<strong>រូបថតលោក ហ៊ុន ម៉ាណែត ត្រូវបានកាត់ត</strong><strong>ភ្ជាប់ជាមួយមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ</strong>
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត តែងតែក្លាយជាផ្ទាំងស៊ីបនៃពាក្យចរចាមអារ៉ាម និងការចោទប្រកាន់ផ្សេងៗនៅក្នុងឆាកនយោបាយរបស់លោកជាច្រើនឆ្នាំមកហើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពលោក ហ៊ុន ម៉ាណែត បានឈរទន្ទឹមនឹងមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ រូបថតនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបមួយសន្លឹក បង្ហាញទិដ្ឋភាពអតីតមេដឹកនាំលោក ឡេ ឌឹកថូ បានឈរថតរូបជាមួយនឹងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុង ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Henry Kissinger ក្រោយពេលប្រជុំសន្ធិសញ្ញាសន្ដិភាពនៅ Gif-sur-Yvette ប្រទេសបារាំងក្នុងអំឡុងឆ្នាំ១៩៧៣។ រូបថតមួយសន្លឹកនេះ ពុំបានបង្ហាញទិដ្ឋភាពលោក ឡេ ឌឹកថូ អតីតមេដឹកនាំវៀតណាម បានឈរថតរូបជាមួយនឹងលោក ហ៊ុន ម៉ាណែត នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាម ចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Henry Kissinger (ស្តាំ) និងលោក ឡេ ឌឹកថូ មេដឹកនាំគណៈប្រតិភូវៀតណាមខាងជើង ពេលចាកចេញពីកិច្ចប្រជុំអំពីការអនុវត្តសន្ធិសញ្ញាសន្តិភាពនៃសង្រ្គាមវៀតណាម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៧៣»។
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត បង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Henry Kissinger ក្រោយពេលប្រជុំសន្ធិសញ្ញាសន្ដិភាពនៅ Gif-sur-Yvette ប្រទេសបារាំងក្នុងអំឡុងឆ្នាំ១៩៧៣។
Title:រូបថតលោក ហ៊ុន ម៉ាណែត ត្រូវបានកាត់តភ្ជាប់ជាមួយមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ
Fact Check By: Kakada SimResult: Altered