
សំណុំរឿងក្បត់ជាតិរបស់អតីតសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមសវនាការសារជាថ្មីកាលពីពេលថ្មីៗនេះ ដោយស្នើឲ្យជនជាប់ចោទចំនួន៦នាក់ មកបង្ហាញខ្លួននៅសវនាការ ក្នុងនោះក៏មានកញ្ញា សេង ធារី ប្រធានមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងជាសកម្មជនសិទ្ធិមនុស្សមួយរូបផងដែរ។
ទន្ទឹមនឹងនេះ រូបថតមួយសន្លឹកបង្ហាញនូវសកម្មជនសិទ្ធិមនុស្សកញ្ញា សេង ធារី មានពុកមាត់ និងពុកចង្កា ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់។ រូបថតនេះ អាចនឹងត្រូវបានគិតថាជារូបថតពិតដោយមានការចែកចាយបន្តនៅតាមបណ្តាញសង្គមនានា។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន២សន្លឹក បង្ហាញនូវទិដ្ឋភាពកញ្ញា សេង ធារី កំពុងឈរក្នុងឈុតសម្លៀកបំពាក់អប្សរា និងមានពុកមាត់ ពុកចង្កាផងដែរ។ កញ្ញា សេង ធារី ត្រូវបានគេស្គាល់ថាជាស្ថាបនិកមជ្ឈមណ្ឌលអប់រំ ដើម្បីពលរដ្ឋខ្មែរ និងជាសកម្មជនសិទ្ធិមនុស្សដ៏សកម្មមួយរូប។ រូបថតនេះ ត្រូវបានចែកចាយ និងប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរមួយចំនួន។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកបានសរសេររៀបរាប់ថា «តុលាការកម្ពុជា មិនបើកសវនៈការ [សវនាការ] កាត់ក្ដីជំពូកមនុស្សឆ្កួតឡើយ…! មានអ្នកការពារមនុស្សឆ្កួតប្រហែលបរទេសនោះ ជាពេទ្យឆ្កួតដែរហើយ! ហាហាហា»។

ដូចគ្នានេះដែរ រូបថតមួយផ្សេងទៀតបង្ហាញនូវកញ្ញា សេង ធារី មានពុកមាត់ក៏ត្រូវបានបង្ហោះ និងចែកចាយផងដែរកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកបានបង្ហាញនូវរូបកញ្ញា មានពុកមាត់ និងពុកចង្កា។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតមួយសន្លឹកដែលមានទម្រង់ដូចគ្នានេះ ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Washington Post កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។ គេហទំព័រដដែលនេះ បានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា កញ្ញា សេង ធារី បានបង្ហាញខ្លួននៅតុលាការ ក្រុងភ្នំពេញពាក់ព័ន្ធទៅលើសំណុំរឿងក្បត់ជាតិ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Theary Seng, a Cambodian-American lawyer, dressed in a traditional Khmer Apsara dance costume, speaks to media as she arrives to continue her trial in the municipal court in Phnom Penh, Cambodia, Tuesday, Dec. 7, 2021. Seng and over 40 other defendants charged with treason for taking part in nonviolent political activities were summoned back to court Tuesday to continue their trial that had been suspended since November 2020 due to the coronavirus» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «កញ្ញា សេង ធារី ដើមកំណើតខ្មែរ បានស្លៀកពាក់ក្នុងឈុតរបាំអប្សរាប្រពៃណីខ្មែរ និងថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈនាងមកដល់សវនាការនៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។ កញ្ញា សេង ធារី និងជាង៤០នាក់ចុងចោទផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ត្រូវបានកោះហៅត្រឡប់ទៅតុលាការវិញកាលពីថ្ងៃអង្គារ ដើម្បីបន្តការកាត់ក្តីរបស់ពួកគេ ដោយត្រូវបានផ្អាកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារតែជំងឺឆ្លងកូវីដ-១៩កន្លងមក»។

Washington Post News Report | Archived Link
តាមរយៈ គណនីហ្វេសប៊ុករបស់កញ្ញា សេង ធារី បង្ហោះកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ មិនបានបង្ហាញនូវរូបថតរបស់កញ្ញាពុំមានពុកមាត់ និងពុកចង្កាដូចទៅនឹងរូបថតដែលអ្នកប្រើប្រាស់ បានបង្ហោះនោះឡើយ។

ករណីខាងលើ ក៏ត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុកវិទ្យុអាស៊ីសេរីផងដែរ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកវិទ្យុអាស៊ីសេរី បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Human rights activist Theary Seng arrives at a Phnom Penh court dressed as a traditional Apsara dancer. The Cambodian-American is one of 42 opposition activists on trial for incitement and treason against the ruling Hun Sen regime» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សកម្មជនសិទ្ធិមនុស្ស ធារី សេង មកដល់តុលាការក្រុងភ្នំពេញ ដោយស្លៀកពាក់ជាអ្នករាំអប្សរា។ ជនជាតិអាមេរិកដើមកំណើតខ្មែរ គឺជាសកម្មជនមួយរូបក្នុងចំណោមសកម្មជនបក្សប្រឆាំងចំនួន ៤២នាក់ ដែលត្រូវបានកាត់ទោសពីបទញុះញង់ និងក្បត់ជាតិប្រឆាំងនឹងរបបលោក ហ៊ុន សែន»។

Radio Free Asia Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺពុំបានបង្ហាញទិដ្ឋភាពកញ្ញា សេង ធារី ដែលជាសកម្មជនសិទ្ធិមនុស្ស មានពុកមាត់នោះឡើយ។ រូបថតនេះ ត្រូវបានថតឡើងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅពេលកញ្ញាធ្វើដំណើរ ចូលខ្លួនទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញពាក់ព័ន្ធសំណុំរឿងក្បត់ជាតិ។

Title:Fact Check: រូបថតកញ្ញា សេង ធារី មានពុកមាត់ជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
