ និង​អះ​អាង​​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២២​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​ទំព័រ​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ក្រចេះខេត្តខ្ញុំ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​លោក​យាយ​ចំណាស់​ម្នាក់​ ដោយ​អះអាង​ថា​ លោក​យាយ​មាន​អាយុ​ ២៥៧​ឆ្នាំ​ និង​ជា​ជន​ជាតិ​ជប៉ុន​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់ព័ត៌មាន​លម្អិត​ និង​ឈ្មោះ​ពិត​របស់​លោក​យាយ​នោះ​ឡើយ​។​ ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ និង​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក ដែល​សរសេរ​ថា​ «ដាច់​ឆ្នាំ​នេះ​លោក​យាយ​ ជន​ជាតិ​ជប៉ុន​ម្នាក់​នេះ​ គាត់​មាន​ព្រះ​ជន្មាយុ​ ២៥៧​ឆ្នាំ​ហើយ​។ តើ​មាន​ជន​ជាតិ​ណា​ខ្លះ​ក្នុង​លោក​នេះ​ មាន​អាយុ​វែង​ដូច​លោក​យាយ​? បើ​ឃើញ​រូប​គាត់​ហើយ​ សូម​ផ្សង​ like & share និង​មាន​អាយុ​វែង​គ្រប់​ៗ​គ្នា​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​ត្រូវ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​សារព័ត៌មាន​ Daily Mail ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​កញ្ញា​ ឆ្នាំ​២០១២​កន្លង​ទៅ​។​ គេហ​ទំព័រ​ដដែល​ខាង​លើ​ បាន​បញ្ជាក់​ថា​ លោក​យាយ​​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា​ Luo Meizhen កើត​នៅ​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​១៨៨៥​ នៅ​ក្វាង​ស៊ី​ ប្រទេស​ចិន​។​ គេហ​ទំព័រ​នេះ​ ពុំ​បាន​បញ្ជាក់​ថា ​លោក​យាយ​ គឺ​ជា​ជន​ជាតិ​ជប៉ុន​ ដែល​មាន​អាយុ​ ២៥៧​ឆ្នាំ​ដូច​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​បាន​អះ​អាង​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​យាយ​ Luo Meizhen និង​កូន​ប្រុស​របស់​គាត់​។​

Daily Mail | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​ China Daily ក៏​បាន​ផ្សព្វ​ផ្សាយ​នូវ​ទិដ្ឋ​ភាព​របស់​លោក​យាយ​នៅ​ក្នុង​អត្ថ​បទ​របស់​ខ្លួន​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០១០​កន្លង​ទៅ​ ដោយ​បញ្ជាក់​ថា ​លោក​យាយ​មាន​ឈ្មោះ​ថា​ Luo Meizhen និង​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៨៥​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​លោក​យាយ​ជាប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​ ក្នុង​ចំណោម​មនុស្ស​ដែល​មានអាយុ​វែង​ជាង​គេ​ក្នុង​ប្រទេស​ចិន​។​​

China Daily | Archived Link

ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ លោក​យាយ​ Luo Meizhen បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ ក្នុង​អាយុ​ ១២៧​ឆ្នាំ​។​ ការ​មរណភាព​របស់​យាយ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ផង​ដែរ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​ស្ត្រី​​ជន​ជាតិ​ជប៉ុន​​ដែល​មាន​អាយុ​ ២៥៧​ឆ្នាំ​នោះ​ឡើយ​។​ ការ​ពិត​ លោក​យាយ​ចំណាស់​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​​ Luo Meizhen ជា​ជន​ជាតិ​ចិន​ និង​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ក្នុង​អាយុ​ ១២៧​ឆ្នាំ​។​

Avatar

Title:តើ​លោក​យាយ​ម្នាក់​នេះ​ មាន​អាយុ​២៥៧​ឆ្នាំ​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.