
ខណៈពេលដែលការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពផ្ទាំងប៉ាណូនៅតាមដងផ្លូវមួយកន្លែង ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយមានការសរសេរថា ការមិនខ្វល់ពីប្រទេសជាតិ គឺជារឿងថោកទាបបំផុត។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពផ្ទាំងប៉ាណូនៅតាមដងផ្លូវមួយកន្លែង ដោយមានការសរសេរភា្ជប់ថា «ពូជសាសន៍ណាដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីប្រទេសជាតិ គឺជាពូជសាសន៍ ថោកទាប បំផុត»។
រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុង ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ពិតជាអស្ចារ្យមែន»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានផ្លូវដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Google Map និងត្រូវបានស្គាល់ទីតាំងជា ចំណុចប្រសព្វជ្រូកក្បាលថ្នល់រវាងមហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រ ពុំបានបង្ហាញទិដ្ឋភាពរូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះឡើយ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត បង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ បង្ហាញទិដ្ឋភាពផ្ទាំងផ្សពផ្សាយពាណិជ្ជកម្មទូរស័ព្ទ Nokia Lumia 630 ពុំបានបង្ហាញទិដ្ឋភាពផ្ទាំងប៉ាណូ ដែលមានសំណេរភ្ជាប់ទៅនឹងនយោបាយឡើយ។

Title:រូបថតផ្ទាំងប៉ាណូនៅដងផ្លូវមួយកន្លែង ក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់ត
Fact Check By: Kakada SimResult: Altered
