រូបថត​លោក កឹម សុខា ត្រូវ​បាន​កាត់​​ត​ជាមួយ​នារី​ស្រស់​ស្អាត​៨​នាក់

Altered Political

ខណៈ​​ដែល​លោក កឹម សុខា ​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ហើយ​នោះ បន្ត​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ» និង​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នៅ​ឡើយ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​លោក​អម​ដោយ​ស្រី​ស្អាត ៨​នាក់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូបថត​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ចុង​ខែ​មេសា​កន្លង​មក​នេះ ទំហំ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ដែល​បង្ហាញ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កា​ល​ពី​ឆ្នាំ​២០១៧​កន្លង​មក​នោះ ឈរ​អម​ដោយ​នារី​ដល់​ទៅ ៨​រូប​នៅ​សង​ខាង​រូប​លោក។

រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​បាន​ផ្ញើ​ចូល​ទៅ​គ្រុប​ជាច្រើន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​បង្ហោះ​របស់​បណ្ដាញ​សង្គម K&K POST ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា​កន្លង​មក​នេះ។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​នារី ៨​នាក់​ឈរ​អម​សង​ខាង​បុរស​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន SUN កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ។

​សារព័ត៌មាន​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​នេះ បង្ហាញ​​បុរស​ថៃ​ម្នាក់​ថត​រូប​រួម​គ្នា​ជាមួយ​ប្រពន្ធ​ទាំង ៨​នាក់​របស់​គាត់ ហើយ​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​មួយ​របស់​ទូរទស្សន៍​ថៃ។

បើ​សារព័ត៌មាន SUN បុរស​ជន​ជាតិ​ថៃ​ឈ្មោះ អ៊ុង ដាំ សុរ័ត្ន (Ong Dam Sorot) ដែល​មាន​មុខ​របរ​ជា​អ្នក​ចាក់​សាក់ មាន​ប្រពន្ធ​រហូតដល់​ទៅ ៨​នាក់ ហើយ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ។

THE SUN | ARCHIVED LINK

ដូច្នេះ គ្មាន​ទេ​លោក កឹម សុខា នៅ​ក្នុង​រូបថត​ច្បាប់​ដើម ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ស្រី​ឈរ​អម​សង​ខាង​ជាច្រើន​នាក់​នោះ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក លោក កឹម សុខា គឺ​ជា​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំ​ទ្រ​យ៉ាង​ច្រើន មុន​នឹង​ត្រូវ​បាន​តុលាការ​សម្រេច​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​២០១៧ ក្រោយ​ពី​មេដឹកនាំ​បក្ស​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នោះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»។

លោក កឹម សុខា ក៏​ត្រូវ​បាន​គេ​ទម្លាយ​នូវ​ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​មួយ​ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក​ ដែល​ករណី​នេះ​បាន​បង្ខំ​ឱ្យ​រូប​លោក​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈ​ពេល​ជាច្រើន​ខែ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបមេដឹកនាំ​បក្ស​ប្រឆាំង​ ​លោក កឹម សុខា ត្រូវ​បាន​កាត់​ត​ភ្ជាប់​ជាមួយ​នារី ៨​នាក់​ឈរ​អម​សង​ខាង។ រូបថត​ច្បាប់​ដើម បង្ហាញ​បុរស​ជន​ជាតិ​ថៃ​ម្នាក់ ថត​រូប​រួម​គ្នា​ជាមួយ​​ប្រពន្ធ​ទាំង ៨​នាក់​របស់​គាត់​សម្រាប់​កម្មវិធី​ទូរទស្សន៍​មួយ​កាល​ពី​ខែ​មករា​កន្លង​មក​នេះ។

Avatar

Title:រូបថត​លោក កឹម សុខា ត្រូវ​បាន​កាត់​​ត​ជាមួយ​នារី​ស្រស់​ស្អាត​៨​នាក់

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.