បន្ទាប់​ពី​បាត់​មុខ​ពី​លោក ជុន ច័ន្ទបុត្រ បាន​បាត់​មុខ​ពី​​កម្មវិធី​ផ្សាយ​អស់​រយៈ​ពេលមួយ​ខែ​មក​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា នាយក​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​នៃ​វិទ្យុ​អាស៊ី​សេរី​រូប​នេះ បាន​លាក​ចាក​លោក​ហើយ​ដោយសារ​ជំងឺ​មហារីក។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​សប្ដាហ៍​នេះ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​ចោទ​សួរ​ថា តើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយដែល​កំពុង​តែ​ល្បី​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា នាយក​គ្រប់​គ្រង​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ​ដោយសារ​តែ​ជំងឺ​មហារីក។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត និង​ទទួល​បាន​ប្រតិកម្ម​ចម្រុះ​បែប ព្រម​ទាំង​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នៅថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ ដែល​រៀបរាប់​ថា “សូម​វិញ្ញាណ​ក្ខន្ធ​លោក​ពូ​ទៅ​កាន់​សុខ​គតិ​ភព RIP សូម​លោក​ ជុន ច័ន្ទបុត្រ បុគ្គលិក​វិទ្យុ​អាស៊ី​សេរី RFA Khmer បាន​ស្លាប់​មុន​នេះ​បន្តិច​នៅ​មន្ទីរ​ពេទ្យ​សហរដ្ឋ​អាមេរិក​ដោយសារ​ជំងឺ​មហារីក”។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ​ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​នាក់​ជា​សមាជិក​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ដែល​ត្រូវ​បាន​គេ​ចែក​រំលែក​ចូល​ទៅ​ក្នុងក្រុម​បណ្ដាញ​សង្គម​មួយ​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យក​ទៅ​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​ដំណឹង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​បន្ត​នូវ​ការ​អះអាង​នេះ ហើយ​ចោទ​សួរថា “តើ​ជា​ការ​ពិត​ទេ?” ដោយ​បញ្ជាក់​ថា ដំណឹង​នេះ​បាន​មក​ពី​ទំព័រ​ហ្វេសប៊ុ​កខាង​លើ។

Facebook Post | Archived Link

គេ​អាច​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅទីនេះ (archived), (archived), (archived), (archived),។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​សម្ភាស​ជាមួយ​ប្រភព​ជិត​ស្និទ្ធ​នឹង​លោក ជុន ច័ន្ទបុត្រ និង​ពិនិត្យ​មើល​ការ​បក​ស្រាយ​ណា​មួយ​ពី​ខាង​វិទ្យុ​អាស៊ី​សេរី ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ការ​អះអាង​ខាង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​ដាក់​ឈ្មោះ​ថា “ព័ត៌មាន​កម្លាំង​ជាតិ” ហើយ​ទំព័រ​ហ្វេសប៊ុក​នេះ​បាន​ដាក់​តាំង​ស្លាក​សញ្ញា​គណបក្ស​កម្លាំង​ជាតិ​នៅ​ក្នុង​ប្រូហ្វាល​របស់​ខ្លួន។

ឆ្លើយ​តប​មក​កាន់​ Fact Crescendo Cambodia តាម​តេឡេក្រាម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី បាន​បដិសេធ​នូវ​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​នេះ ដោយ​លោក​ថា ទំព័រ​ហ្វេសប៊ុក​មួយ​នេះ មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ក្រុម​ព័ត៌មាន​របស់​គណបក្ស​លោក​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​បញ្ជាក់​របស់​លោក ជា មុនី មក​កាន់ Fact Crescendo Cambodia តាម​រយៈ​បណ្ដាញ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

Archived Link

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​មួយនេះ បាន​បញ្ជាក់​ថា គណបក្ស​បាន​គ្រប់​គ្រង​លើ​ទំព័រ​ហ្វេសប៊ុក​ចំនួន ២ ដែល​មាន​ឈ្មោះ​​ “គណបក្ស កម្លាំង​ជាតិ​ - Nation Power Party” និង​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ “គណៈកម្មាធិការ​ប្រតិបត្តិ​ គណបក្ស​កម្លាំង​ជាតិ”។

លោក ជុន ច័ន្ទបុត្រ បាន​បង្ហាញ​វត្តមាន​របស់​លោក​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ បន្ទាប់​ពី​លោក​បាត់​មុខ​ពី​កម្មវិធី​ផ្សាយ​អស់​រយៈ​ពេល ១​ខែ​មក​ហើយ​នោះ។

ក្នុង​កម្មវិធី​ផ្សាយ​នោះ លោក ច័ន្ទបុត្រ បាន​បង្ហាញ​ស្លាក​ស្នាម​នៃ​ការ​វះ​កាត់​នៅ​លើ​បំពង់​ក​របស់​លោក ហើយ​ថ្ពាល់​ខាង​ស្ដាំ​របស់​លោក​ហើម​នៅ​ឡើយ ហើយ​លោក​បញ្ជាក់​ថា លោក​ស្រក​សាច់​អស់ ១៤​គីឡូក្រាម បន្ទាប់​ពី​វះកាត់។

មេ​គ្រប់​គ្រង​ការ​ផ្សាយ​ជា​ភាសា​ខ្មែរ​នៃ​វិទ្យុ​អាស៊ី​សេរី​រូប​នេះ បាន​បញ្ជាក់​ថា លោក​នឹង​ត្រឡប់​មក​កាន់​កម្មវិធី​ផ្សាយ​វិញ​នៅ​ថ្ងៃ​សុក្រ​​ក្នុង​សប្ដាហ៍​នេះ។

RFA Khmer | Archived Link

កាល​ពី​សប្ដាហ៍​មុន ក៏​មាន​ការ​អះអាង​មួយ​ទៀត​ថា លោក ជុន ច័ន្ទបុត្រ បាន​ទទួល​មរណភាព​ហើយ​ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​នោះ​ ក៏​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ដែរ។ សូម​អាន​លម្អិត​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក ជុន ច័ន្ទបុត្រ បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ដែល​បញ្ជាក់​ថា សុខភាព​លោក​កំពុង​វិវត្តទៅ​រក​ភាព​ប្រក្រតី បន្ទាប់​ពី​លោក​ទទួល​ការ​វះ​កាត់​ជំងឺ​មហារីក​បំពង់​ក។

Avatar

Title:មេ​វិទ្យុ​អាស៊ី​សេរី​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ផ្សាយ​ក្រោយ​មាន​ការ​អះអាង​ថា​លោក​ស្លាប់

Written By: Jay Udom

Result: False