រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​ជា​ច្រើន​​ទាក់​ទង​ទៅ​នឹង​សង្រ្គាម​​រុស្ស៊ី​-អ៊ុយ​ក្រែន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ជាង ១​ឆ្នាំ​មុន ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ទន្ទឹម​​​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​លោក​ ពូទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ទាហាន​ និង​ដៃ​​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​​នេះ ​ត្រូវ​បាន​កាត់​ត។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ ប្រធានាធិបតី​​​រុស្ស៊ី​ លោក​ ពូទីន​ ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​​​ដៃ​​ជាប់​ខ្នោះ​ផង​ដែរ​​។​

ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ដឹង​ថា​ អា​នេះ​ជា​មនុស្ស​ចង្រៃ​ហើយ​ នៅ​មាន​អា​ភ្លើ​គាំទ្រ​ទៀត​»។​

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ជាមួយ​ការ​អះអាង​ថា មេដឹកនាំ​រុស្ស៊ី លោក ពូទីន ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ពេល​លោក​ធ្វើ​ដំណើរ​បំពេញ​​ទស្សនកិច្ច​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ទីក្រុង​គៀវ។

Twitter | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា និង​ដៃ​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ Alamy ដែល​បញ្ជាក់​ឱ្យ​ដឹង​ថា មិន​មែន​ជា​មេដឹកនាំ​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ដូច​ការ​អះ​អាង​ខាង​លើ​នោះ​ឡើយ។

បើ​តាម​គេហទំព័រ​ដដែល​នេះ បុរស​ដែល​ដៃ​ជាប់​ខ្នោះ​នោះ គឺ​ជា​លោក​ Viktor Medvedchuk ជា​អ្នក​នយោបាយ​អ៊ុយក្រែន​មួយ​រូប​​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​លោក​មាន​ទំនោរ​គាំ​ទ្រ​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ Alamy ដែល​សរសេរ​រៀបរាប់​ថា ភ្នាក់ងារ​សន្តិសុខ​ជាតិ​អ៊ុយក្រែន បាន​ចាប់​ខ្លួន​ លោក Viktor Medvedchuk ដែល​បាន​រត់​គេច​ខ្លួន​នៅ​ក្រោម​ការ​សង្ស័យ​ថា​បាន​ក្បត់​ជាតិ។

Alamy | Archived Link

ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី​រូប​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ផង​ដែរ​នៅ​​សារព័ត៌មាន​អន្ដរជាតិធំៗ​ដូចជា​ សារព័ត៌មាន​អង់គ្លេស BBC និង​សារព័ត៌មាន​អារ៉ាប់ Al Jazeera។ សូម​អាន​ខ្លឹមសារ​លម្អិត​នៃ​សេចក្ដី​រាយការណ៍​របស់ BBC នៅ​ទីនេះ (Archived Link) និង​សេចក្ដី​រាយការណ៍​របស់ Al Jazeera នៅ​ទីនេះ​ (Archived Link)។​

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Al Jazeera អ្ន​កនយោបាយអ៊ុ​យក្រែន​​រូប​នេះ ត្រូ​វបាន​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ​ពី​បទ​ក្បត់ជាតិ​ ​លួច​លក់កិច្ចការ​សម្ងាត់​ខាង​យោ​ធាទៅ​ឱ្យរុស្ស៊ី​ និង​លួចធ​នធានធ​ម្មជាតិនៅ​ក្នុង​ឧ​បទ្វីបគ្រីមេ​ (Crimea)។​ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​ជា​រូបថត​​កាត់​ត​។​ រូប​ថត​ច្បាប់​ដើម​ បង្ហាញ​ពី​ការ​​ចាប់​ខ្លួន​​​លោក​ Viktor Medvedchuk ​ពី​សំណាក់​កម្លាំង​សន្តិសុខ​ពិសេស​អ៊ុយក្រែន។​ អ្នក​នយោបាយ​អ៊ុយក្រែន​រូប​នេះ ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី​នោះ បាន​រត់​គេច​ខ្លួន​ក្រោម​ការ​សង្ស័យ​ថា​បាន​ក្បត់​ជាតិ​ មុន​នឹងត្រូវ​បាន​ចាប់​ខ្លួន។

Avatar

Title:រូប​ថត​លោក​ ពូ​ទីន​ ជាប់​ខ្នោះ​ដៃ​ គឺ​ជា​រូប​ភាព​កាត់​ត​តែ​ប៉ុណ្ណោះ

Written By: Kakada Sim

Result: Altered