លោក ហ៊ុន ម៉ាណែត ថត​រូប​ស៊ែលហ្វី​ជាមួយ​សព​អ្នក​នាង ចេវ សុវឌ្ឍនា គឺ​ជា​រូបភាព​កាត់​ត

Altered Political

ខណៈ​ដែល​គេ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក គឺ​ជា​​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​នា​ពេល​អនាគត​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​ថត​រូប​ខ្លួន​ឯង​ជាមួយ​អ្នក​នាង ចេវ សុវឌ្ឍនា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ភ្លេង​មច្ចុរាជ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថត​រូប​ខ្លួន​ឯង​ជាមួយ​សព​ស្ត្រី​ម្នាក់ ​ដែល​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​​។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​ ភ្លេងមច្ចុរាជ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២២។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​បង្ហាញ​លោក ហ៊ុន ម៉ាណែត ថត​រូប​ខ្លួន​ឯង​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​នៃ​សារព័ត៌មាន​នគរវត្ត កាល​ពី​​ឆ្នាំ​២០១៨​កន្លង​មក​។ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ បាន​ផ្សាយ​រូបថត​នេះ​ជាមួយ​អត្ថបទ​ព័ត៌មាន​មួយ ដែល​និយាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រំលឹក​ដល់​ប្រវត្តិ​កំណើត​របស់​កូន​ប្រុស​ច្បង​លោក​កាល​ពី ៣៩​ឆ្នាំ​មុន​(១៩៧៧-២០១៦)។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​អត្ថបទ​ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន​នគរវត្ត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦​កន្លង​មក។

រូបថត​កូន​ប្រុស​លោក ហ៊ុន សែន មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្វិស​ទិស​ដែល​ធ្វើ​ឱ្យ​មើល​ឃើញ​លោក ហ៊ុន ម៉ាណែត ថត​រូប​ខ្លួន​ឯង​ដោយ​ប្រើ​ដៃ​ឆ្វេង។ សូម​មើល​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ច្បាប់​ដើម និង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត ឬ​បង្វិល​ទិស។

Nokor Wat| Archived Link

យើង​ក៏​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ ដែល​ស្ថិត​ក្នុង​លក្ខណៈ​ព្យួរ​ក​ខ្លួន​ឯង​នៅ​នឹង​ជញ្ជាំង​ផ្ទះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​រូបថត​ផ្សេង​ទៀត ដែល​និយាយ​អំពី​ការ​ស្លាប់​របស់​អ្នក​នាង ចេវ សុវឌ្ឍនា កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

Facebook Post | Archived Link

អ្នក​នាង ចេវ សុវឌ្ឍនា ត្រូវ​បាន​រក​ឃើញ​ព្យួរ​ក​នៅ​នឹង​ជញ្ជាំង​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៨​កន្លង​មក។ លោក ឡាយ វណ្ណៈ ដែល​ជា​អភិបាល​ខេត្ត​តាកែវ​នា​ពេល​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​មនុស្ស​មួយ​ចំនួន​ទៀត បន្ទាប់​ពី​ត្រូវ​បាន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ស្ត្រី​រូប​នេះ។ អតីត​អភិបាល​ខេត្ត​តាកែវ​រូប​នេះ និង​បង​ប្រុស​របស់​គាត់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង ១០​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​មួយ​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ពី​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ដែល​បង្ហាញ​លោក ហ៊ុន ម៉ាណែត ថត​រូប​ខ្លួន​ឯង ឬ​ថត​ស៊ែលហ្វី​ជាមួយ​សព​ស្ត្រី​ម្នាក់​​ព្យួរ​ក​នៅ​នឹង​ជញ្ជាំង​នោះ ត្រូវ​បាន​កាត់​ត។ រូបថត​ច្បាប់​ដើម គឺ​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន ម៉ាណែត ថត​រូប​ខ្លួន​ឯង​នៅ​ឯ​ទីវាល​មាន​ទេសភាព​វាល​ស្មៅ និង​ភ្នំ។ ចំណែក​ឯ​រូបថត​ស្ត្រី​ព្យួរ​ក​នៅ​នឹង​ជញ្ជាំង​នោះ គឺ​ជា​សព​អ្នក​នាង ចេវ សុវឌ្ឍនា ដែលត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ក្រុង​ដូនកែវ កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​មក។

Avatar

Title:លោក ហ៊ុន ម៉ាណែត ថត​រូប​ស៊ែលហ្វី​ជាមួយ​សព​អ្នក​នាង ចេវ សុវឌ្ឍនា គឺ​ជា​រូបភាព​កាត់​ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.