Fact Check: រូប​ថត​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ជា​រូប​ថត​កាត់​ត

Altered Political

​សំណុំ​រឿង​​ក្បត់​​ជាតិ​​របស់​​អតីត​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​សវនាការ​សារជាថ្មីកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​​ស្នើ​ឲ្យ​ជន​ជាប់​ចោទ​ចំនួន​៦​នាក់ ​មក​បង្ហាញ​ខ្លួន​នៅ​សវនាការ​ ក្នុង​នោះ​ក៏​មាន​កញ្ញា ​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​សកម្ម​ជន​សិទ្ធិ​មនុស្ស​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ និងពុក​​ចង្កា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​ជា​រូប​ថត​ពិត​ដោយ​មាន​ការ​ចែក​ចាយ​បន្ត​នៅ​តាម​​បណ្តាញ​សង្គម​​នា​នា​​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ​បង្ហាញ​នូវ​ទិដ្ឋ​ភាព​កញ្ញា​ សេង​ ធារី​ កំពុង​ឈរ​ក្នុង​ឈុត​សម្លៀក​បំពាក់​អប្សរា​ និង​មាន​ពុក​មាត់​ ពុក​ចង្កា​ផង​ដែរ​។​ កញ្ញា​ សេង​ ធារី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ​ និង​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែ​ក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​តុលា​ការ​កម្ពុជា​ មិន​បើក​សវនៈការ​ [សវនា​ការ​] កាត់​ក្ដី​ជំពូក​មនុស្ស​ឆ្កួត​ឡើយ​…! មាន​អ្នក​ការពារ​មនុស្ស​ឆ្កួត​ប្រហែល​បរទេស​នោះ​ ជា​ពេទ្យ​ឆ្កួត​ដែរ​ហើយ​! ហាហាហា»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ដែរ​ រូប​ថត​មួយ​ផ្សេង​ទៀត​បង្ហាញ​នូវ​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ផង​ដែរ​កាល​ពីថ្ងៃ​ទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​​បាន​បង្ហាញ​នូវ​រូប​កញ្ញា​ មាន​ពុក​មាត់​ និង​ពុក​ចង្កា។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ The Washington Post កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុងសេចក្តី​រាយការណ៍​របស់​ខ្លួន​ថា​ កញ្ញា​ សេង​ ធារី​ បាន​បង្ហាញ​ខ្លួន​នៅ​តុលា​ការ​ ក្រុង​ភ្នំពេញ​ពាក់​ព័ន្ធ​ទៅ​លើ​សំណុំ​រឿង​​​ក្បត់​​ជាតិ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Theary Seng, a Cambodian-American lawyer, dressed in a traditional Khmer Apsara dance costume, speaks to media as she arrives to continue her trial in the municipal court in Phnom Penh, Cambodia, Tuesday, Dec. 7, 2021. Seng and over 40 other defendants charged with treason for taking part in nonviolent political activities were summoned back to court Tuesday to continue their trial that had been suspended since November 2020 due to the coronavirus»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «កញ្ញា​ សេង​ ធារី​ ដើម​កំណើត​ខ្មែរ​ បាន​ស្លៀក​ពាក់​ក្នុង​ឈុត​របាំ​អប្សរា​ប្រពៃណី​ខ្មែរ​ និង​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ខណៈ​នាង​មក​ដល់​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​។​ កញ្ញា​ សេង​ ធារី​ និង​ជាង​៤០​នាក់​ចុង​ចោទ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ ​ត្រូវ​បាន​កោះ​ហៅ​ត្រឡប់​ទៅ​តុលាការ​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​បន្ត​ការ​កាត់​ក្តី​របស់​ពួក​គេ​ ដោយ​​ត្រូវ​បាន​ផ្អាក​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ២០២០​ ដោយសារ​តែ​ជំងឺ​ឆ្លង​កូវីដ​-១៩​កន្លង​មក​»។​

Washington Post News Report | Archived Link

តាម​រយៈ​ គណនី​ហ្វេស​ប៊ុក​របស់​កញ្ញា​ សេង​ ធារី​ ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ មិន​​បាន​បង្ហាញ​នូវ​រូប​ថត​របស់​កញ្ញា​ពុំ​មាន​ពុក​មាត់​ និង​ពុក​ចង្កា​ដូច​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​ បាន​បង្ហោះ​នោះ​ឡើយ​។​

Facebook Post | Archived Link

ករណី​ខាង​លើ​​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​វិទ្យុ​អាស៊ី​សេរី​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​វិទ្យុ​អាស៊ី​សេរី​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Human rights activist Theary Seng arrives at a Phnom Penh court dressed as a traditional Apsara dancer. The Cambodian-American is one of 42 opposition activists on trial for incitement and treason against the ruling Hun Sen regime»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «សកម្មជន​​សិទ្ធិ​​មនុស្ស​ ធារី​ សេង​ មក​​ដល់​​តុលា​ការ​​ក្រុង​​ភ្នំពេញ​ ដោយ​​ស្លៀក​ពាក់​​ជា​​អ្នក​​រាំ​​អប្សរា​។ ជន​ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ គឺ​ជា​សកម្ម​ជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​ ៤២​នាក់​ ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះ​ញង់​ និង​ក្បត់​ជាតិ​ប្រឆាំង​នឹង​របប​លោក​ ហ៊ុន​ សែន​​»​។​

Radio Free Asia Link | Archived Link

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​កញ្ញា​ សេង​ ធារី​ ដែល​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​​ មាន​ពុក​មាត់​នោះ​ឡើយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ថត​ឡើង​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ នៅ​ពេល​​កញ្ញាធ្វើ​ដំណើរ​ ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ពាក់​ព័ន្ធ​សំណុំ​រឿង​ក្បត់​ជាតិ​។​​

Avatar

Title:Fact Check: រូប​ថត​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ជា​រូប​ថត​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.