
នាយកការផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ បានអវត្តមានពីកម្មវិធីផ្សាយប្រចាំថ្ងៃរបស់វិទ្យុនេះអស់រយៈពេលប៉ុន្មានសប្ដាហ៍មកហើយ ដើម្បីទទួលការព្យាបាលសុខភាពរបស់។ អំឡុងលោកអវត្តមានបែបនេះ មានការអះអាងមួយនៅលើបណ្ដាញសង្គមលើកឡើងថា លោកបានទទួលមរណភាពហើយ ក្រោយទទួលការវះកាត់។ ការអះអាងនេះ ត្រូវបានគេចែករំលែកក្នុងក្រុមបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ បានទទួលមរណភាពហើយ បន្ទាប់ពីលោកទទួលការវះកាត់នៅឯក្រៅប្រទេស។
ការអះអាងនេះ ត្រូវបានគេចែករំលែកបន្តចូលទៅក្នុងក្រុមបណ្ដាញសង្គមចដែលមានគណនីហ្វេសប៊ុកជាច្រើនជាសមាជិក ហើយទទួលបានប្រតិកម្មជាច្រើន និងមតិយោបល់ចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពទាំងស្រុងផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា «ជុន ចាន់បុត្រ ត្រូវបានស្លាប់ ក្រោយពីទទួលបានការវះកាត់នៅក្រៅប្រទេស គួររម្លឹកផងដែរ បុគ្គលឆ្នើមខាងបំពុលសង្គមកម្ពុជារូបនេះ បានយកបរទេសជាចៅហ្វាយផ្សាយស៊ីឈ្នួលបរទេស យកប្រទេសជាតិខ្លួនមកជាន់ឈ្លី គ្រប់ទម្រង់រូបភាព ដើម្បីតែញុះញង់ និងបំផ្លាញដំណើរទៅមុខរបស់កម្ពុជា ស្របតាមអ្វីដែលបរទេសចង់បាន នេះជាសារដាស់តឿនភ្ញាក់ខ្លួនឡើងពួកលក់ខួរស៊ីឈ្នួលបរទេសទាំងឡាយ កុំចាំដល់ងាប់ដូចបុគ្គលរូបនេះទើបនឹកស្ដាយក្រោយចោលឆ្អឹងស្រុកគេ»។

ការអះអាងដដែលនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដដែល ចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមមួយទៀត ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺននាក់ជាសមាជិកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលត្រូវបានចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមមួយ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការសម្ភាសជាមួយប្រភពជិតស្និទ្ធនឹងលោក ជុន ច័ន្ទបុត្រ និងពិនិត្យមើលការបកស្រាយណាមួយពីខាងវិទ្យុអាស៊ីសេរី ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
សារដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យុអាស៊ីសេរីភាសាខ្មែរកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ជុន ច័ន្ទបុត្រ ដែលជានាយករងវិទ្យុអាស៊ីសេរី (RFA) ទទួលបន្ទុកការផ្សាយជាភាសាខ្មែរ ត្រូវសម្រាកពីការងាររបស់លោកមួយរយៈ ដើម្បីទទួលការវះកាត់បំពង់ក។
នៅចុងបញ្ចប់នៃកម្មវិធីជជែកពិភាក្សារបស់ខ្លួន លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់ប្រាប់ប្រិយមិត្តថា លោកត្រូវសម្រាកពីការងារចន្លោះពី ១ខែ ទៅ ២ខែ មុននឹងវិលត្រឡប់មកកាន់កម្មវិធីវិញ។
បន្ទាប់មកទៀត លោក សំ ប៉ូលីន ដែលជាដៃគូសន្ទនាជាមួយលោក ជុន ច័ន្ទបុត្រ នៃកម្មវិធីជជែកគ្នានោះ បាននិយាយជូនពរដល់លោក ច័ន្ទបុត្រ ឱ្យមានសំណាងល្អសម្រាប់ដំណើរការវះកាត់។

អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក យ៉ង ចាន់ដារ៉ា ដែលជាអ្នកសម្របសម្រួលកម្មវិធីផ្សាយប្រចាំថ្ងៃនោះ បានបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ បានចូលមន្ទីរពេទ្យនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដើម្បីទទួលការវះកាត់។
(From 00:07:20 to 00:08:02)
២០ថ្ងៃក្រោយ លោក យ៉ង ចាន់ដារ៉ា បាននិយាយនៅក្នុងកម្មវិធីផ្សាយប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីថា ស្ថានភាពសុខភាពលោក ជុន ច័ន្ទបុត្រ បានល្អប្រសើរច្រើនហើយ ហើយលោកនឹងវិលត្រឡប់ទៅកាន់កម្មវិធី Podcast របស់វិទ្យុមួយនេះនៅសប្ដាហ៍ក្រោយនេះ។
សូមទស្សនាវីដេអូកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីនាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមផងដែរ។
(From 00:36:45 to 00:37:20)
ឆ្លើយតបនឹង Fact Crescendo Cambodia នៅសប្ដាហ៍នេះតាមរយៈសារបណ្ដាញសង្គមនោះ ប្រភពម្នាក់ដែលជិតស្និទ្ធនឹងលោក ជុន ច័ន្ទបុត្រ បានច្រាននូវការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុក ដោយនិយាយថា សុខភាពលោក ច័ន្ទបុត្រ បានល្អប្រសើរច្រើនហើយ។
ប្រភពដដែលនេះ បានបន្ថែមទៀតថា លោក ជុន ច័ន្ទបុត្រ អាចចូលរួម និងជជែកក្នុងកិច្ចប្រជុំប្រចាំថ្ងៃរបស់ក្រុមអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីផងដែរ ដោយសំឡេងរបស់គាត់មិនបានប្រែប្រួលនោះឡើយ។
ទោះជាយ៉ាងណា លោក ជុន ច័ន្ទបុត្រ ពុំបានឆ្លើយតបនឹង Fact Crescendo Cambodia ដែលព្យាយាមស្នើសុំជជែកផ្ទាល់ជាមួយលោកតាមរយៈបណ្ដាញទំនាក់ទំនងសង្គម។
Fact Crescendo Cambodia ក៏ពុំអាចស្វែងរកការបញ្ជាក់ពីវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យដែលផ្ដល់ការវះកាត់ និងព្យាបាលលោក ជុន ច័ន្ទបុត្រ នោះឡើយ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះបន្ថែមទៀតនៅពេលលោក ជុន ច័ន្ទបុត្រ វិលត្រឡប់មកបង្ហាញវត្តមានដល់ប្រិយមិត្តឡើងវិញនៅសប្ដាហ៍ក្រោយ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អ្នកសម្របសម្រួលការផ្សាយរបស់វិទ្យុអាស៊ីសេរី បានបញ្ជាក់ថា សុខភាពរបស់លោក ជុន ច័ន្ទបុត្រ កាន់តែល្អប្រសើរច្រើនហើយ និងត្រៀមវិលត្រឡប់ទៅកាន់កម្មវិធីផ្សាយវិញនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីទទួលបានការវះកាត់ប្រកបដោយជោគជ័យ។

Title:អ្នកសម្របសម្រួល RFA បញ្ជាក់ថា សុខភាពមេវិទ្យុមួយនេះបានល្អប្រសើរច្រើនហើយ
Written By: Jay UdomResult: Misleading