
ខណៈដែលលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយហើយនោះ បន្តស្ថិតក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ» និងមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយនោះ រូបថតមួយសន្លឹកដែលបង្ហាញរូបលោកអមដោយស្រីស្អាត ៨នាក់នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីចុងខែមេសាកន្លងមកនេះ ទំហំហ្វេសប៊ុកមួយបានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលកាលពីឆ្នាំ២០១៧កន្លងមកនោះ ឈរអមដោយនារីដល់ទៅ ៨រូបនៅសងខាងរូបលោក។
រូបភាពនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសបានផ្ញើចូលទៅគ្រុបជាច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់បណ្ដាញសង្គម K&K POST កាលពីថ្ងៃទី៣០ ខែមេសាកន្លងមកនេះ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញនារី ៨នាក់ឈរអមសងខាងបុរសម្នាក់ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន SUN កាលពីចុងខែមករាកន្លងមកនេះ។
សារព័ត៌មានមានមូលដ្ឋាននៅអង់គ្លេសមួយនេះ បានឱ្យដឹងថា រូបថតនេះ បង្ហាញបុរសថៃម្នាក់ថតរូបរួមគ្នាជាមួយប្រពន្ធទាំង ៨នាក់របស់គាត់ ហើយបង្ហាញមុខនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ថៃ។
បើសារព័ត៌មាន SUN បុរសជនជាតិថៃឈ្មោះ អ៊ុង ដាំ សុរ័ត្ន (Ong Dam Sorot) ដែលមានមុខរបរជាអ្នកចាក់សាក់ មានប្រពន្ធរហូតដល់ទៅ ៨នាក់ ហើយរស់នៅក្រោមដំបូលផ្ទះតែមួយ។

ដូច្នេះ គ្មានទេលោក កឹម សុខា នៅក្នុងរូបថតច្បាប់ដើម ដែលបង្ហាញឱ្យឃើញមនុស្សស្រីឈរអមសងខាងជាច្រើននាក់នោះ ហើយខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតត្រូវបានកាត់ត និងរូបថតច្បាប់ដើម។

ចាប់តាំងពីឆ្នាំ២០១៧មក លោក កឹម សុខា គឺជាប្រធានគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រយ៉ាងច្រើន មុននឹងត្រូវបានតុលាការសម្រេចរំលាយចោលកាលពីចុងឆ្នាំ២០១៧ ក្រោយពីមេដឹកនាំបក្សនេះ ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនោះ ក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ»។
លោក កឹម សុខា ក៏ត្រូវបានគេទម្លាយនូវទំនាក់ទំនងស្នេហាដ៏ចម្រូងចម្រាស់មួយផងដែរកាលពីឆ្នាំ២០១៦កន្លងមក ដែលករណីនេះបានបង្ខំឱ្យរូបលោកឃុំខ្លួនឯងនៅក្នុងទីស្នាក់ការគណបក្សអស់រយៈពេលជាច្រើនខែ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានកាត់តភ្ជាប់ជាមួយនារី ៨នាក់ឈរអមសងខាង។ រូបថតច្បាប់ដើម បង្ហាញបុរសជនជាតិថៃម្នាក់ ថតរូបរួមគ្នាជាមួយប្រពន្ធទាំង ៨នាក់របស់គាត់សម្រាប់កម្មវិធីទូរទស្សន៍មួយកាលពីខែមករាកន្លងមកនេះ។

Title:រូបថតលោក កឹម សុខា ត្រូវបានកាត់តជាមួយនារីស្រស់ស្អាត៨នាក់
Fact Check By: Jay UdomResult: Altered
