តើ​​លោក អ៊ុច សេរីយុទ្ធ ​ចូលរួម​​ជាមួយ​បក្ស​ភ្លើង​ទៀន​ទាំង​ជាប់​បម្រាម​នយោបាយ​មែន​ទេ?

False Political

ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ លោក អ៊ុច សេរីយុទ្ធ អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​នោះ ត្រូវ​បាន​គេ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​បាន​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​ឡើង​វិញ​ជាមួយ​គណបក្ស​ភ្លើងទៀន​ទាំង​ដែល​រូប​លោក​នៅ​ជាប់​បម្រាម​នយោបាយ​នៅ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង Fact Crescendo Cambodia ​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក អ៊ុច សេរីយុទ្ធ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ធ្វើ​​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ បាន​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​​ ខណៈ​កំពុង​ជាប់​បម្រាម​នៅ​ឡើយ។

សារព័ត៌មាន​មួយ​នេះ បាន​បង្ហោះ​រូបថត​លោក អ៊ុច សេរីយុទ្ធ ពាក់​អាវ និង​មួក​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​របស់​គណបក្ស​នយោបាយ​មួយ​នេះ។

ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន TN TV នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​សរសេរ​រៀបរាប់​ថា៖

«តើ​អ្នក​នយោបាយ​ជាប់​បម្រាម មាន​សិទ្ធិ​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​សុំ​សិទ្ធិ​បាន​ឬ?

ភ្នំពេញ៖ ពាក្យ​ថា​បម្រាម គឺ​ហាម​ដាច់​ខាត​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ ល្គឹក​ណា​គ្មាន​ការ​ស្នើ​សុំ ឬ​ឯកភាព​ពី​អ្នក​ផ្ដល់​សិទ្ធិ។

ក្នុង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ភ្លើង​ទៀន គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោក អ៊ុច សេរីយុទ្ធ អតីត​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ដឹង​ថា បាន​និង​កំពុង​ជាប់​បម្រាម​ក្នុង​បញ្ជី​លេខ​រៀង​៣៦ តែ​លោក​បែរ​ជា​មាន​សិទ្ធិ និង​បង្ហាញ​ខ្លួន​ជា​ចំហ​ក្នុង​ការ​ចូល​រួម និង​គាំ​ទ្រ​គណបក្ស​ភ្លើងទៀន។

មតិ​ជាច្រើន​បាន​លើក​ឡើង​ថា តើ​អតីត​តំណាង​រាស្ត្រ​រូប​នេះ​មាន​អ្វី​ជា​សំអាង ឬ​លោក​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ដោយ​ស្ងាត់ៗ​ហើយ​ឬ​យ៉ាងណា? ឬ​មាន​អ្វី​នៅ​ពីក្រោយ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក។

ក្នុង​នោះ​បើ​តាម​អ្នកសារព័ត៌មាន​មួយ​ចំនួន​បាន​អោយ​ដឹង​ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើង​ទៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក៏​មាន​ការ​រឹត​បន្តឹង​សម្រាប់​អ្នក​សារព័ត៌មាន​ចូល​រួម​ផង​ដែរ ឬ​មួយ​ក៏​មេដឹកនាំ​គណបក្ស​មួយ​នេះ ខ្លាច​អ្នកសារព័ត៌មាន​ដឹង​ថា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កូតា​លោក សម រង្ស៊ី មក​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ដោយ​មិន​ទាន់​ស្នើ​សុំ​សិទ្ធិ​ឬ?

តែ​យ៉ាងណា ចំពោះ​ចម្ងល់ និង​បញ្ហា​នេះ យើង​នៅ​មិន​ទាន់​អាច​ស្នើ​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន និង​លោក អ៊ុច សេរីយុទ្ធ ដោយ​ផ្ទាល់​បាន​នៅ​ឡើយ​ទេ»។

FACEBOOK POST | ARCHIVED LINK

ការ​អះ​អាង​​ប្រហាក់​ប្រហែល​​គ្នា​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​បង្ហោះ និង​ចែក​រំលែក​បន្ត​ផង​ដែរ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​ការ​អះ​អាង​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ស្ដី​ពី​ការ​លើក​បម្រាម​នយោបាយ​ដែល​ផ្ដល់​ទៅ​ដល់​​អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​​ស្ថិត​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​សម្ភាស​ជាមួយ​ប្រភព​ពាក់​ព័ន្ធ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោមនេះ។

នៅ​ក្រោម​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នេះ យើង​រក​ឃើញ​​ព្រះរាជ​ក្រឹត្យ​មួយ​ច្បាប់​ដែល​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ព្រះ​រាជ​ក្រឹត្យ​នោះ បង្ហាញ​ឱ្យ​ឃើញ​ថា លោក អ៊ុច សេរីយុទ្ធ អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី ព្រះ​រាជ​ទាន​សម្បទារ​នយោបាយ​ឡើង​វិញ​កាល​ពីថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២។

ខាង​ក្រោម​នេះ គឺ​ជា​ព្រះ​រាជក្រឹត្យ​ចេញ​ដោយ​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី ដែល​ព្រះ​រាជ​ទាន​នីតិ​សម្បទារ​នយោបាយ​ឡើង​វិញ​​ដល់​លោក អ៊ុច សេរីយុទ្ធ។

FACEBOOK POST | ARCHIVED LINK

ឆ្លើយ​តប​នឹង​ការ​សាក​សួរ​របស់ Fact Crescendo Cambodia តាម​តេឡេក្រាម​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ​បាន​បញ្ជាក់​ថា លោក អ៊ុច សេរីយុទ្ធ ពិត​ជា​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ព្រះមហាក្សត្រ​ សម្ដេច​ព្រះ​ នរោត្ដម សីហមុនី ប្រោស​ព្រះ​រាជ​ទាន។

ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា លោក អ៊ុច សេរីយុទ្ធ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស និង​មាន​រូប​សញ្ញា​គណ​បក្ស​ភ្លើង​ទៀន​នោះ បាន​ចូលរួម​ក្នុង​សាមាជ​វិសាមញ្ញ​របស់​គណបក្ស​នេះ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២។

ឆ្លើយ​តប​នឹង​​ការ​សាក​សួរ​ពី Fact Crescendo Cambodia អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ប្រាប់​ថា លោក​បាន​មើល​ឃើញ​លោក អ៊ុច សេរីយុទ្ធ បាន​ចូលរួម​ក្នុង​សាមាជ​វិសាមញ្ញ​របស់​គណបក្ស​មែន ហើយ​លោក​ប្រាប់​ថា លោក សេរីយុទ្ធ ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ការងារ​គណបក្ស​ខេត្ត​កំពង់ចាម។

ទោះជាយ៉ាងណា លោក សេដ្ឋា ប្រាប់​ថា គណបក្ស​ភ្លើងទៀន មិន​ទាន់​ផ្ដល់​តួនាទី​ណា​មួយ​ដល់​លោក សេរីយុទ្ធ នៅ​ក្នុង​​ជួរ​ដឹក​នាំ​បក្ស​នៅ​ឡើយ​ទេ ដោយ​លោក​ថា គណបក្ស​កំពុង​ផ្ដោត​ទៅ​លើ​ការងារ​បោះ​ឆ្នោត​ដែល​ខិត​ជិត​ចូល​មក​ដល់​នា​ខែ​ក្រោយ​នេះ។

លោក អ៊ុច សេរីយុទ្ធ បាន​ប្រាប់ Fact Crescendo Cambodia តាម​ទូរស័ព្ទ​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ​​កាល​ពី​ដើម​ខែ​មីនា​កន្លង​មក ហើយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ដើម​ខែ​មេសា​កន្លង​មក។ អតីត​តំណាង​រាស្ត្រ​​ខេត្ត​កំពង់ចាម​រូប​នេះ បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តាម​ក្រសួង​មហាផ្ទៃ។

ឆ្លើយ​តប​នឹង​ការ​សាក​សួរ​របស់ Fact Crescendo Cambodia នៅ​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​បញ្ជាក់​ផង​ដែរ​​ពី​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទៅ​ដល់​លោក សេរីយុទ្ធ ផង​ដែរ។

បើ​តាម​ព្រះ​រាជក្រឹត្យ​ដែល​លោក ខៀវ សុភ័គ បញ្ជូន​មក​ឱ្យ​ Fact Crescendo Cambodia យើង​មើល​ឃើញ​ថា ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី បាន​ប្រោស​ប្រទាន​នីតិ​សម្បទារ​នយោបាយ​ដល់​លោក សេរីយុទ្ធ ​ឡើង​វិញ ទៅ​តាម​ការ​ទូល​ថ្វាយ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក អ៊ុច សេរីយុទ្ធ គឺ​ជា​អតីត​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​មក​ពី​​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លង​មក។ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​សម្រេច​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ពី​បទ​«ក្បត់​ជាតិ​»​​នោះ​មក លោក សេរីយុទ្ធ និង​ថ្នាក់​ដឹកនាំ​បក្ស​នេះ​រហូត​ដល់ ១១៧​រូប ត្រូវ​បាន​តុលាការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក អ៊ុច សេរីយុទ្ធ អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​នោះ ត្រូវ​បាន​​ព្រះ​មហាក្សត្រ​កម្ពុជា​ប្រោស​ប្រទាន​នីតិ​សម្បទារ​នយោបាយ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា​កន្លង​មក​នេះ។ បន្ទាប់​មក លោក អ៊ុច សេរីយុទ្ធ បាន​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ជួយ​ដល់​ក្រុម​ការងារ​បក្ស​ប្រចាំ​ខេត្ត​កំពង់ចាម។ ដូច្នេះ លោក សេរីយុទ្ធ មិន​បាន​ធ្វើ​នយោបាយ​ដោយ​ល្មើស​បម្រាម​នយោបាយ ឬ​គ្មាន​ការ​លើក​លែង​បម្រាម​នយោបាយ​នោះ​ឡើយ។

Avatar

Title:តើ​​លោក អ៊ុច សេរីយុទ្ធ ​ចូលរួម​​ជាមួយ​បក្ស​ភ្លើង​ទៀន​ទាំង​ជាប់​បម្រាម​នយោបាយ​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.