Fact-Check: តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

False Political

ប្រវត្តិសាស្ត្រ​កម្ពុជាវៀតណាម តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារឿយៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា ដែល​រស់នៅ​វៀតណាម​ខាង​ត្បូង​សព្វថ្ងៃ​នេះ។ រូបថត​ជាមួយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្មែរ​កម្ពុជា​ក្រោម​ស្រឡាញ់​ទឹក​ដី​កេរ្តិ៍​ដូនតា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​ស្មូនមនុស្ស​ស្ថិត​ក្នុង​សម្លៀក​បំពាក់​កង​ទ័ព ហើយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​មនុស្ស។

ទំព័រហ្វេសប៊ុក​ដដែល អះអាង​ថា រូប​ស្មូន​នេះ គឺ​បង្ហាញ​ពី​ទង្វើ​ទារុណកម្ម​ដែល​ទាហាន​វៀតណាម​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម នៅ​ភាគ​ត្បូង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ។

រូបថតជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​ខាង​លើ ដែល​សរសេរ​រៀបរាប់​ថា «ប្រវត្តិសាស្ត្រ​អា​យួន​ធ្វើ​បាប​ខ្មែរ កូន​ចៅ​គ្រប់​ជំនាន់ គួរ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ មួយ​ណា​ជា​មិត្ត មួយ​ណា​ជា​សត្រូវ​ស៊ូ​ពូ សូម​យល់​បាន​ច្បាស់ កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​កុហក​យើង​បាន​ណា»។

Facebook Post | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្ដើម​​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត និង​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត Yandex ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​រូបថត​មួយ​សន្លឹក​នេះ និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ​ផង​ដែរ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​វៀតណាម Zing News នៅ​ក្នុង​អត្ថបទ​មួយ​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៤​កន្លង​មក​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​រូបថត​ជា​ច្រើន​សន្លឹក​ទៀត ដែល​និយាយ​អំពី​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​មួយ ដែល​គេ​ហៅថា ពន្ធនាគារ​ដើម​ដូង ស្ថិត​នៅ​លើ​កោះ​ភូកុក ឬ​កោះ​ត្រល់។

បើ​តាម​អត្ថបទ​សារព័ត៌មាន​នេះ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូប​ស្មូន​​ដែល​បង្ហាញ​ពី​​ទាហាន​ម្នាក់​ ចាប់​ជ្រមុជ​អ្នក​ជាប់​ឃុំ​ម្នាក់​នៅ​ក្នុង​ទឹក​នៃ​ធុង​សាំង​មួយ ហើយ​ទាហាន​ម្នាក់​ទៀត​គោះ​ធុង​សាំង​នោះ ដើម្បី​​ធ្វើ​ឱ្យ​អ្នក​ជាប់​ឃុំ​នោះ​ឈ្លក់​ទឹក និង​បែក​ក្រដាស​ត្រចៀក។ អំពើ​ទារុណកម្ម​នេះ បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៩៦៧ ដល់​ឆ្នាំ​១៩៧៣ អំឡុង​សង្គ្រាម​វៀតណាម។

Zing News | Archived

ពន្ធនាគារ​ដើម​ដូង

គេហ​ទំព័រ​ Phu Quoc Prison បាន​ឱ្យ​ដឹង​ថា ពន្ធនាគារ​ដើម​ដូង ត្រូវ​បានរៀបចំ​ឱ្យ​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​មួយ​ដ៏​សំខាន់​នៅ​លើ​កោះ​ភូកុក ឬ​កោះ​ត្រល់ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក ឬ ២១​ឆ្នាំ​ក្រោយ​ពី​ពន្ធនាគារ​មួយ​នេះ ត្រូវ​បាន​បិទ​ទ្វារ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ក្រុង​សៃហ្គន ឬ​រដ្ឋាភិបាល​វៀតណាម​ខាង​​ត្បូង។

គេហទំព័រ​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ពន្ធនាគារ​នេះ ត្រូវ​បាន​សាង​សង់​ដំបូង​ដោយ​រដ្ឋបាល​អាណានិគម​បារាំង​នៅ​ចន្លោះ​ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៥០ ដើម្បី​ធ្វើ​ជា​កន្លែង​ឃុំ​ឃាំង​ក្រុម​អ្នក​ប្រឆាំង​នឹង​របប​អាណានិគម​បារាំង​នា​ពេល​នោះ។

នៅ​អំឡុង​សង្គ្រាម​វៀតណាម រដ្ឋបាល​វៀតណាម​ខាង​ត្បូង​ដែល​គាំ​ទ្រដោយ​សហរដ្ឋ​អាមេរិក បាន​​ប្រើ​ប្រាស់​ទីតាំង​នេះ​ធ្វើ​ជា​ពន្ធនាគារ​សម្រាប់​ឃុំ​ខ្លួន​ទាហាន​វៀតណាម​ខាង​ជើង ឬ​ពួក​កុម្មុយនីស្ត។

ស្ថិត​នៅ​លើ​កោះ​ភូកុក ឬ​កោះ​ត្រល់ ពន្ធនាគារ​នេះ​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ ៤០០​ហិកតា ហើយបាន​ឃុំ​ខ្លួន​មនុស្ស​រហូត​ដល់ ៤០,០០០​​នាក់ ក្នុង​នោះ​មាន​ទាំង​ទាហាន​កុម្មុយនីស្ត​ជាង ៣២,០០០​នាក់ និង​អ្នក​ទោស​នយោបាយ​ផង​ដែរ។

អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នេះ បាន​រង​នូវ​ទារុណកម្ម​ជាច្រើន​ប្រភេទ ដូចជា ដក​ធ្មេញ ដក​ក្រចក​ដៃ​ជើង ជ្រមុជ​ទឹក ដាក់​លើ​ខ្ទះ​ទឹក​ក្ដៅ ដាក់​ក្នុង​ទ្រុង​ខ្លា ជាដើម។

ត្រូវ​បាន​រក​ឃើញ​​នៅ​លើ​គេហទំព័រ​មួយ​ឈ្មោះ​ថា http://phuquocprison.org/ ដែល​បរិយាយ​អំពី​ប្រវត្តិ​នៃ​ពន្ធនាគារ​ភូកុក ឬ​ពន្ធនាគារ​ស្ថិត​នៅ​លើ​កោះ​ត្រល់។ រូបថត​មួយ​សន្លឹក​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​រូបថត​ជាច្រើន​សន្លឹក​ទៀត ដែល​បង្ហាញ​ពី​រូប​ស្មូន​ឡើង​វិញ​រំលឹក​ដល់​ទៅ​ទារុណកម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​អតីត​ពន្ធនាគារ​មួយ​នេះ។

បើ​តាម​គេហទំព័រ Phu Quoc Prison ទារុណកម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នេះ បាន​កើត​ឡើង​នៅ​ក្រោម​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង ដែល​បាន​រៀបចំ​ពន្ធនាគារ​នេះ​ឡើង​សម្រាប់​ដាក់​ឃុំ​អ្នក​ទោស​នយោបាយ និង​ក្រុម​ចលនា​កុម្មុយនីស្ត​នៃ​រដ្ឋាភិបាល​វៀតណាម​ខាង​ជើង​នៅ​អំឡុង​សង្គ្រាម​វៀតណាម។

Phu Quoc Prison | Archived

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការអះ​អាង​លើ​រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​រូប​ស្មូន​ដែល​រំលឹក​ទៅ​ដល់​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំ​ជា​ទាហាន​កុម្មុយនីស្ត និង​អ្នក​ទោស​នយោបាយ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​សន្តិសុខ​ពន្ធនាគារ​នៅ​ក្រោម​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង អំឡុង​សង្គ្រាម​វៀតណាម។

Avatar

Title:តើ​រូបថត​នេះ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​របស់​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.