Fact Check: រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​

Altered Social

រាជនី​សំឡេង​​មាស​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​កាល​ពី​ជំនាន់​ដើម​អ្នក​ស្រី​ រស់ សេរី​សុទ្ធា​​, អ្នក​ស្រី​ប៉ែន​ រ៉ន​​, និង​អ្នក​ស្រី​ហួយ​ មាស​ សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ចម្រៀង​ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​អំឡុង​ទស្សវត្ស​ទី​៦០​ រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​យើង​នេះ​។​

ក្នុង​ចំណោម​នោះ​​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​មនុស្ស​ស្រី​ចំនួន​៣​នាក់​ និង​​អះ​អាង​ថា​នោះ​គឺ​ជា​​ទិដ្ឋ​ភាព​អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស ខណៈ​ពេល​ដែល​ពួក​គាត់​ចេញ​ពី​សាលា​រៀន​។​ 

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Today-ថ្ងៃនេះ បាន​ធ្វើ​ការ​បង្ហោះ​នូវ​រូប​ថត​ស្រ្តី​៣នាក់​កំពុង​ដើរ​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​។​ រូប​ថត​ដដែល​នេះ​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​អះ​អាង​ថា​ គឺ​ជា​តារា​ចម្រៀង​ស្រី​របស់​ខ្មែរ​ដែល​ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​កំពូល​តា​រា​ចម្រៀង​អ្នក​ស្រី​ រស់​ សេរីសុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​, និង​អ្នក​ស្រី​ ហួយ​ មាស។​

រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រូប​ស៊ីវិល័យ​តារា​ចម្រៀង​ខ្មែរ​ឆ្នាំ​៦០​,៧០​ មិន​ចាញ់​តារា​ចម្រៀង​សម័យ​បច្ចុប្បន្ន​ទេ​។ រាប់​ពី​ឆ្វេង​ទៅ​ស្តាំ​៖ អ្នក​ស្រី​ រស់​ សេរី​សុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​ និង​អ្នក​ស្រី​ ហួយ​ មាស​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​កន្លង​ទៅ គេហទំព័រ​សារ​ព័ត៌មាន​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា​ តារា​ញូស៍ ក៏​បាន​ចុះ​ផ្សព្វ​ផ្សាយ​អំពី​រូប​ថត​មួយ​សន្លឹក​ខាង​លើ​នោះ​ ដោយ​​បាន​អះ​អាង​នៅ​លើ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា​ ស្ត្រី​ទាំង​បី​រូប​នេះ​​ គឺ​ជា​អ្នក​ស្រី​​ រស់​ សេរីសុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​, និង​អ្នក​ស្រី​ ហួយ​ មាស។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​តារា​ញូស៍​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រូប​ស៊ី​វិល័យ​ រស់​ សេរីសុទ្ធា​, ប៉ែន​ រ៉ន​, និង​ ហួយ​ មាស​ មិន​ចាញ់​តារា​ចម្រៀង​បច្ចុប្បន្ន​»។​

Dara News Report | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​​ដែល​មាន​ទម្រង់​ និង​ទិដ្ឋ​ភាព​ដូច​គ្នា​មួយ​សន្លឹក​​នេះ​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Getty Images ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ ​គេហទំព័រ​ដដែល​នេះ​ មិន​បាន​បង្ហាញ​ភិន​ភាគ​ស្ត្រី​ទាំង​បី​រូប​នេះ​ ទៅ​នឹង​កំពូល​តារា​ចម្រៀង​ស្រី​របស់​ខ្មែរ​អ្នក​ស្រី​ រស់​ សេរីសុទ្ធា​, អ្នក​ស្រី​ ប៉ែន​ រ៉ន​, និង​អ្នក​ស្រី​ ហួយ​ មាស នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ថត​កាល​ពី​ឆ្នាំ​១៩៧២​​ នៅ​ក្នុង​​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្កានីស្ថាន និង​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​ Getty Imagesដោយ​​​លោក​ស្រី​ ឡូ​រ៉ង់​ ប្រុ៊ន​ (Laurence BRUN)។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សោត​ទស្សន៍ Getty Images ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Women in Afghanistan, 1972: young students wearing mini-skirts walking down the street in city of Kabul. In the Shar-e-Naü area (the new town), a few emancipated girls wear the mini-skirt, despite the violent critics of the majority of the Afghan people, still attached to Muslim traditions. The Mullah, Muslim religious, do not hesitate to throw acid on the nude legs of the emancipated girl.» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន​ឆ្នាំ​១៩៧២​៖ និស្សិត​វ័យ​ក្មេង​ពាក់​សំពត់​មីនី​ដើរ​តាម​ផ្លូវ​នៅ​ទីក្រុង​កាប៊ុល​។ នៅ​ក្នុង​តំបន់​ Shar-e-Naü (ទីក្រុង​ថ្មី​) ក្មេង​ស្រី​ដែល​ត្រូវ​បាន​រំដោះ​ខ្លួន​ពីរ​បី​នាក់​នៅ​តែ​ស្លៀក​ពាក់​សំពត់​ខ្លី​​ ទោះ​បី​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​ប្រជាជន​អាហ្វហ្កានីស្ថាន​ភាគច្រើន​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​មូស្លីម​​»។ 

Getty Images | Archived Link

តាម​រយៈ​គេហទំព័រ​សារ​ព័ត៌មាន​អន្តរ​ជាតិ​មួយ​ផ្សេង​ទៀត​ The Guardian ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​ទិដ្ឋ​ភាព​រូប​ថត​មួយ​សន្លឹក​​នេះ​ផង​ដែរ​នៅ​លើ​សេច​ក្តី​រាយ​ការណ៍​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១៧​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ The Guardian ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Young women wearing mini-skirts walking down the street in the city of Kabul, 1972. Photograph: Laurence BRUN/RAPHO»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ស្ត្រី​វ័យ​ក្មេង​ស្លៀក​សំពត់​ខ្លី​ដើរ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ នា​ឆ្នាំ​១៩៧២​»។​

The Guardian News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ គឺ​ជា​ទិដ្ឋ​ភាព​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន​​ អំឡុង​ពេល​​ដែល​ពួក​គេ​កំពុង​ដើរ​តាម​ដង​ផ្លូវ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្កានីស្ថាន កាល​ពី​​ឆ្នាំ​១៩៧២កន្លង​មក​។​

Avatar

Title:រូប​ថត​និស្សិត​ជន​ជាតិ​​អាហ្វហ្កានីស្ថាន ត្រូវ​បាន​កាត់​ត​ជា​តា​រា​ចម្រៀង​ស្រី​ខ្មែរ​ ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.