Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

Altered Political

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ឥណ្ឌូចិន ក្រោម​អាណានិគម​យួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា រូបថត​នេះ គឺ​ជា​រូបថត​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថត​ជាមួយ​មេដឹកនាំ​វៀតណាម។

រូបថត​ព្រម​ជាមួយសំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​​មួយ​ឈ្មោះ​ថា ផុស​ដោយ​សេរី (Free Post) ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​ចោទ​សួរ​ថា «តើ​ពិត​ទេ?» និង​រូបថត​មួយ​សន្លឹក​​មាន​សំណេរ​សរសេរ​ថា «នេះ​ជា​រូបថត​ពិត​ សាមហ៊ាង ​ហៅ​ ប៊ុន រ៉ានី កាល​មាន​ផ្ទៃ​ពោះ​ជាមួយ ​ឡេ ឌឹកថរ»។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ទូរទស្សន៍​ពន្លឺ​មនសិកា​ជាតិ 7 TV បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០​កន្លង​មក​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក ទូរទស្សន៍​ពន្លឺ​មនសិកា​ជាតិ 7 TV ដែល​សរសេរ​រៀបរាប់​ថា៖

«រូបភាព​ដ៏​កម្រ​មួយ

——————-

នេះ​គឺ​ជា​រុបថត​របស់ សាម ហ៊ាង បច្ចុប្បន្ន​ឈ្មោះ ប៊ុន រ៉ានី ថត​ជាមួយ​ប្ដី​ដើម​ឈ្មោះ ឡេ ដឹកថ ដែល​កំពុង​មាន​ផ្ទៃ​ពោះ ហើយ​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ គឺ​ជា ឡេ ដឹកថុង ដែល​បច្ចុប្បន្ន​ឈ្មោះ ហ៊ុន ម៉ាណែត»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​រូបថត​ច្បាប់​ដើម។

រូបថត​ច្បាប់​ដើម ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា «ខ្មែរ​ដើម្បី​ខ្មែរ» ដែល​បាន​បង្ហោះ​កាល​ពីដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២០​កន្លង​មក​នេះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ផ្ដល់​រូបថត​ផ្សេង​ទៀត ដើម្បី​ប្រៀប​ធៀប​គ្នា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ «ខ្មែរ​ដើម្បី​ខ្មែរ» ដែល​បាន​សរសេរ​រៀបរាប់​ថា «អ្វី​ដែល​ប្រជាជន​កម្ពុជា​សោក​ស្ដាយ​បំផុត​ចំពោះ​អ្នក​នយោបាយ​ដែល​តែង​តែ​កាត់​ត​រូបភាព ដើម្បី​ធ្វើការ​លាប​ពណ៌​ទៅ​ភាគី​ម្ខាង​ទៀត។ ដែល​សកម្មភាព​ទាំង​នេះ ជា​អំពើ​ដ៏​អាក្រក់​បំផុត​មិន​សម​ធ្វើ​ជា​អ្នក​នយោបាយ​នោះ​ទេ»។

Facebook Post | Archived Link

Fact Crescendo Cambodia បាន​ស្វែង​រក​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ជុំ​វិញ​រូបថត​នេះ​តាម​រយៈ​ការ​សាក​សួរ​ ទៅ​លោក ដួង តារា ជំនួយ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម។ លោក ដួង តារា បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា តាម​តេឡេក្រាម​ថា រូបថត​មួយ​សន្លឹក គឺ​ពិត​ជា​រូបថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក គឺ​អ្នក​ស្រី ប៊ុន រ៉ានី។ ប៉ុន្តែ លោក​ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ដូចជា កាល​បរិច្ឆេទ និង​ទីតាំង​របស់​រូបថត​នោះ​នៅ​ឡើយ​ទេ។

រូបថត​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក ត្រូវ​បាន​រក​ឃើញ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពីដើម​ខែ​សីហា​កន្លង​មក​នេះ Fact Crescendo Cambodia បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ស្ថិត​នៅ​លើ​ជញ្ជាំង​នៃ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត។

កាល​ពី​ខ្ទង់​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​មក Fact Crescendo Cambodia​ បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​ទៀត ដែល​បង្ហាញ​អ្នកស្រី ប៊ុន រ៉ានី ឈរ​ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម ហើយ​រក​ឃើញ​ថា រូបថត​ច្បាប់​ដើម គឺ​ជា​រូបថត​លោក ហ៊ុន សែន ថត​ជាមយយ​ភរិយា​របស់​លោក។

បន្ទាប់​ពី​ទទួល​បាន​នូវ​រូបភាព​កាត់ត​មួយ​ចំនួន លោក ដួង តារា បាន​ឱ្យ​ដឹង​ផង​ដែរ​ថា លោក​បាន​ផ្ញើ​រូបថត​កាត់​ត​ទាំង​នោះ​ទៅ​នគរបាល​ជាតិ ដើម្បី​ត្រួត​ពិនិត្យ និង​មាន​ចំណាត់​ការទៅ​លើ​អ្នក​កាត់​ត​រូបភាព និង​ចែក​ចាយ​រូបភាព​កាត់​ត​ទាំង​នោះ។

Fact Crescendo Cambodia នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​រូបថត​មួយ​សន្លឹក​នេះ នៅ​ពេល​មាន​ការ​បញ្ជាក់​បន្ថែម​ទៀត​ពី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​អះ​អាង​ដូច​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ច្បាប់​ដើម​នៃ​រូបថត​នេះ គឺ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថត​រូប​រួម​គ្នា​ជាមួយ​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី។

Avatar

Title:តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.